ការ​យល់​ឃើញ​ចំពោះ​សោភ័ណ​ភាព​របស់​ប្រជាជន​ជប៉ុន រួមទាំង​ចំណុចដែលតូច​តាច​បំផុត

ជនបរទេសតែងតែមិនយល់ចំពោះអារម្មណ៍ និងបទពិសោធន៍នៃភាពស្រស់ស្អាតរបស់ប្រជាជនជប៉ុន។ ក្នុងអត្តបទ​នេះ ខ្ញុំ​នឹង​រៀប​រាប់​ចំណុចខុស​គ្នា​ទាក់​ទង​នឹង​ទស្សនៈសោភ័ណភាពរបស់ជនជាតិជប៉ុន។

“ទទួលយកអារម្មណ៍គ្រប់យ៉ាងដោយរឿងដែលតូចតាចបំផុត”

ដូចដែលអ្នកបានដឹងហើយថា ជប៉ុនជាប្រទេសដែលល្បីដោយសារសមត្ថភាពបង្រួមតូចគ្រប់យ៉ាង។ ប្រហែលនៅឆ្នាំ ២០០០ ជប៉ុនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយការបង្រួមកុំព្យូទ័រធំទៅជាកុំព្យូទ័រតូច។ ម្យ៉ាងវិញទៀត ជប៉ុន​ក៏​ជោគ​ជ័យ​ខាងផ្នែកផលិតរថយន្តខ្នាតតូចផងដែរ។

យ៉ាងណាមិញ វាមិនត្រឹម​តែជាការបង្រួមទំហំប៉ុណ្ណោះទេ ប៉ុន្តែអត្តន័យនៅពីក្រោយនោះគឺជាគំនិតដែលផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ទាំងអស់លើចំណុចនីមួយៗ ដែលបង្ហាញពីចំណុចទាំងមូល។

Ichigo Ichie (一期一会 – រយៈពេលមួយ ការជួបជុំមួយ)

តើអ្នកស្គាល់សំនួនវោហារស័ព្ទដែលល្បីនេះដែរទេ?

នេះជាពាក្យរំលឹកដែលមានអត្តន័យឲ្យតម្លៃគ្រប់ពេលជួបគ្នា មិនថានោះជាលើកដំបូង និងតែម្តង។ កុំគិតពីអនាគត ចូរ​បន្ធូរ​អារម្មណ៍​នឹង​ពេល​វេលា​បច្ចុប្បន្ន។

កុំប្រញាប់សួរសំណួរទាក់ទងនឹងទំនាក់ទំនងបន្ទាប់ ឬគិតអំពីអត្ថប្រយោជន៍ដែលអាចទទួលបានបើសិនជាបន្តទំនាក់​ទំនង​នេះ។ សូមទុកឲ្យបេះដូងនាំមុខ បើកចិត្តទទួលយក និងឲ្យតម្លៃគ្រប់ពេលជួបគ្នា ទោះបីជាមួយភ្លែតក៏​ដោយ។

សួនច្បារជប៉ុន

ប្រជាជនជប៉ុនតែងតែបង្កើតគំរូតូចៗដូចជាភ្នំ ទន្លេ និងទឹកធ្លាក់នៅកន្លែងតូចមួយ។ ចំណុចនេះនាំយកអារម្មណ៍​នៃ​ធម្មជាតិ​ដ៏​ធំ រួមទាំងសកលលោក បញ្ចូលទៅក្នុងសួនច្បារតូចមួយ។ នៅនិទាឃរដូវ ផ្ការីកស្គុះស្គាយ ហើយ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ស្លឹកឈើពណ៌ក្រហមបន្ថែមភាពស្រស់ស្អាតដល់សួនច្បារ។

សួនច្បារជប៉ុនត្រូវបានរចនាឡើងដើម្បីឲ្យយើងយល់ឃើញថា មានបរិយាកាស និងពេលវេលានៅកន្លែងតូចមួយ។ ទន្ទឹម​នឹង​នេះ មើលឃើញពីវត្តមានរបស់មនុស្សពេលរស់នៅជាមួយធម្មជាតិ។

នៅពេលដែលមើលពីខាងក្នុងផ្ទះចេញក្រៅ សួនច្បារជប៉ុនមិនត្រឹម​តែមានសួនប៉ុណ្ណោះទេ ថែមទាំងមើលឃើញទេស​ភាព​ភ្នំពីចម្ងាយ ផ្ទៃមេឃ ព្រះច័ន្ទ និងផ្កាយ សម្រាប់បង្កើតបរិយាកាសរួមជាមួយនឹងសកលលោក។ នេះជាគំនិត​នៃ​សួន​ច្បារ​ជប៉ុន។

អារម្មណ៍​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ចំពោះអារម្មណ៍ទូទៅដូចជាចក្ខុវិញ្ញាណ ជីវ្ហាវិញ្ញាណ កាយវិញ្ញាណ សោតវិញ្ញាណ​តាម​រយៈការមើលឃើញ ភ្លក់ ប៉ះ និងស្តាប់ យើងមិនអាចទទួលយកអារម្មណ៍ទាំងអស់បានឡើយ “ទទួលយកអារម្មណ៍​ដោយរូបកាយទាំងមូល” គឺជាការរួមបញ្ចូលញ្ញាណទាំងអស់ ជួយឲ្យយើងមានអារម្មណ៍ដឹងគ្រប់យ៉ាង និងស៊ីជម្រៅ។

