ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ តើមតិយោបល់ដោយចៃដន្យអាចផ្លាស់ប្តូរពិភពលោកបានដែរទេ?
តើអ្នកដឹងទេថាគ្រាន់តែមតិយោបល់ដោយចៃដន្យក្នុងកម្មវិធីទូរទស្សន៍ជប៉ុននៅឆ្នាំ ១៩៨៨ បានរួមចំណែកស្តារវត្ថុបុរាណនៅប្រទេស Chile ដែរទេ?
ក្នុងអត្តបទថ្ងៃនេះ យើងនឹងស្វែងយល់អំពីកម្លាំងនៃមតិយោបល់នោះ និងឥទ្ធិពលវិជ្ជមានមកលើពិភពលោក។
មតិយោបល់នោះបានមកពីកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា “ស្វែងយល់អាថ៌កំបាំងពិភពលោក” ដែលសំណួរទាក់ទងនឹងអាថ៌កំបាំងនៅជុំវិញពិភពលោក។ ប្រធានបទនៅថ្ងៃនោះលើកយករូបសំណាក Moai នៅកោះ Easter ប្រទេស Chile ។
Moai គឺជារូបសំណាកថ្មធំដែលស្ថិតនៅលើកោះ Easter ប្រទេស Chile ។ ដោយកម្ពស់ជាមធ្យម ៣,៥ ម៉ែត្រ និងរូបសំណាកដែលខ្ពស់បំផុតគឺ ២០ ម៉ែត្រ រូបសំណាក Moai មានទម្ងន់អតិបរមារហូតដល់ទៅ ៩០ តោន។
គេជឿជាក់ថា រូបសំណាកថ្មអាថ៌កំបាំងទាំងនេះត្រូវបានសាងសង់ឡើងដើម្បីបម្រើដល់ពិធីសាសនា ប៉ុន្តែចំណុចនេះនៅតែជាអាថ៌កំបាំងមិនទាន់មានចម្លើយ។
រូបសំណាកថ្មទាំងនេះត្រូវបានធ្វើ និងដឹកជញ្ជូនយ៉ាងណាក៏ជាអាថ៌កំបាំងផងដែរ។ គេនិយាយថា នៅលើកោះ Easter មានដល់ទៅ ៩០០ រូបសំណាក Moai រួមទាំងរូបសំណាកដែលកំពុងបង្ហើយ។
ចូរស្រមៃមើល កោះដែលមិនធំប៉ុន្មាន បែរជាមានរូបសំណាកថ្មជាច្រើននៅរាយប៉ាយគ្រប់កន្លែង បង្កើតបានជាទិដ្ឋភាពដែលគួរឲ្យចាប់អារម្មណ៍។
ពិតជាគួរឲ្យសោកស្តាយណាស់ពេលដឹងថា Moai ដែលជាបេតិកភណ្ឌវប្បធម៌ពិសេស និងមិនអាចកាត់ថ្លៃបាននៃកោះ Easter បែរជាត្រូវបំផ្លាញដោយការដណ្តើមអំណាចរវាងកុលសម្ព័ន្ធនៅលើកោះទៅវិញ។ ចំនួនរូបសំណាក Moai ដែលត្រូវគេផ្តួលរំលំមានច្រើនណាស់ ដោយធ្វើឲ្យយើងមានអារម្មណ៍សោកស្តាយ។
នៅពេលដែលព័ត៌មាននេះត្រូវបានចាក់ផ្សាយក្នុងកម្មវិធី មតិយោបល់បង្ហាញពីភាពសោកស្តាយរបស់អភិបាលស្រុកនិយាយថា “ប្រសិនបើមានរថយន្តស្ទូចមួយ…” បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា។
បន្ទាប់ពីបានស្តាប់ការលើកឡើងនេះ តារាសម្តែងស្រី Kuroyanagi Tetsuko ដែលជាអ្នកចូលរួមកម្មវិធីនេះបាននិយាយដូចតទៅ៖
“តើ HITACHI មិនមានម៉ាសុីនស្ទូចទេឬ? ប្រសិនបើ HITACHI មានម៉ាសុីនស្ទូចពិតជាល្អណាស់…” ។
អ្នកឧបត្ថម្ភធំសម្រាប់កម្មវិធីនេះគឺ HITACHI ។
បុគ្គលម្នាក់ដែលបានមើលការផ្សាយចាប់ផ្តើមធ្វើសកម្មភាព។ លោកជាបុគ្គលិកក្រុមហ៊ុន TADANO LTD., ដែលមានទីស្នាក់ការនៅខេត្ត Kagawa ប្រទេសជប៉ុន។ នេះជាក្រុមហ៊ុនផលិតរថយន្តស្ទូចផ្នែកសំណង់ដ៏ធំបំផុតនៅលើពិភពលោក។
ដោយផ្អែកលើសំណើរបស់លោក គម្រោងស្តារនៅលើកោះ Moai ត្រូវបានចាប់ផ្តើម។ នៅពេលនោះ ជប៉ុនកំពុងស្ថិតក្នុងសម័យកាលសេដ្ឋកិច្ចពពុះ។ ទោះបីជាសេដ្ឋកិច្ចមានភាពរីកចម្រើន និងមានប្រាក់ច្រើនសម្រាប់អនុវត្តសកម្មភាពដែលរួមចំណែកដល់សង្គម ប៉ុន្តែទីតាំងគម្រោងនេះជាកោះដាច់ស្រយាលដែលមានចម្ងាយ ៣.៧០០ គីឡូម៉ែត្រពី Chile ដែលបង្កើតជាបញ្ហាជាច្រើនសម្រាប់គម្រោង។
ក្រៅពីនេះ មិនមានកំពង់ផែសម្រាប់នាំយកឧបករណ៍ធុនធ្ងន់នោះទេ ហើយនៅពេលនោះ Chile កំពុងស្ថិតក្នុងស្ថានភាពចលាចល ដូច្នេះពិបាកទទួលយកជំនួយ។
ទោះជាយ៉ាងណា ការស្តាររូបសំណាក Moai ប៉ុណ្ណោះមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវមានការស្ទង់មតិផ្នែកបុរាណវិទ្យា ចំណុចនេះបង្កើតជាបញ្ហាប្រឈមយ៉ាងខ្លាំង។ ក្រុមហ៊ុន TADANO បានផ្តល់ជាអំណោយរថយន្តស្ទូចចំនួន ៣ គ្រឿង និងស្តាររូបសំណាក Moai ជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង់ថ្លៃចំណាយទាំងអស់សម្រាប់រថយន្តស្ទូច ថ្លៃដឹកជញ្ជូន និងគម្រោងជួសជុលទាំងមូលផងដែរ។
នៅទីបំផុត កោះទាំងមូលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។
តារាសម្តែងស្រី Kuroyanagi Tetsuko ដែលជាអ្នកបញ្ចេញមតិបំផុសគំនិតដល់គម្រោងនេះ ដំបូងឡើយមិនដឹងពីសកម្មភាពស្តារឡើងវិញនោះទេ ហើយប្រហែលជានៅឆ្នាំ ២០១០ ទើបគាត់ដឹងថា មតិយោបល់ធម្មតារបស់ខ្លួនបានផ្លាស់ប្តូរពិភពលោក។
ប្រសិនបើមិនមានកម្មវិធីនេះ ហើយបើសិនជាអ្នកស្រី Kuroyanagi Tetsuko មិនបានបញ្ចេញមតិបែបនេះ ប្រហែលជារូបសំណាក Moai ដែលនៅលើកោះ Easter នឹងនៅដដែល។
អាចនិយាយបានថា នេះជាមតិយោបល់ដែលបានផ្លាស់ប្តូរពិភពលោក។ ក្រៅពីនេះ បុគ្គលិកក្រុមហ៊ុន TADANO LTD., ដែលជាអ្នកទទួលយកគំនិត ហើយចាប់ផ្តើមអនុវត្តគម្រោងនេះក៏អស្ចារ្យណាស់ដែរ។
ប្រសិនបើអ្នកមានឱកាសទៅដល់កោះ Easter សូមចងចាំដល់ប្រជាជនជប៉ុនដែលបានចូលរួមក្នុងគម្រោងនេះ។
Abe Kengo