រឿង​ព្រេង​និយាយ​ពី Abe no Seimei ជា​គ្រូ​សីល​ដែល​មាន​សមត្ថភាព​ដ៏អស្ចារ្យ​បំផុត

នៅជប៉ុនមានគ្រូសីលមួយរូប ឬ “Onmyoji” ដែលល្បីមានឈ្មោះថា Abe no Seimei ។ កើតនៅឆ្នាំ ៩២១ លោកជាអ្នក​​ដែល​មានសមត្ថភាពអស្ចារ្យ លើសពីកម្លាំងរបស់មនុស្ស។

តើលោកពិតជាគ្រូសីលដែល​មាន​សមត្ថភាព​អស្ចារ្យ​ ឬគ្រាន់តែជាបុគ្គលដែលត្រូវគេលាបពណ៌ច្រើនជំនាន់ប៉ុណ្ណោះ? ចូរ​យើងស្វែងយល់​អំពី​លោក Abe no Seimei តាមរយៈអត្ថបទនេះ។

បរិបទសហសម័យ

សម័យ Heian (៧៩៤-១១៨៥) ជាសម័យកាលដែលអំណាចផ្តោតលើវណ្ណៈអភិជនជប៉ុន។ នៅពេលនោះរដ្ឋធានីគឺ Heian-kyo “រដ្ឋធានីសន្តិភាព” (ដែលសព្វថ្ងៃគឺ Kyoto) ជាកន្លែងដែលពោរពេញទៅដោយល្បិចកុហក ហើយមានពាក្យ​ចចាម​អារ៉ាម​ថា​តែងតែមានបិសាចកំណាច។

នៅសម័យនោះ អាពាហ៍ពិពាហ៍ធ្វើតាមទំនៀមទម្លាប់ “Kayoikon” ជាទម្រង់អាពាហ៍ពិពាហ៍បុរាណ ដែលបុរសទៅផ្ទះ​ប្រពន្ធ​នៅ​ពេល​យប់ ហើយត្រឡប់ទៅផ្ទះវិញនៅពេលព្រឹក។

ប្រសិនបើបុរសនោះលែងទៅផ្ទះរបស់ប្រពន្ធ ដូច្នេះទំនាក់ទំនងអាពាហ៍ពិពាហ៍ត្រូវចាត់ទុកថាបានបញ្ចប់។ ទំនៀមទម្លាប់នេះធ្វើឲ្យស្រ្តីជាច្រើនត្រូវប្តីបោះបង់ចោល ដែលបណ្តាលឲ្យអាក់អន់ចិត្ត និងកំហឹង។ ការចងគំនុំរបស់ស្រ្តីដែល​​ត្រូវ​​គេ​​បោះ​​បង់ចោលជាប្រភពបណ្តាសាក្នុងវប្បធម៌ជប៉ុន។

បើតាម​ពាក្យ​ចចាមអារ៉ាម​ ចាប់ពី​ម៉ោង ១ ដល់​ម៉ោង​ ៣ ​ទៀបភ្លឺ គឺជា​ពេលវេលា​ដែល​បណ្តាសា​ប្រែ​មនុស្ស​ឲ្យទៅ​ជា​បិសាច។ ហើយក៏ជាពេលដែលអ្នកមិនត្រូវចេញទៅក្រៅនៅពេលយប់ផងដែរ។

ដើមកំណើតនៃការងារ Onmyoji 

ដូចដែលបានរៀបរាប់ខាងលើ រដ្ឋធានី Heiankyo ជាកន្លែងដែលតែងតែមានបិសាចបង្ហាញខ្លួន ធ្វើឲ្យប្រជាជនមាន​ការ​ព្រួយ​បារម្ភ។

ដោយពឹងលើសមត្ថភាពពិសេសរបស់ខ្លួន គ្រូសីលមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តេញវិញ្ញាណអាក្រក់ ការពាររាជការ និង​ប្រជាជន​ពី​កម្លាំង​អាក្រក់ ដូច្នេះ​ហើយ បាន​ជា​គ្រូសីល​មាន​តួនាទី​សំខាន់​ក្នុង​រាជការ និង​មាន​ឥទ្ធិពល​​ធំ។

រឿងនិយាយពី Abe no Seimei

តំណាលរឿងរបស់ Abe no Seimei មានភាពអាថ៍កំបាំងជាច្រើន ដោយបញ្ជាក់ពីតួនាទីជាគ្រូសីលដែលមានសមត្ថភាពមិនធម្មតា។ បើនិយាយពីសមិទ្ធិផលដ៏អស្ចារ្យគឺបានព្យាបាលជំងឺដែលមិនដឹងពីមូលហេតុ​របស់អធិរាជ ធ្វើឲ្យមាន​ភ្លៀង​នៅ​តំបន់​រាំង​ស្ងួត ឃុំខ្មោចព្រាយបិសាចជាដើម។

លោកមានសីលពិសេសមួយហៅថា Shikigami វេទមន្ត​នេះជួយឲ្យលោកអាចកោះហៅបិសាច និងបង្ខំពួកវាឲ្យគោរព​​តាម​​បញ្ជា​​របស់​​លោក។ លោកប្រើសីល Shikigami ដើម្បីយាម និងការពារផ្ទះពីអ្នកឈ្លានពាន និងវិញ្ញាណអាក្រក់។

មិនត្រឹមតែប៉ុណ្ណឹង សីល Shikigami ថែមទាំងអាចប្រើសម្រាប់ការងារផ្ទះដូចជាបោសសម្អាត ជូត ដែលជួយឲ្យគ្រូសីលមានពេលច្រើនសម្រាប់​ហ្វឹក​ហាត់ និង​ស្រាវ​ជ្រាវ។

យ៉ាងណាមិញ គេនិយាយថា គ្រូសីលដាក់ Shikigami នៅកន្លែងមួយដែលឆ្ងាយពីផ្ទះដើម្បីជៀសវាងធ្វើឲ្យប្រពន្ធខ្លាច ប៉ុន្តែចំណុច​នេះ​មិន​មែន​មាន​ន័យ​ថា លោក​មិន​យក Shikigami តាមខ្លួននោះទេ។

មានអ្នកខ្លះសង្ស័យកម្លាំងរបស់ Shikigami ហើយសួរលោក  Abe no Seimei ថា តើ Shikigami អាចសម្លាប់កង្កែបដែលកំពុងនៅក្នុងបឹងដែរទេ?

ដើម្បីបង្ហាញពីកម្លាំងរបស់ Shikigami លោក Abe no Seimei រើសយកស្លឹកមួយ សូត្រមន្តហើយបោះទៅរកកង្កែប។ រំពេច​​នោះ​នៅពេលដែលស្លឹកឈើ​ប៉ះ​កង្កែបក៏ខ្ទេចភ្លាម។

រឿងព្រេងនិយាយថា លោក Abe no Seimei ថែមទាំងមានសមត្ថភាពធ្វើឲ្យពុករបស់ខ្លួនរស់ឡើងវិញ។ ដូច្នេះពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ប្រសិន​បើ​ប្រឆាំងនឹងបុគ្គលរូបនេះ។

ឪពុកម្តាយរបស់លោក Abe no Seimei

ឪពុករបស់លោក Abe no Seimei ជាមនុស្សធម្មតាម្នាក់ ប៉ុន្តែម្តាយរបស់លោកត្រូវគេចាត់ទុកជាកញ្ជ្រោងកន្ទុយប្រាំ​បួន។

នៅជប៉ុនពីបុរាណកញ្ជ្រោងត្រូវគេចាត់ទុកជាប្រភេទសត្វមានសមត្ថភាពបោកបញ្ឆោតមនុស្ស ក្នុងចំណោមនោះ ប្រភេទ​កញ្ជ្រោងដែលមានសមត្ថភាពពិសេសគឺកញ្ជ្រោងកន្ទុយប្រាំបួន។ ប្រសិនបើទទួលយកសមត្ថភាពពិសេពីម្តាយ ដូច្នេះ​លោក Seimei Abe មាន​កម្លាំង​ពិសេស​ក៏មិនចម្លែកដែរ។ 

តើយើងអាចនឹងទទួលបានកម្លាំងពិសេសពីលោក Abe no Seimei ដែរទេ?

នៅជប៉ុនមានប្រាសាទមួយចំនួនត្រូវបានសាងសង់ឡើងដើម្បីគោរពបូជាលោក Abe no Seimei ដែលជាគ្រូសីលមាន​ទេពកោសល្យ​ល្បី​ក្នុង​ប្រវត្តិ​សាស្ត្រ។ ក្នុងចំណោមនោះមានប្រាសាទ Abe no Seimei នៅ Kyoto ដែលត្រូវបាន​សាង​សង់នៅស្រុកកំណើតរបស់លោក Seimei ។ ក្រៅពីនេះ មានប្រាសាទ Nagoya Seimei ត្រូវបានសាងសង់ក្រោយ​កន្លែង​ស្នាក់នៅរបស់លោក Seimei ជាកន្លែងដែលលោកបានសម្លាប់ពស់ពិសនៅខេត្ត Aichi ។

ក្រៅពីប្រាសាទទីសក្ការៈបូជាដែលបានរៀបរាប់ខាងលើ នៅមានកន្លែងជាច្រើនដែលទាក់ទងនឹងរឿងព្រេងរបស់លោក Abe no Seimei ។ ក្នុងចំណោមនោះគឺទីសក្ការបូជា Kumano នៅសង្កាត់ Katsushika ទីក្រុងតូក្យូ។ ដែលតំណាល​រឿង​និយាយ​ថា លោក Abe no Seimei មានទំនាក់ទំនងជិតស្និទ្ធនឹងទីសក្ការបូជា Kumano ។

សព្វថ្ងៃនេះ សង្រ្គាម វិបត្តិសេដ្ឋកិច្ច និងបញ្ហាសង្គមផ្សេងៗទៀត ធ្វើឲ្យមនុស្សកាន់តែច្រើនឡើងមិនពេញចិត្ត និងកំហឹង ដែលបង្កើត​ឳកាស​ឲ្យ​បិសាច​លេច​ឡើង។ យើង​មិន​អាច​មើលឃើញពួកវានោះទេ ប៉ុន្តែពួកវាអាចនឹងមាន ហើយ​ប៉ះ​ពាល់​ដល់​ជីវិត​របស់​យើង។

លោក Abe no Seimei ជាគ្រូសីលដែលមានទេពកោសល្យក្នុងប្រវត្តិសាស្ត្រជប៉ុន នៅតែមានភាពទាក់ទាញក្នុងសង្គម​សព្វ​ថ្ងៃ។ រូបភាព​របស់​លោក​មានក្នុងស្នាដៃ anime, manga និងរឿងភាពយន្តជាដើម។

ដូច្នេះហើយ លោក Abe no Seimei គឺជាតំណាងគុណតម្លៃដែលមនុស្សប្រាថ្នាចង់បាន៖ កម្លាំង ប្រាជ្ញា ភាពក្លាហាន សមត្ថភាព​ការ​ពារ​អ្នក​ទន់​ខ្សោយ និង​កម្ចាត់​អំពើ​អាក្រក់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: