ប្រវត្តិនៃកាបូប “Randoseru” ដែលសិស្សសាលាជប៉ុនចូលចិត្តស្ពាយ
ចំណុចមួយដែលធ្វើឲ្យភ្ញៀវទេសចរណ៍បរទេសចាប់អារម្មណ៍ពេលទៅដល់ជប៉ុនគឺទិដ្ឋភាពសិស្សបឋមសិក្សាស្ពាយកាបូបស្បែកដែលគេហៅថា “Randoseru” នេះ។
សម្រាប់គ្រួសារប្រជាជនជប៉ុន កាបូប Randoseru គឺជាអំណោយដ៏មានអត្ថន័យដែលតាយាយជូនចៅរបស់ខ្លួនពេលចូលរៀនថ្នាក់ទីមួយ។ ស្ទើរតែ ១០០% សិស្សសាលាបឋមសិក្សាប្រើកាបូបស្ពាយនេះសម្រាប់ទុកសៀវភៅ និងសម្ភារៈសិក្សា។
ថ្វីត្បិតតែ ការប្រើប្រាស់កាបូបស្ពាយ Randoseru មិនត្រូវបង្ខំតាមច្បាប់ ឬបទប្បញ្ញត្តិរបស់សាលាក៏ដោយ ប៉ុន្តែកាបូបស្ពាយនេះនៅតែជាជម្រើសរបស់គ្រួសារប្រជាជនជប៉ុន។ ម្យ៉ាងវិញទៀត ទោះបីជាកាបូបស្បែកនេះប្រើបានយូរ ប៉ុន្តែបែរជាធ្ងន់។
ក្រឡេកទៅមើលសិស្សសាលាបឋមសិក្សាជប៉ុនស្ពាយកាបូប Randoseru នៅលើស្មា មនុស្សជាច្រើនតែងឆ្ងល់ថា “តើនេះជា “ការដាក់ទណ្ឌកម្ម” លើរូបរាងកាយតូចដែរទេ?”
យ៉ាងណាមិញ ហេតុអ្វីបានជាកាបូបស្ពាយ Randoseru បែរជាពេញនិយមបែបនេះ? ចូរយើងស្វែងយល់ពីអាថ៌កំបាំងនេះតាមរយៈទស្សនៈប្រវត្តិសាស្ត្រ។
ការបំផុសគំនិតដំបូងបានមកពីរបស់របរយោធា
តើអ្នកដឹងទេថា Randoseru គឺជាពាក្យដែលមានប្រភពមកពីភាសាហូឡង់ដែរទេ?
នៅលើសមរភូមិជាកន្លែងដែលគ្រប់ពេលអាចបញ្ចប់ជីវិតរបស់មនុស្សម្នាក់ ពិតជាសំខាន់ខ្លាំងណាស់ព្រោះដៃប្រើសម្រាប់ប្រយុទ្ធ ដូច្នេះការដែលស្ពាយកាបូបក្រោយខ្នងគឺជារឿងធម្មតាណាស់។
ដោយយល់អំពីសារៈសំខាន់របស់កាបូបស្ពាយក្នុងសង្គ្រាម គេបានផលិតកាបូបពីស្បែកដែលប្រើប្រាស់បានយូរ។
ព្រោះតែអត្ថប្រយោជន៍ទាំងនេះហើយ ទើបជប៉ុនចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ Randoseru ក្នុងយោធា ដែលជាជំហានសំខាន់ឆ្ពោះទៅរកដំណើរការទំនើបកម្មយោធា។
Randoseru ត្រូវបានដាក់បញ្ចូលក្នុងសាលា
នៅឆ្នាំ ១៨៨៥ កាបូប Randoseru ត្រូវបានគេប្រើដំបូងនៅសាលាដែលមានឈ្មោះថា Gakushuin ។
នៅពេលនោះ នាយកសាលាគឺលោក Tani Tateki ជាបុគ្គលម្នាក់ដែលមានឥទ្ធិពលក្នុងការលើកកម្ពស់កម្លាំងយោធាក្នុងរដ្ឋាភិបាល។ លោកមើលឃើញពីគុណសម្បត្តិរបស់ Randoseru ហើយយល់ថា កាបូបស្ពាយនេះនឹងនាំមកនូវអត្ថប្រយោជន៍ដល់សិស្ស។
ដោយបទពិសោធន៍របស់ខ្លួន លោក Tani Tateki អាចយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ដែល Randoseru នាំមក។
និយាយអញ្ចឹង ខ្ញុំក៏ចង់ណែនាំបន្តិចអំពីសាលា Gakushuin ផងដែរ។ ដំបូងសាលានេះត្រូវបានបង្កើតនៅ Kyoto ហើយជាសាលាសម្រាប់សមាជិកនៃគ្រួសាររាជវង្ស។
ថ្វីត្បិតតែ ក្រោយមកសាលាបានប្តូរទៅកាន់ទីក្រុង Tokyo ប៉ុន្តែសព្វថ្ងៃកូនៗនៃគ្រួសាររាជវង្សនៅតែរៀននៅសាលានេះ។
Randoseru កាន់តែពេញនិយមសម្រាប់ប្រជាជនធម្មតា
ដោយសារផលិតពីស្បែកបានជា Randoseru ក្លាយជារបស់ប្រើលំដាប់ខ្ពស់។ ជាការពិតណាស់ មានតែអ្នកមានទេដែលសមត្ថភាពទិញកាបូបនេះ ចំណែកសិស្សភាគច្រើនប្រើកាបូបក្រណាត់ ឬក្រណាត់រុំ Furoshiki (風呂敷) ។
Furoshiki គឺជាក្រណាត់ធំប្រើសម្រាប់រុំរបស់របរ អាចវេចនៅលើស្មា ឬកាន់ដៃ។ នៅពេលនោះ Randoseru បានក្លាយជាក្តីស្រមៃរបស់សិស្សជាច្រើននាក់។
យូរៗទៅជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាផលិតស្បែកសិប្បនិម្មិត ជួយកាត់បន្ថយតម្លៃទិញ Randoseru ហើយប្រជាជនធម្មតាក៏អាចរកទិញបានយ៉ាងងាយផងដែរ។
កាលពីមុន Randoseru ត្រូវគេចាត់ទុកជានិមិត្តរូបនៃទ្រព្យសម្បត្តិ ជាមួយនឹងទស្សនៈ “Randoseru = កូនអ្នកមាន” ។
ដូច្នេះហើយ នៅពេលដែលតម្លៃ Randoseru ធ្លាក់ចុះ ឪពុកម្តាយជាច្រើនចង់ឲ្យកូនៗរបស់ខ្លួនអាចប្រើកាបូបក្នុងក្តីស្រមៃនេះ ដែលបណ្តាលឲ្យតម្រូវការកើនឡើង ហើយ Randoseru កាន់តែពេញនិយម។
Randoseru ចម្រុះពណ៌
កាលពីជាង ៤០ ឆ្នាំមុន នៅពេលដែលខ្ញុំនៅរៀនសាលាបឋមសិក្សា ពណ៌កាបូប Randoseru សាមញ្ញណាស់៖ ក្មេងប្រុសប្រើពណ៌ខ្មៅ ក្មេងស្រីប្រើពណ៌ក្រហម។
បងស្រីរបស់ខ្ញុំលើសខ្ញុំ ៣ ឆ្នាំ ដោយមូលហេតុណាមួយបែរជាមានកាបូប Randoseru ពណ៌ផ្កាឈូក។ ប៉ុន្តែក្នុងចំណោមសិស្សក្នុងសាលា មានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលមានកាបូបពណ៌ខុសគ្នាបែបនេះ។
ប៉ុន្តែសព្វថ្ងៃនេះ សម័យកាលបានផ្លាស់ប្តូរ សិស្សអាចជ្រើសរើសពណ៌កាបូប Randoseru ខុសៗគ្នាដូចជាពណ៌លឿង បៃតង ខៀវ ផ្កាឈូក ស។ល។
កូនស្រីរបស់ខ្ញុំរើសយកពណ៌ខៀវ។ កាបូបមានច្រើនពណ៌បង្ហាញពីបុគ្គលិកលក្ខណៈរបស់កុមារ ពិតជាល្អណាស់។ យ៉ាងណាមិញ ខ្ញុំនៅតែមិនយល់ថាហេតុអ្វីបានជាពីមុនកាបូប Randoseru មានពណ៌ខ្មៅ និងក្រហម។
ឯកសណ្ឋាននាវិកផ្សារភ្ជាប់នឹងរូបភាពរបស់សិស្សជប៉ុន
ក្រៅពីលក្ខណៈវប្បធម៌ពិសេស ជប៉ុនថែមទាំងផ្សារភ្ជាប់នឹងទិដ្ឋភាពសិស្សស្លៀកឯកសណ្ឋាននាវិក។
ដូចដែលមនុស្សជាច្រើនបានដឹងហើយថា ឯកសណ្ឋាននាវិកត្រូវបានបំផុសគំនិតដោយសម្លៀកបំពាក់របស់នាវិកកងនាវាចរអង់គ្លេស។
កអាវធំត្រូវបានរចនាឡើងដើម្បីជួយឲ្យនាវិកងាយស្តាប់ឮសំឡេងនិយាយគ្នានៅលើកប៉ាល់ដែលមានសម្លេងរំខាន ចំណែកឯកន្សែងរុំកត្រូវគេចាត់ទុកថាប្រើសម្រាប់ជូតញើស។
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលដឹងថា មនុស្សដំបូងដែលពាក់ឯកសណ្ឋាននាវិកនៅជប៉ុនជាបុរស នោះគឺអធិរាជ Taisho ។
ក្រោយមកនៅឆ្នាំ ១៩២៣ រញ្ជួយដីធំមួយដែលមានឈ្មោះហៅថា “គ្រោះមហន្តរាយរញ្ជួយដី Kanto” បានកើតឡើងនៅតំបន់ខាងត្បូង Kanto ភាគច្រើននៅ Tokyo ។
នៅពេលនោះ ភាគច្រើនប្រជាជនជប៉ុនស្លៀក kimono ប៉ុន្តែ kimono បែរជាពិបាកសម្រាប់ការធ្វើដំណើរ ដែលបណ្តាលឲ្យមនុស្សជាច្រើនមិនអាចរត់គេចខ្លួនពេលមានគ្រោះមហន្តរាយ ធ្វើឲ្យមនុស្សបាត់បង់ជីវិត។
ព្រឹត្តិការណ៍នេះបានជម្រុញឲ្យសាកលវិទ្យាល័យសិស្សស្រី Ochanomizu យកឯកសណ្ឋាននាវិក។ ចាប់តាំងពីពេលនោះមក ឯកសណ្ឋាននាវិកកាន់តែពេញនិយមទៅៗ ហើយក្លាយជានិមិត្តរូបរបស់សិស្សស្រី។
សុភាពបុរសដែលចូលចិត្តឯកសណ្ឋាននាវិក ចូរទប់អារម្មណ៍ឲ្យបាន។
សូមកុំរំភើបពេកពេលដឹងថា ដំបូងឡើយឯកសណ្ឋាននេះសម្រាប់បុរស។
Abe Kengo