ហេតុអ្វីបានជាជប៉ុនលុបចោលការប្រើប្រតិទិនចន្ទគតិ?

ក្រឡេកទៅមើលប្រទេសចិន និងវៀតណាម យើងឃើញថា ប្រជាជនគោរពតាមប្រតិទិនចន្ទគតិ។ ផ្ទុយនឹងជប៉ុន ជា​​ប្រទេស​​ដែល​​កាល​ពី​មុន​ប្រើ​ប្រតិទិន​ចន្ទគតិ ដែលស្ទើរតែបំភ្លេចប្រព័ន្ធពេលវេលានេះ។

ដូច្នេះហេតុ​អ្វី​បាន​ជា​ជប៉ុន​លុប​ចោល​ប្រតិទិន​ចន្ទគតិ?

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ចម្លើយបែរជាស្ថិតលើបញ្ហាប្រាក់។

គំនិតចេញពីអាស៊ី – ចូលអឺរ៉ុប (脱亜入欧 – Datsua nyuuou)

“ចាកចេញពីអាស៊ីដើម្បីចូលអឺរ៉ុប” គឺជាផ្នត់គំនិតដែលមានន័យថា ជប៉ុនចាកចេញពីអាសុីដើម្បីចូលរួមបណ្តាប្រទេសលោកខាងលិច។

មនោគមវិជ្ជានេះរីកផ្សព្វផ្សាយនៅសម័យ Meiji ជាសម័យកាលដែលជប៉ុនបានផ្លាស់ប្តូរយ៉ាងខ្លាំងពីសម័យសាមូរ៉ៃទៅសម័យទំនើប។ ប្រទេសលោកខាងលិចប្រើ “ប្រតិទិនលោកខាងលិច” ដែលគេហៅថា “ប្រតិទិនសុរិយគតិ” ដោយ​ផ្អែកលើចលនារបស់ព្រះអាទិត្យ ដូច្នេះជប៉ុនក៏បានប្តូរទៅប្រើប្រតិទិនសុរិយគតិ។

តើអ្នកគិតថានេះជាគំនិតមិនសមហេតុផលដែរទេ?

យ៉ាងណាមិញ គួរកត់សម្គាល់ថា ជប៉ុនពេលនោះកំពុងស្ថិតនៅសម័យកាលកំពូល។ ជំនឿលើ “ឧត្តមភាព” របស់ជប៉ុន​ធ្វើ​ឲ្យ​គំនិត “ចាកចេញពីអាសុីដើម្បីចូលអឺរ៉ុប” ងាយទទួលបានការយល់ស្រប។

តើគោលបំណងដើម្បីប្រាក់ឬ?

ជប៉ុនប្រើប្រតិទិនចន្ទគតិរហូតដល់ឆ្នាំ ១៨៧២ ប៉ុន្តែនៅឆ្នាំបន្ទាប់បានប្តូរទៅប្រើប្រតិទិនសុរិយគតិ។ ការផ្លាស់ប្តូរនេះ​ធ្វើ​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់ ត្រឹម​រយៈពេលមួយខែបន្ទាប់ពីចេញសេចក្តីសម្រេច។

ការផ្លាស់ប្តូរប្រតិទិនមានន័យថា ត្រូវផ្លាស់ប្តូរប្រតិទិន និងឯកសារទាំងអស់ទៅប្រព័ន្ធប្រតិទិនថ្មី ដែលជាកិច្ចការដ៏ស្មុគស្មាញបំផុត។ ជាទូទៅ ការផ្លាស់ប្តូរនេះត្រូវធ្វើឡើងអំឡុងពេលប៉ុន្មានឆ្នាំ ប៉ុន្តែហេតុអ្វីបានជាជប៉ុនបែរជាអនុវត្ត​​ក្នុង​​រយៈ​​ពេល​​មួយ​​ខែ? 

ចម្លើយគឺដោយសារតែប្រាក់

ជាទូទៅប្រតិទិនសុរិយគតិមួយឆ្នាំមាន ៣៦៥ ថ្ងៃ ប៉ុន្តែក្នុងនោះឆ្នាំខ្លះគេហៅថាឆ្នាំបង្គ្រប់ មួយថ្ងៃត្រូវបានបង្គ្រប់ក្នុងខែកុម្ភៈដើម្បីកែតម្រូវ។ ប្រតិទិនច័ន្ទគតិមានភាពខុសគ្នាខ្លាំង ជារៀងរាល់ ២ ទៅ ៣ ឆ្នាំម្តងត្រូវបន្ថែមខែទី ១៣ ដើម្បី​កែ​តម្រូវ។

នៅឆ្នាំ ១៨៧៣ គឺជាឆ្នាំដែលមានខែទី ១៣ ចំណុចនេះមានន័យថា ត្រូវបើកប្រាក់ខែទី ១៣ ដល់កម្មករ។ ដូច្នេះហើយ បើ​​ប្តូរ​ទៅ​ប្រើ​ប្រតិទិន​សុរិយគិត​អាចសន្សំបានប្រាក់មួយខែ។

ប្រសិនបើគិតពី​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ​ទាំង​អស់ ប្រាក់សន្សំអាចនិយាយបានថាមានចំនួនច្រើន។ ក្រៅពីនេះ ដោយ​សារ​តែការផ្លាស់ប្តូរពេលវេលាទូទាត់ប្រាក់ខែពីប្រតិទិនចន្ទគតិទៅប្រតិទិនសុរិយគតិ ដូច្នេះជាក់ស្តែងមិនចាំ​បាច់​​បើក ១,៥ ប្រាក់​ខែ។

អាច​និយាយ​បាន​ថា នេះ​ជា​ទង្វើ​ឆ្លាត​វៃ ប៉ុន្តែក៏ចាត់ទុកថាជា “ការ​ទាញ​យក​ប្រយោជន៍​ពី​ចន្លោះ​ប្រហោង” ផង​ដែរ។

ជប៉ុនបានប្តូរទៅប្រើប្រតិទិនសុរិយគតិ ប៉ុន្តែបើមើលទៅលើអាកាសធាតុ និងវដ្ដកសិកម្មក្នុងប្រទេស ខ្ញុំយល់ថា ប្រតិទិន​ច័ន្ទគតិ​ដែល​ផ្អែក​លើ​វដ្ត​ព្រះច័ន្ទ ជាមូលដ្ឋានសមស្របជាង។

សព្វថ្ងៃនេះ ប្រតិទិនសុរិយគតិបានក្លាយជាស្តង់ដារសកល ដូច្នេះការផ្លាស់ប្តូរត្រឡប់ទៅរកប្រតិទិនច័ន្ទគតិមិនអាច​ទៅ​រួច​នោះ​ទេ។ យ៉ាង​ណា​មិញ ខ្ញុំ​គិត​ថា យើងគួរតែឲ្យតម្លៃចំពោះប្រតិទិនចន្ទគតិជាងនេះ។

ប្រតិទិនសុរិយគតិជាផ្លូវទៅកាន់អនាគត ប្រតិទិនចន្ទគតិជាស្ពានភ្ជាប់អតីតកាល។ ឲ្យតម្លៃប្រតិទិន​ចន្ទគតិ​មាន​​ន័យ​​ថា ​រក្សា​​ទំនាក់​ទំនង​​រវាង​​អតីត​កាល បច្ចុប្បន្ន ​និង​​អនាគត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: