អ្នកដឹងទេថាជប៉ុន​ជា​ប្រទេស​ដែល​មាន​ប្រាសាទ​ច្រើន​ជាង​ម៉ាត​លក់​​ទំនិញ​​ទៅ​​​ទៀត

ពេលមកដល់ជប៉ុន ភ្ញៀវទេសចរណ៍តែងតែចាប់អារម្មណ៍ដោយសារចំនួនម៉ាត (Combini) មានច្រើននៅតាមតំបន់​ទីក្រុង។ ភាគច្រើន Combini ដំណើរការ ២៤/៧ ជាពិសេសនៅពេលយប់ ដែលនាំមកនូវភាពងាយស្រួលដល់អ្នក​ស្រុក និង​ភ្ញៀវ​ទេស​ចរណ៍។

Combini មិនត្រឹមតែជាកន្លែងសម្រាប់ទិញអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ។ សព្វ​ថ្ងៃ​ ម៉ាតទាំងនេះមានផ្គត់ផ្គង់ផលិត​ផល​​ជា​​ច្រើន​​មុខ ដោយបំពេញតម្រូវការទាំងអស់របស់អតិថិជនដូច​ជា​ខោអាវ​ទ្រនាប់ ​ឆ្នាំង​សាក iPhone និង​ម៉ាសុីន ATM ផង​ដែរ។

ប្រជាជនជប៉ុន និងភ្ញៀវទេសចរណ៍ជាច្រើនចូលចិត្ត bento ជាប្រអប់បាយដែលគេលក់តាមម៉ាត។ ដូច្នេះខ្ញុំគិតថា ប្រអប់​បាយ bento នេះ​ពិត​​ជា​​ឆ្ងាញ់​ណាស់។

សព្វថ្ងៃនេះ នៅជប៉ុនមានម៉ាតប្រហែល ៥៥.០០០ ហាងនៅទូទាំងប្រទេស មាននៅទីក្រុងអ៊ូអររហូតដល់តំបន់ជន​បទ​ដាច់​ស្រយាល។

នៅជប៉ុនហាង combini ពេញនិយមខ្លាំង ដូច្នេះអ្នកអាចរកឃើញស្ទើរតែ “គ្រប់ទីកន្លែង” ។ ទោះបីជា combini មាន​ច្រើន​នៅ​ជប៉ុន តើអ្នកភ្ញាក់ផ្អើលទេដែលដឹងថាចំនួនប្រាសាទកាន់តែច្រើនជាងនេះ?

បច្ចុប្បន្ននេះ ជប៉ុនមានប្រាសាទជាង ៨០.០០០ កន្លែងនៅទូទាំងប្រទេស។ ចំនួននេះបង្ហាញពីលក្ខណៈសំខាន់នៃ Shinto ខាងព្រលឹងវិញ្ញាណរបស់ប្រជាជនជប៉ុន។

ថ្វីត្បិតតែ នៅជប៉ុនចំនួនប្រាសាទមានជាង ៨០.០០០ ប្រាសាទ ប៉ុន្តែចំនួនពិតប្រាកដពិបាកនឹងរាប់អស់។ មូលហេតុ​ដោយសារ​ប្រាសាទ​ជាច្រើនត្រូវបោះបង់ចោលព្រោះគ្មានអ្នកបន្តគ្រប់គ្រង។ ដូច្នេះបើសិនជារាប់បញ្ចូលប្រាសាទដែលត្រូវគេបោះបង់ចោល យើងអាចឃើញថាចំនួនប្រាសាទនៅជប៉ុនមានច្រើនដល់ថ្នាក់ណា។

បន្ទាប់មកគឺសំណួរខាងក្រោមនេះ៖
តើខេត្តមួយណាក្នុងប្រទេសជប៉ុនមានប្រាសាទច្រើនជាងគេ?
សាកទាយមើល៖
១. Tokyo?
២. Kyoto?
៣. ខេត្តមួយទៀត?
ចូរយើងស្វែងយល់ចម្លើយខាងក្រោមនេះ។

ចម្លើយ៖
នៅជប៉ុនខេត្តដែលមានប្រាសាទច្រើនជាងគេគឺ Niigata ។
ត្រឹមតែ Niigata មានប្រាសាទដល់ទៅ ៤.៧១១ ទៅហើយ។

នេះ​ជា​ចំណាត់​ថ្នាក់​ខេត្ត​ដែល​មាន​ចំនួន​ប្រាសាទ​ច្រើន​ជាង​គេ៖
១. Niigata ៖ ៤.៧១១ ប្រាសាទ
២. Hyogo ៖ ៣.៨៦៧ ប្រាសាទ
៣. Fukuoka ៖ ៣.៤១៩ ប្រាសាទ
៤. Aichi ៖ ៣.៣៥៨
៥. Gifu ៖ ៣.២៨៨
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា Tokyo និង Kyoto មិនមានក្នុងចំណាត់ថ្នាក់ទាំង ៥ នោះទេ។

ហេតុអ្វីបានជានៅ Niigata មានប្រាសាទច្រើន?

ភាគច្រើននៅតាមភូមិដែលមានប្រជាជនប្រមូលផ្តុំតែងតែមានប្រាសាទ ដូច្នេះកន្លែងដែលមានលំនៅដ្ឋាន និងប្រជាជនរស់នៅច្រើននឹងមានប្រាសាទច្រើន ប៉ុន្តែនៅ Niigata គឺជាករណីដោយឡែក។ នៅ Niigata ជាតំបន់ដែលមានព្រិលធ្លាក់ខ្លាំង ដែលធ្វើឲ្យមនុស្សជាច្រើនគិតថាទីនេះគ្មានមនុស្ស​រស់​នៅ។

យ៉ាងណាមិញ នៅសម័យ Meiji បន្ទាប់ពីសម័យសាមូរ៉ៃបញ្ចប់ Niigata គឺជាខេត្តដែលមានប្រជាជនរស់នៅច្រើនជាង​គេ។ នៅពេលនោះ Niigata មានប្រជាជនចំនួន ១,៦ លាននាក់ នៅ Hyogo មានចំនួន ១,៥ លាននាក់ និង Aichi មាន​ចំនួន ១,៤ លាននាក់។ ជាការពិតណាស់ ខេត្តទាំង ៣ ដែលមានចំនួនប្រាសាទច្រើនជាងគេក៏ជាខេត្តដែល​មាន​ចំនួន​ប្រជាជន​រស់​នៅ​ច្រើនជាងគេផងដែរ។

នៅសម័យនោះ Tokyo មានចំនួនប្រជាជនត្រឹម​តែ ១,៣ លាននាក់ប៉ុណ្ណោះ។

សព្វ​ថ្ងៃ​នេះ ការ​បែង​ចែក​ចំនួនប្រជាជន​បាន​ផ្លាស់​ប្តូរ​ទៅហើយ។ បច្ចុប្បន្ននៅជប៉ុន Tokyo ជាតំបន់ដែលមានប្រជាជន​ច្រើន​ជាង​គេ ជាង ១៣ លាននាក់។

ហេតុអ្វីបានជាមនុស្សជាច្រើនប្រមូលផ្តុំគ្នានៅ Niigata ?

Niigata ជាកន្លែងមានកំពង់ផែសមុទ្រធំមួយ ដូច្នេះនេះជាទីក្រុងដែលមានសកម្មភាពពាណិជ្ជកម្មជាមួយបរ​ទេស។ ខេត្ត​​ទាំង ៣ ខាង​លើជាទីក្រុងកំពង់ផែដែលល្បីដោយសារមូលហេតុ​ដូចគ្នា។

នៅពេលដែលកំពង់ផែសមុទ្រធំៗត្រូវបានសាងសង់ ហើយសកម្មភាពពាណិជ្ជកម្មបានចាប់ផ្តើម ផ្លូវសំខាន់ៗដែលតភ្ជាប់តំបន់ផ្សេងៗគ្នានៅ​ទូទាំង​ប្រទេស​ជប៉ុនក៏ត្រូវបានបង្កើតឡើងផងដែរ។

មនុស្សជាច្រើនយល់ថា ចំនួនប្រាសាទច្រើនឡើងដោយសារតែការជ្រៀតចូលនៃវប្បធម៌ និងជំនឿមកពីតំបន់ខុសៗ​គ្នា នៅពេលដែលប្រជាជនធ្វើដំណើរតាមតំបន់ទៅមកច្រើន។

ចំណុចសំខាន់មិនត្រឹម​តែចំនួនប្រជាជនច្រើនឡើង ប៉ុន្តែការផ្លាស់ប្តូរទំនាក់ទំនងរវាងតំបន់ និងតំបន់កាន់តែរីកចម្រើន។

ទីក្រុងកំពង់ផែទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រជប៉ុន។ Niigata គឺជាច្រកទំនាក់ទំនងជាមួយចិន និង​រុស្ស៊ី ចំណែក​ឯ Hyogo ក៏ជាទីក្រុងកំពង់ផែធំមួយដែរ នៅ Fukuoka គឺជាច្រកទំនាក់ទំនងជាមួយឧបទ្វីបកូរ៉េ រីឯ Aichi គឺ​ជាមជ្ឈមណ្ឌលតភ្ជាប់រវាង Kanto និង Kansai ។

នៅពេលដែលពិចារណាកត្តា​ខាង​លើ យើងអាចយល់ពីមូលហេតុ​នៃចំណាត់ថ្នាក់ចំនួនប្រាសាទនៅតាមខេត្ត។

ចំណុចខុសគ្នានៃ Niigata ការរួមបញ្ចូលប្រាសាទ

រដ្ឋាភិបាល Meiji បានអំពាវនាវឲ្យតំបន់ដែលគ្រប់គ្រងដោយខ្លួនឯងនៅទូទាំងប្រទេសបញ្ចូលប្រាសាទ ដើម្បីកាត់បន្ថយ​ចំនួន​ប្រាសាទ​ដែល​កំពុងកើនឡើង។

យ៉ាងណាមិញ នៅ Niigata គោលការណ៍នេះមិនទទួលបានជោគជ័យនោះទេ។ មូលហេតុព្រោះតែ Niigata គឺជាខេត្តដែលផលិត​ស្រូវ​ល្បី​ឈ្មោះ។ ដើម្បីដាំស្រូវត្រូវពឹងផ្អែកច្រើនលើអាកាសធាតុ ដូច្នេះប្រជាជន Niigata មានជំនឿសាសនា​រឹង​​មាំ។

ព្រោះតែមូលហេតុដោយឡែករបស់ Niigata ដូច្នេះការរួមបញ្ចូលប្រាសាទមិនអាចអនុវត្ត ហើយប្រាសាទ​ជាច្រើនត្រូវបាន​​រក្សា​​ទុក​រហូត​មក​ដល់សព្វថ្ងៃនេះ។

ប្រាសាទនីមួយៗគោរពបូជាអាទិទេពខុសគ្នាដូចជា អាទិទេពជំនួញ អាទិទេពរៀនសូត្រ និងអាទិទេពស្នាហា។ ប្រសិន​បើ​អ្នក​រើស​យក​ប្រាសាទ​តាម​បំណងប្រាថ្នារបស់ខ្លួន បំណងប្រាថ្នានោះអាចនឹងក្លាយទៅជាការពិត។

ពេលទៅលេងជប៉ុន អ្នកអាចទទួលយកបទពិសោធន៍វប្បធម៌ខាងព្រលឹងវិញ្ញាណតាមរយៈប្រាសាទបុរាណ ដើម្បីស្វែង​រក​ភាព​ស្ងប់​ស្ងាត់ និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ខ្លួន​ឯង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: