ប្រភេទសត្វកម្រមួយចំនួនដែលអ្នកអាចរកមើលពេលទៅលេងជប៉ុន
ជប៉ុនជាប្រទេសដែលហ៊ុំព័ទ្ធទៅដោយសមុទ្រ ប្រៀបដូចជាជម្រកសម្រាប់សត្វពិសេសជាច្រើនប្រភេទ។ សត្វទាំងនេះត្រូវបានរកឃើញនៅជប៉ុន ហើយពួកវាជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី និងវប្បធម៌នៃប្រទេសនេះ។
នៅពេលដែលទៅលេងតាមតំបន់ទីក្រុងប្រទេសជប៉ុន អ្នកអាចចំណាយពេលស្វែងយល់ និងថតរូបសត្វទុកជាអនុស្សាវរីយ៍សម្រាប់ដំណើរកម្សាន្តរបស់ខ្លួន ហើយចែករំលែកប្រាប់គ្រប់គ្នាពីភាពស្រស់ស្អាតនៃធម្មជាតិជប៉ុន។
ដូច្នេះហើយ ចូរយើងស្វែងយល់អំពីប្រភេទសត្វពិសេសមួយចំនួនតាមរយៈអត្តបទខាងក្រោមនេះ។
ទន្សាយព្រៃជប៉ុន
ប្រភេទទន្សាយនេះមានពី Hokkaido ដល់ Shikoku និង Kyushu ។ ភាគច្រើនពួកវារស់នៅតំបន់មានវាលស្មៅ និងព្រៃ ដែលមានទំហំប្រហែល ៥០ សង់ទីម៉ែត្រ និងលក្ខណៈពិសេសត្រង់ថាគឺក្បាលពោះពណ៌ស។
កំប្រុកហោះជប៉ុន
ប្រភេទសត្វកំប្រុកនេះមាននៅ Honshu, Shikoku និង Kyushu ដែលមានលក្ខណៈពិសេសដូចជាកន្ទុយវែង និងសមត្ថភាពលាតត្រដាងស្បែកដើម្បីហោះពីដើមឈើមួយទៅដើមឈើមួយទៀត។ ពួកវាមើលទៅគួរឲ្យស្រលាញ់ខ្លាំងដូចជាតុក្កតា។
ក្រៅពីជម្រកធម្មជាតិ ពួកវាក៏រស់នៅប្រាសាទ និងវត្តអារាមនៅតំបន់ទំនាបជាកន្លែងដែលមានដើមឈើច្រើន។
សត្វកែះជប៉ុន
ប្រភេទសត្វកែះជប៉ុនមាននៅកន្លែងជាច្រើនលើកលែងតែ Hokkaido ដែលជាទូទៅរស់នៅរយៈកម្ពស់ពី ១.៥០០ ដល់ ២.០០០ ម៉ែត្រ។ ពួកវាពូកែឡើងភ្នំ មិនថាច្រាំងថ្មចោទ ឬសណ្ឋានដីពិបាកនោះទេ។
ស្វាជប៉ុន
នៅពេលដែលនិយាយពីស្វាជប៉ុន ពួកវាមានចំណុចពិសេសត្រង់ថាមានទម្លាប់ងូតជ្រោះទឹកក្តៅ។
រូបថតនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ? សត្វស្វាកំពុងត្រាំទឹកក្តៅ និងប្រើ iPhone ពេលក្រឡេកមើលទៅដូចជាមនុស្សម្នាក់។
បក្សី Gallirallus okinawae
ប្រភេទបក្សី Gallirallus okinawae ជាប្រភេទបក្សីពិសេសរស់នៅលើកោះ Okinawa ប្រទេសជប៉ុន។ ពួកវាហាក់បីដូចជាគ្មានសមត្ថភាពហោះនោះទេ ហើយជាទូទៅរកសំណីក្នុងព្រៃដូចជាជន្លេន ខ្យង និងសត្វល្អិតផ្សេងទៀត។
យ៉ាងណាមិញ ដោយសារទម្លាប់ផ្លាស់ទីនៅលើដី បក្សី Gallirallus okinawae តែងតែជួបគ្រោះថ្នាក់ព្រោះដើរវង្វេងនៅតាមផ្លូវ ហើយត្រូវរថយន្តបើកបុក។ ដូច្នេះហើយ បក្សីប្រភេទនេះត្រូវបានបញ្ចូលក្នុងបញ្ជីសត្វជិតផុតពូជ។
ពស់កណ្តុរជប៉ុន (Elaphe climacophora)
ប្រភេទពស់កណ្តុរជប៉ុន (Elaphe climacophora) មានលក្ខណៈពិសេសពណ៌បៃតងខ្ចី និងប្រវែងរហូតដល់ទៅ ២ ម៉ែត្រ។ ម្យ៉ាងវិញទៀត ពស់ប្រភេទនេះគ្មានពិសនោះទេ វាតែងតែរស់នៅតំបន់វាលទំនាប វាលស្មៅ និងមាត់ទន្លេ ដូច្នេះអ្នកអាចមើលឃើញពួកវាបានយ៉ាងងាយ។
ឪពុករបស់ខ្ញុំបាននិយាយថា កាលពីគាត់នៅតូច រាល់ពេលដែលគាត់ឃើញពស់កណ្ដុរ គាត់នឹងចាប់កន្ទុយវាហើយយោលវាទៅមក។ ទោះជាយ៉ាងណា គាត់តែងតែបង្រៀនពួកយើងឲ្យចេះស្រលាញ់ និងការពារសត្វតូចៗទាំងនោះ មិនត្រូវធ្វើបាបពួកវានោះទេ។
ទាំងនេះជាការណែនាំចំពោះប្រភេទសត្វដែលមាននៅជប៉ុនតែប៉ុណ្ណោះ ហើយមានប្រភេទជាច្រើនទៀតកំពុងរង់ចាំអ្នក។
តើអ្នកគិតថារូបថតទាំងនេះអាចនាំមកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានដែរទេ? ដូច្នេះអ្នកអាចមកកាន់តំបន់ខេត្តក្រុង រីករាយនឹងធម្មជាតិ និងស្វែងរកភាពអស្ចារ្យមាននៅទីនេះ។
អ្នកប្រាកដជាទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅពេលដែលអ្នកមើលឃើញប្រភេទសត្វកម្រទាំងនេះរស់នៅក្នុងជម្រកធម្មជាតិរបស់ពួកវា។
តោះចូររៀបគម្រោងដំណើរកម្សាន្តនៅថ្ងៃនេះ ហើយស្វែងយល់ពីពិភពសត្វចម្រុះពណ៌នៃប្រទេសជប៉ុន។
Abe Kengo