តើពិធីបុណ្យដ៏ចម្លែក​​នៅ​ប្រាសាទ​ជប៉ុន​អាច​នឹង​មាន​ប្រភព​មក​ពី​​សាសនា​​អុីស្រាអែល​ដែរ​ទេ?

តើអ្នកដឹងទេថានៅទីក្រុង Suwa ខេត្ត Nagano មានប្រាសាទមួយឈ្មោះថា ប្រាសាទ Suwa Taisha ដែរទេ?

នេះជាប្រាសាទធំមានប្រវត្តិយូរឆ្នាំ រួមមានប្រាសាទចំនួន ៤ នៅជុំវិញបឹង Suwa ។ ប្រាសាទ Suwa Taisha ត្រូវគេចាត់​ទុក​ជា​ទីសក្ការៈ​ចំណាស់​បំផុត​នៅ​ជប៉ុន។ 

សូម្បីតែប្រជាជនជប៉ុនក៏មិនច្រើនទេដែលដឹងថា នៅទីនេះមានពិធីបុណ្យចម្លែកមួយហៅថា Ontosai ធ្វើឡើង​នា​ខែ​មេ​សា​ជា​រៀង​រាល់​ឆ្នាំ។ ហើយមនុស្សកាន់តែតិចទៅៗដែលដឹងអំពីប្រភពដើមនៃពិធីបុណ្យចម្លែកនេះ ដែលគេចាត់​ទុក​ថា​មាន​ប្រភព​មក​ពី​សាសនា​អុីស្រាអែល។

ដូច្នេះថ្ងៃនេះខ្ញុំចង់ណែនាំពិធីបុណ្យដែលមិនសូវមានអ្នកស្គាល់នេះដល់អ្នកទាំងអស់គ្នា។

ពិធីបុណ្យដែលមានការបូជា

ស្តាប់ទៅដូចជាគួរឲ្យខ្លាច ប៉ុន្តែពិធីបុណ្យនេះតម្រូវឲ្យមានវត្ថុបូជាចម្លែកដូចជាក្បាលសត្វក្តាន់ចំនួន ៧៥ ក្បាល ទន្សាយ​ពណ៌​សដោត​ដើម​ស្រល់ និង​ខួរ​ក្បាល​សត្វក្តាន់។

សព្វថ្ងៃ​នេះ គេប្រើសត្វក្លែង​ក្លាយដើម្បីជំនួសសត្វពិតដូចកាលពីសម័យមុន ដែលធ្វើឲ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការសម្តែងអាថ៌កំបាំងមួយក្នុង​ពិធីបុណ្យ

ការសម្តែងអាថ៍កំបាំងមួយ ដែលក្នុងនោះមានក្មេងម្នាក់ត្រូវចាប់ចង ហើយត្រូវបូជាចារ្យម្នាក់ប្រើកាំបិតចាក់់ក្មេងនោះ ប៉ុន្តែ​ក្រោយ​មក​ក៏​ឈប់។

នៅពេលនោះក្មេងត្រូវបានដោះលែង។

អត្តន័យនៃការសម្តែងនោះនៅតែមិនទាន់អាចពន្យល់បានទេ ហើយនៅតែត្រូវបានផ្សព្វផ្សាយ​រហូត​ដល់​សព្វ​ថ្ងៃ។

ប្រវត្តិ​សា​ស្រ្ត​ដែលមិនទាន់ស្រាយបំភ្លឺ

ពិធីបុណ្យនេះត្រូវបានកត់ត្រាក្នុងឯកសារនៅសម័យ Edo ដែលជាយុគសម័យចុងក្រោយរបស់សាមូរ៉ៃ យ៉ាងណាមិនមាន​កត់​ត្រា​ពី​វា​ពី​មុន​មក​នោះ​ទេ។ ចំណុចនេះធ្វើឲ្យពិបាកកំណត់ពេលវេលាចាប់ផ្តើម និងការបង្កើតពិធីបុណ្យ។

មែនហើយ នេះពិតជាពិធីបុណ្យអាថ៌កំបាំង។ ទោះជាយ៉ាងណា មានចំណុចមួយដែលប្រាកដថាវាខុសនឹងពិធីបុណ្យដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តំបន់​ផ្សេង​ទៀត។ ដូច្នេះ​ហើយ សម្មតិកម្ម​ដែល​ថាពិធីបុណ្យនេះ​មាន​ប្រភព​មក​ពី​បរទេស​បាន​​លេច​​ឡើង។

ចំណុចស្រដៀងគ្នានឹងសាសនាអុីស្រាអែល

អ្វីដែលចម្លែងគឺថាប្រាសាទ​នេះ និង​សាសនាអុីស្រាអែលមានចំណុចមួយចំនួនដូចគ្នា។

រូបកាយដ៏ពិសិដ្ឋ (御神体 – Goshintai) នៃប្រាសាទ Suwa Taisha អាចនិយាយម្យ៉ាងទៀតថា រូបកាយដ៏ពិសិដ្ឋដែល​ប្រាសាទ​នេះ​គោរព​បូជា​គឺ​ជា​អាទិទេព​ភ្នំ​មាន​ឈ្មោះ​ថា Moriya ។

ភ្នំ Moriya ដែលគេចាត់ទុកជាកន្លែងគង់នៅរបស់អាទិទេព Takeminakata-no-kami (建御名方神 ) ជាអាទិទេពសំខាន់នៃប្រាសាទ Suwa ។

ហើយ Moriya (Moriah) ក៏ជាឈ្មោះភ្នំមួយនៅ Palestine, Israel ផងដែរ។

ការសម្តែងអាថ៌កំបាំងដែលឈុតឆាកបូជាចារ្យចាក់កាំបិតនោះមានភាពស្រដៀងនឹងរឿងបូជា Isaac ក្នុងព្រះគម្ពីរ​សញ្ញា​ចាស់។

ខ្លឹមសាររឿងដូចតទៅ៖

ព្រះ​ទ្រង់​មាន​បន្ទូល​ទៅកាន់ Abraham ថា៖ “ចូរ​បូជាកូនប្រុសតែមួយគត់របស់ឯង Isaac នៅលើភ្នំ Moriah” ។

ហើយ​បន្ទាប់​មក Abraham បាន​សម្លាប់​ចៀម​ឈ្មោលមួយក្បាលដែល​រក​ឃើញ​នៅ​លើ​ភ្នំ​នោះ ដើម្បី​ធ្វើជា​យញ្ញបូជា​ជំនួស Isaac ។ ព្រោះនៅ Nagano មានសត្វក្តាន់ច្រើនជាងចៀម ដូច្នេះប្រសិនបើចាត់ទុកសត្វដែលបូជាជាក្តាន់ នោះពិធីបុណ្យនេះអាចនឹងត្រូវបានចាត់ទុកថាឆ្លុះបង្ហាញរឿងឡើងវិញ។

ហេតុ​អ្វីបានជាមានក្បាលសត្វក្តាន់ចំនួន ៧៥ ក្បាល?

ប្រហែលជាចំនួន ៧៥ នេះក៏មានអត្តន័យដែរ។ ក្នុង​បទគម្ពីរខទី ១៤ ជំពូកទី ៧ Acts of the Apostles នៃបទគម្ពីរសញ្ញាថ្មីបានកត់ត្រាដូចខាងក្រោម៖

“Giuse (Joseph) បានចាត់មនុស្សទៅទទួលឪពុកគឺលោកយ៉ាកុប (Jacob) និងក្រុមគ្រួសារទាំងមូលមានចំនួន ៧៥ នាក់”។

Giuse គឺ​ជា​ចៅ​ប្រុស​របស់ Isaac ជាអ្នកដែលត្រូវ​ថ្វាយ​ជា​យញ្ញបូជា។

តើអ្នកយល់ថាមានទំនាក់ទំនងរវាងចំណុចទាំងពីរដែរទេ?

គ្រឿងសម្គាល់ដែលមានរូបឈើឆ្កាង?

ត្រកូល Moriya រស់នៅលើទឹកដីនេះតាំងពីបុរាណ ជាអ្នកគ្រប់គ្រងប្រាសាទ Suwa Taisha ។ គ្រឿងសម្គាល់នៃត្រកូលនេះគឺជារង្វង់ដែលមានសញ្ញាបូក “十” (លេខ ១០) ខាងក្នុងស្រដៀងរូបឈើឆ្កាង។

ដូច្នេះតើចំណុចទាំងនេះគ្រាន់តែជារឿងចៃដន្យមែនទេ?

តើអាចនឹងមានទំនាក់ទំនងរវាងចំណុចដែលបានរៀបរាប់ខាងលើដែរទេ ព្រោះថា Jerusalem ឆ្ងាយពីជប៉ុនប្រហែល ៩០០០ គីឡូម៉ែត្រ​។

ជនចំណាកស្រុកប្រហែលជាបានផ្លាស់ទីលំនៅមកទីនេះ យ៉ាងណាតើពួកគេអាចរក្សាសាសនា និងទំនៀមទម្លាប់របស់​ខ្លួន​អំឡុង​ពេល​ធ្វើ​ដំណើរ​ឆ្ងាយ​បែប​នេះ​ដែរទេ?

ជប៉ុនពិតជាប្រទេសដែលអាថ៌កំបាំង។

ក្រៅពីនេះ មានរឿងជាច្រើនដែលបង្ហាញពីទំនាក់ទំនងរវាងអុីស្រាអែល និងជប៉ុន។ ប្រសិន​បើ​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​បក​ស្រាយ វា​អាច​នឹង​ធ្វើឲ្យការយល់ឃើញប្រវត្តិសាស្រ្តមនុស្សជាតិប្រែប្រួល។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: