ហេតុអ្វីបានជាប្រជាជនជប៉ុនពេលជូនអំណោយដល់មនុស្សសំខាន់តែងតែប្រើពាក្យ “Tsumaranai mono” នេះ?
អ្នកដែលរៀនភាសាជប៉ុន តើអ្នកធ្លាប់យល់ថាពាក្យនេះពិបាកយល់ដែរទេ?
នៅពេលដែលជូនអំណោយឲ្យនរណាម្នាក់ ជាពិសេសមនុស្សចាស់ គេតែងតែនិយាយថា៖
“つまらないものですが、、、” (Tsumaranai mono desuga…)
ប្រែថា៖ “គ្រាន់តែជាអំណោយបន្តិចបន្តួច មិនជាអ្វីនោះទេ…”
អត្តន័យដើមពាក្យ “Tsumaranai mono” (つまらないもの) មានន័យថា ធុញទ្រាន់ អផ្សុក។
“Tsumaranai mono” ក៏មានន័យថា “របស់មិនល្អ” ។ ដូច្នេះហេតុអ្វីបានជាគេជូន “tsumaranai mono” ដល់មនុស្សសំខាន់? តើអ្នកគិតថានោះជារឿងដែលមិនសមដែរទេ?
ភាគច្រើននៅបណ្តាប្រទេសផ្សេងទៀតក្រៅពីជប៉ុន គ្រប់គ្នាតែងតែបង្ហាញពីភាពរីករាយពេលជូនអំណោយ ដោយនិយាយថា “នេះជាអំណោយមានអត្តន័យសម្រាប់អ្នក” ។
ដូច្នេះហេតុអ្វីបានជាប្រជាជនជប៉ុនប្រើពាក្យខាងលើពេលជូនអំណោយ? ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះ។
សម្រាប់ភាសាផ្សេងទៀត ចំណុចសំខាន់ផ្តោតលើអំណោយ
“ខ្ញុំចង់ជូនអំណោយដ៏ល្អបំផុតដែលខ្ញុំបានជ្រើសរើសឲ្យមនុស្សសំខាន់។”
គំនិតរបស់អ្នកជូនផ្តោតលើការនាំយកអំណោយដ៏ល្អបំផុតឲ្យអ្នកទទួល។ ដូច្នេះប្រាកដណាស់ អំណោយបានក្លាយជាចំណុចសំខាន់នៃពាក្យនោះ។
ក្នុងភាសាជប៉ុន ការផ្តោតសំខាន់នៃពាក្យនោះគឺអ្នកទទួលអំណោយ
ថ្វីត្បិតតែ ប្រជាជនជប៉ុនដឹងថាអំណោយរបស់ពួកគេមិនមែន “Tsumaranai mono” ប៉ុន្តែពួកគេបែរជាប្រើរបៀបនិយាយដូចនេះ ព្រោះការជូនអំណោយពួកគេផ្តោតសំខាន់លើអ្នកទទួល មិនមែនអំណោយនោះទេ។
ពួកគេចង់បង្ហាញពីការបន្ទាបខ្លួន និងការគោរពចំពោះអ្នកទទួលអំណោយ ដោយនិយាយថា អំណោយរបស់ពួកគេគ្មានអ្វីពិសេសនោះទេ។
ពាក្យ “Tsumaranai mono” (គួរឲ្យធុញ/គ្មានអ្វីពិសេស) មកពីអត្ថន័យ “បើប្រៀបនឹងមនុស្សអស្ចារ្យដូចជាអ្នក អំណោយរបស់ខ្ញុំគ្មានអ្វីពិសេសនោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនឹងទទួលយក” ។
ដូច្នេះហើយ ពាក្យខ្លះក្នុងភាសាជប៉ុនទោះផ្តើមចេញពីចេតនាល្អ ប៉ុន្តែការបង្ហាញបែរជាផ្ទុយទៅវិញ។ ចំណុចនេះអាចធ្វើឲ្យអ្នកស្តាប់យល់ច្រឡំអត្តន័យពិតរបស់អ្នកនិយាយ។
ទោះបីជាចំណុចនេះអាចនឹងធ្វើឲ្យភាសាជប៉ុនកាន់តែពិបាករៀន ប៉ុន្តែយ៉ាងណាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកជូនចំពោះអ្នកទទួលផងដែរ។
របៀបប្រើភាសាបែបនេះក៏បង្ហាញពីការបន្ទាបខ្លួន និងការគោរពចំពោះអ្នកដទៃ។
ដូច្នេះនៅពេលរៀនភាសាជប៉ុន សំខាន់ត្រូវយកចិត្តទុកដាក់លើបរិបទ និងការបញ្ចេញមតិ ដើម្បីយល់ពីអត្ថន័យពិតនៃពាក្យនោះ។
ពេលយល់អំពីការបញ្ចេញមតិទាំងនេះ អាចជួយដល់ការប្រាស្រ័យទាក់ទងរបស់អ្នក និងប្រជាជនជប៉ុនកាន់តែល្អ ហើយបង្ហាញពីការគោរពចំពោះពួកគេ។
Abe Kengo