ពិតជាស្តាយណាស់! ពិធីបុណ្យប្រពៃណីជប៉ុនដែលមានអាយុកាល ១០០០ ឆ្នាំត្រូវបញ្ចប់
ពិធីបុណ្យប្រពៃណីជប៉ុនដែលជិតនឹងបាត់បង់។
ពិធីបុណ្យនោះហៅថា “អាក្រាត” Somin-sai នៅទីក្រុង Oshu ខេត្ត Iwate ដែលមានប្រវត្តិ ១០០០ ឆ្នាំមកហើយ។
ពិធីបុណ្យ Somin-sai ក្នុងទីក្រុង Oshu ខេត្ត Iwate នេះប្រារព្ធធ្វើឡើងអំឡុងពេលដែលប្រទេសនៅលើពិភពលោកកំពុងទទួលឆ្នាំថ្មី។
ពិធីបុណ្យនេះទាក់ទាញភ្ញៀវទេសចរណ៍ដោយទិដ្ឋភាពបុរសៗស្លៀកសំពត់ប៉ឹង Fundoshi (ដូចជាប្រភេទសំពត់ដែល Sumo តែងតែស្លៀកពេលប្រកួត) ដណ្តើមគ្នាថង់ក្រចៅមួយ។ អ្នកឈ្នះគឺជាអ្នកដែលចាប់បានមាត់ថង់ក្រចៅ។
ដោយមានអត្តន័យបួងសួងសុំឲ្យមានសុខភាពល្អ ការប្រមូលផលបានច្រើន ដូច្នេះហើយ Somin-sai គឺជាពិធីបុណ្យដ៏ពិសិដ្ឋ។ បើតាមជំនឿ នៅតំបន់ដែលអ្នកឈ្នះរស់នៅការប្រមូលផលបានល្អនៅឆ្នាំនេះ។
ក្នុងថង់ក្រចៅមិនត្រឹមតែមានយ័ន្តការពារប៉ុណ្ណោះទេ ថែមទាំងមានបន្ទះឈើដែលគេប្រើក្នុងពិធីបួងសួងប្រាសាទផងដែរ។ ប្រជាជនជឿថា គ្រាន់តែប៉ះបន្ទះឈើនេះនឹងនាំមកនូវសំណាងល្អ។
នៅ Oshu រដូវរងាសីតុណ្ហភាពពេលយប់អាចនឹងក្រោម ០ អង្សារសេ។ ប៉ុន្តែទិដ្ឋភាពដែលបុរសៗស្លៀកសំពត់ប៉ឹងដណ្តើមគ្នាថង់ក្រចៅធ្វើឲ្យបរិយាកាសកក់ក្តៅជាងពេលណាៗទាំងអស់។
ជាការពិតណាស់នេះពិធីបុណ្យសម្រាប់បុរសៗ។
នៅឆ្នាំនេះ ពិធីបុណ្យ Somin-sai ត្រូវបានប្រារព្ធឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល ៤ ឆ្នាំដោយសារជំងឺកូវីដ ១៩ ។
ពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទម្រង់ថ្មី ដោយកាត់បន្ថយពេលវេលាបើធៀបនឹងឆ្នាំមុនៗ ដើម្បីសម្រួលបន្ទុកក្នុងការរៀបចំ។ ជាក់ស្តែង ពិធីបុណ្យនេះ ធ្វើឡើងចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ មិនធ្វើឡើងពេញមួយយប់ដូចកាលពីមុននោះទេ។
យ៉ាងណាមិញ នៅឆ្នាំនេះក៏ជាឆ្នាំចុងក្រោយនៃពិធីបុណ្យ Somin-sai ផងដែរ។
ថ្វីត្បិតតែ ពិធីបុណ្យប្រពៃណីនេះមានអាយុកាលជាង ១០០០ ឆ្នាំមកហើយ ប៉ុន្តែជាក់ស្តែងយុវជនមិនច្រើនទេដែលបន្ត ដោយសារស្ថានភាពប្រជាជនវ័យចំណាស់កាន់តែច្រើនឡើងតាមតំបន់មូលដ្ឋាន ដែលធ្វើឲ្យពិធីបុណ្យមិនអាចបន្តបាន។
ចំនួនប្រជាជនទីក្រុង Oshu បានបន្តធ្លាក់ចុះចាប់ពីពេលឡើងដល់ចំនួន ១៣០.០០០ នាក់ក្នុងឆ្នាំ ១៩៩៥ និងបច្ចុប្បន្នមានចំនួន ៨៦.០០០ នាក់។ ជាតំបន់ដែលមានចំនួនប្រជាជនថយចុះ ចំនួនមនុស្សចាស់កើនឡើង ចំណែកឯយុវជនធ្លាក់ចុះ។
ប្រជាជនគិតថា ប្រសិនបើទំនោរនេះនៅតែបន្ត ប្រជាជន Oshu អាចនឹងធ្លាក់ចុះសល់ ៦០.០០០ នាក់នៅឆ្នាំ ២០៦០ ។
ជប៉ុនថែរក្សាប្រពៃណី និងពិធីបុណ្យប្លែកៗជាច្រើនក្នុងទីក្រុងតំបន់មូលដ្ឋាន។ ទោះជាយ៉ាងណា តំបន់ជាច្រើនក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពចំនួនប្រជាជនធ្លាក់ចុះ ហើយប្រហែលជាមិនអាចបន្តវប្បធម៌ដ៏ល្អដល់មនុស្សជំនាន់ក្រោយបាន។
ពិធីបុណ្យប្រពៃណីជប៉ុនជាច្រើនផ្សេងទៀតអាចនឹងត្រូវបាត់បង់។ ប្រសិនបើអ្នកមិនចូលរួមពិធីបុណ្យទាំងនេះ អ្នកប្រហែលជាលែងមានឳកាសនៅឆ្នាំក្រោយទៀតហើយ។
ដូច្នេះនៅចាំអ្វីទៀត ចូររៀបចំគម្រោងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនឥឡូវនេះ។ នេះជាឳកាសដ៏ល្អសម្រាប់ដែលចង់ស្វែងយល់ពីវប្បធម៌ជប៉ុន។
Abe Kengo