ផ្ទះ​បុរាណ​ជប៉ុន​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែរ។ ថ្វីត្បិតតែ មានចំណុចដូចនឹងប្រទេសផ្សេងទៀតដូចជាសសរ និងដំបូល ប៉ុន្តែការដែលប្រើរបាំងតិចបែបនេះកម្រណាស់។

នៅខាងក្នុងផ្ទះ របាំង ឬគេហៅថាទ្វាររុញ “Fusuma” ប្រើសម្រាប់បែងចែកបរិយាកាស ចំណែករបាំង “Shoji” ប្រើសម្រាប់​ខណ្ឌនឹងផ្នែកខាងក្រៅ។ នេះជាលក្ខណៈពិសេសនៃស្ថាបត្យកម្មផ្ទះបុរាណជប៉ុន – រចនាប័ទ្មស្ថាបត្យកម្មដោយ​គ្មាន​ជញ្ជាំង។

មានមតិមួយចំនួននិយាយថា ការរចនាផ្ទះបុរាណជប៉ុនត្រូវបានបំផុសគំនិតដោយដើមឈើ។ ជាក់ស្តែង ដើមឈើធំ​តំណាង​ឲ្យសសរផ្ទះ ស្លឹកឈើធំគ្របពីលើដំបូលផ្ទះ។ ដើមឈើមិនមានការបែងចែកនោះទេ ដូច្នេះ​ផ្ទះ​បុរាណ​ជប៉ុន​ត្រូវ​បាន​រចនាដោយមិនមានរបាំងច្រើន ដែលជួយឲ្យមនុស្សមានអារម្មណ៍ថាមាន​ការ​ប្រែប្រួល​អាកាសធាតុ​ខាង​ក្រៅ។

ពេលខ្លះគេនិយាយថា ជនជាតិជប៉ុនមិនសូវចេះបង្ហាញពីអារម្មណ៍តាមរយៈពាក្យសម្តីនោះទេ ហើយចំណុចនេះធ្វើឲ្យពួក​គេ​មិនសមនឹងបរិយាកាសអន្តរជាតិ ជាកន្លែងប្រាស្រ័យទាក់ទងដោយផ្ទាល់ និងច្បាស់ណាស់ត្រូវបានលើកកម្ពស់ ប៉ុន្តែ​ដោយ​សារ​ពួកគេយកចិត្តទុកដាក់ចំពោះ “អារម្មណ៍នៃបរិយាកាស” ជា​ជាង​ការ​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​មែន​​ទេ?

ទំនាក់ទំនងរវាងមនុស្ស និងមនុស្សក៏ស្រដៀងគ្នាដែរ មនុស្សមិន​រស់​នៅ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែតែងតែភ្ជាប់ទំនាក់ទំនង​គ្នា​ដូច​ជា គ្រួសារ មិត្ត​ភក្តិ សហគមន៍ និង​មនុស្ស​ជាតិ។

ដូច្នេះហើយ មិនអាចគិតតែពីខ្លួនឯងនោះទេ ប៉ុន្តែត្រូវឆ្ពោះទៅរកគោលដៅរស់នៅ និងអភិវឌ្ឍរួមគ្នា។ នេះជាមូលហេតុ​ដែលគំនិត “រស់នៅ និងអភិវឌ្ឍរួមគ្នា” លេចឡើង។ នៅពេលដែលយើងចាត់ទុកភាគីដូចជាផ្នែកមួយរបស់ខ្លួន យើងនឹងរកចំណុចដែលល្អបំផុតសម្រាប់ពួកគេ។

ការប្រាស្រ័យទាក់ទងមិនល្អ និងវប្បធម៌ទទួលស្វាគមន៍ភ្ញៀវ Omotenashi គឺជាកត្តាពីរដែលផ្សារភ្ជាប់គ្នា។ ការប្រាស្រ័យទាក់ទងមិនល្អអាចធ្វើឲ្យមានការយល់ច្រឡំ និងបណ្តាលឲ្យការអនុវត្ត Omotenashi គ្មានប្រសិទ្ធភាព។

ខ្ញុំសង្ឃឹមថា តាមរយៈចំណេះដឹងទាំងនេះ អ្នកអាចយល់កាន់តែច្បាស់ចំពោះវប្បធម៌ជប៉ុន និងទទួលយកបទពិសោធដែលគួរឲ្យចាប់អារម្មណ៍​ពេល​ប្រា​ស្រ័យ​ទាក់ទងនឹងប្រជាជនជប៉ុន។ ទន្ទឹម​នឹងនេះ អ្នកក៏អាចយល់ពីប្រជាជនជប៉ុនកាន់តែច្រើនផងដែរ។

យ៉ាងណាមិញ ហាក់បីដូចជាអារម្មណ៍នេះកំពុងបាត់បង់បន្តិចម្តងៗនៅក្នុងសង្គមជប៉ុនសព្វថ្ងៃនេះ។

ខ្ញុំមានអារម្មណ៍សោកស្ដាយដែលអត្តសញ្ញាណជាតិរបស់ជប៉ុនហាក់បីដូចជាកំពុងបាត់បង់​បន្តិច​ម្តងៗ ដោយសារ​អន្តរ​​ភាវូបនីយកម្ម​​របស់​​ជនជាតិជប៉ុន។ តើអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ? សូមកុំភ្លេចបង្ហាញពីមតិយោបល់របស់​អ្នក​ខាង​ក្រោម។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: