សម័យ​កាល Jomon ជាកន្លែងដែលអាថ៌កំបាំង និង​សន្តិភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

នៅពេលដែលរំលឹកដល់ប្រវត្តិសាស្ត្រ​ជប៉ុន សាមូរ៉ៃជា​និមិត្ត​រូបដែលល្បីនៅលើពិភពលោក។ យ៉ាងណាមិញ នៅពីក្រោយ​នោះ Jomon ជាសម័យកាលអាថ៌កំបាំង និងគួរឲ្យចាប់អារម្មណ៍ ដែលចាប់ផ្តើមពី ១៦.០០០ ឆ្នាំមុន និងមាន​រយៈ​ពេល​ប្រហែល ១ ម៉ឺនឆ្នាំ។

ចំណុចម្យ៉ាងទៀតគឺ Jomon ស្ទើរតែត្រូវគេបំភ្លេចចោលក្នុងសៀវភៅ​ប្រវត្តិសាស្ត្រ​ពិភពលោក។

ចូរយើងធ្វើដំណើរផ្សងព្រេង​ត្រឡប់​ទៅអតីតកាល ហើយស្វែងយល់អាថ៌កំបាំងទាក់ទងនឹង Jomon តាម​រយៈ​អត្ថបទ​​នេះ។

ប្រៀបធៀបនឹងអរិយធម៌ធំៗចំនួនបួននៅលើពិភពលោក

និយាយពីអរិយធម៌មនុស្សលោក គេតែងតែគិតដល់អរិយធម៌ដ៏អស្ចារ្យទាំងបួននៃមេសូប៉ូតាមៀ អេហ្ស៊ីប ជ្រលងភ្នំឥណ្ឌូ និងទន្លេលឿង ហើយអរិយធម៌ទាំងបួននេះចាប់ផ្តើមប្រហែល ៧០០០ ឆ្នាំមុន។ ប្រហែល ៩០០០ ឆ្នាំក្រោយ​មក ទើប​សម័យ​កាល Jomon ចាប់ផ្តើម។

តើយើងគួរតែហៅថាអរិយធម៌ដែរទេ? អ្នកខ្លះនិយាយដូច្នេះ ហើយប្រសិនបើយើងចាត់ទុកនោះជាអរិយធម៌មាន​ន័យ​ថា ជប៉ុន​មាន​អរិយធម៌​មុនអរិយធម៌ដ៏អស្ចារ្យទាំងបួន។

ជីវិត​របស់​ប្រជាជន Jomon ?

បើតាមសៀវភៅពុម្ភជប៉ុន ប្រជាជន Jomon ភាគច្រើនរស់នៅដោយផ្អែក​លើ​ការ​បរបាញ់ និងបេះ​ផ្លែ​ឈើ។ ចំពោះការ​ដាំស្រូវ​ចាប់​ផ្តើម​នៅ​សម័យ Yayoi ។

នៅសម័យកាលនេះ ប្រជាជនធ្វើគ្រឿងស្មូន និងចម្អិនអាហារដែលបានមកពីការបរបាញ់។

យ៉ាងណាមិញ ការស្រាវជ្រាវថ្មីបំផុតបានឆ្លុះបញ្ចាំងពីជីវិតរបស់ប្រជាជន Jomon ។

ចំណុចដែលសំខាន់គឺថាពួកគេមិនពឹងផ្អែកទាំងស្រុងលើការបេះផ្លែឈើធម្មជាតិនោះទេ។

យោងតាមភស្ដុតាងបុរាណវិទ្យា ប្រជាជន Jomon នាំគ្នាដាំដើមឈើហូបផ្លែដូចជាសែន វ៉ាល់ណាត់ និងកៅឡាក់នៅតំបន់​ជុំវិញ​ភូមិ​របស់​ពួក​គេ។

ក្រៅពីនេះ ដាន​នៃ​ការ​ធ្វើ​ស្រែ​ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ។ ប្រហែលជាដាំនៅលើទឹកមិន​មែន​វាល​ស្រែ​ស្ងួត​ដូច​សព្វ​ថ្ងៃ​នោះទេ។

ដូច្នេះបើតាមទ្រឹស្តីដែលថា ការដាំដុះស្រូវនាំចូលពីប្រទេសចិនក្នុងអំឡុងសម័យ Yayoi មិនត្រូវនោះទេ។ ផ្ទុយទៅវិញ ការ​ដាំ​ដុះ​ស្រូវ​ផ្តើម​ពី​ប្រទេស​ជប៉ុន​ទៅកាន់ចិន។

ម្យ៉ាងវិញទៀត នៅពេលដែលនិយាយពីការបរបាញ់ សង្គមអ្នកបរបាញ់ បេះផ្លែឈើនៅទូទាំង​ពិភព​លោកតែងតែមានរបៀប​រស់​នៅ​បែប​ពនេចរ​ដើម្បី​ស្វែងរកប្រភពអាហារ។

យ៉ាង​ណា​មិញ អ្វី​ដែល​ចម្លែក​នោះ​គឺ​ប្រជាជន Jomon រើសយកការតាំងលំនៅ​ក្នុង​ភូមិ។ មនុស្សជាច្រើនគិតថា បើគ្រាន់​តែ​ផ្អែកលើការបរបាញ់ បេះផ្លែឈើមិនអាចបន្តការរស់នៅបែបនេះបានទេ។

សម័យកាលសន្តិភាពបំផុត

ថ្វីត្បិតតែ វត្ថុបុរាណ Jomon ត្រូវបានជីកកកាយ ប៉ុន្តែស្ទើរតែគ្មានដានសង្គ្រាមឡើយ។ ទោះបីជាមិនអាចនិយាយ​ថា​គ្មាន​សង្គ្រាម ប៉ុន្តែ​អាច​និយាយ​បាន​ថា សង្គ្រាមមិនបានកើតឡើងនៅសម័យ Jomon នោះទេ។

គេនិយាយថា មិនមានភាពខុសគ្នាច្រើនរវាងអ្នកមាន និងអ្នកក្រនោះទេ មិនមានភាពខុសគ្នារវាងឋានៈ ហើយក៏មិនមានអរិយធម៌នៅលើពិភពលោកមានសន្តិភាពរយៈពេល ១ ម៉ឺនឆ្នាំដែរ។

អ្នកប្រហែលជាគិតថា “ដោយសារមានកុលសម្ព័ន្ធតែមួយ” ប៉ុន្តែជាក់ស្តែងមិនមែននោះទេ។ នៅពេលដែលពិនិត្យមើល​វត្ថុ​បុរាណ​ដែលត្រូវបានរកឃើញ គេរកឃើញហ្សែនច្រើនប្រភេទ ចំណុចនេះបង្ហាញថា មានកុលសម្ព័ន្ធខុសៗគ្នាជា​ច្រើន​បានមកដល់ជប៉ុននៅសម័យកាលនោះ។

គេក៏បាននិយាយ​ដែរ​ថា ប្រជាជន Jomon បាន​ប្រើ​បច្ចេកទេសធ្វើទូកឈើ ដែលជួយឲ្យពួកគេធ្វើដំណើរនៅលើសមុទ្រ និង​លក់​ដូរ​នៅភូមិជិតខាង។

ជាង ២០០០ ឆ្នាំមកហើយដែលមានប្រតិទិនបស្ចិមប្រទេស ហើយរាប់មិនអស់សង្គ្រាមធំដែលបានកើតឡើងក្នុងអំឡុង​ពេល​នេះ។

តើប្រជាជន Jomon រក្សាសន្តិភាពអស់រយៈពេល ១ ម៉ឺនឆ្នាំដោយរបៀបណា? នេះជាចំណុចដែលធ្វើឲ្យយើងឆ្ងល់ និង​ភ្ញាក់​ផ្អើល។

លំនៅដ្ឋានរបស់ប្រជាជន Jomon ៖ មិនមែនរូងភ្នំនោះទេ

មនុស្សជាច្រើនគិតថា ប្រជាជន Jomon រស់នៅក្នុងរូងភ្នំ ដោយសារពួកគេរស់នៅសម័យបុរាណ ប៉ុន្តែតាមពិតទៅមិន​មែន​នោះ​ទេ។

ពួកគេរស់នៅក្នុងផ្ទះដែលត្រូវបានជួសជុលដូចបង្ហាញក្នុងរូបថតខាងក្រោម។

ផ្ទះ​ក្នុង​រូបភាពអាចនឹងមានទទឹងរហូត​ដល់​ទៅ ១៥ ម៉ែត្រ ដែលបង្ហាញពីកម្រិតសាងសង់​ខ្ពស់​របស់​ប្រជាជន Jomon ។

ជាការពិតណាស់ មិនមែនផ្ទះទាំងអស់សុទ្ធតែមានទំហំប៉ុណ្ណឹងនោះទេ ប៉ុន្តែការដែលអាចសាងសង់បានបែបនេះជាសញ្ញានៃអរិយធម៌មែនទេ?

ក្រៅពីនេះ ថែមទាំងមានផ្ទះ Jomon មួយចំនួនមាន​ប្រវែង​ជាង​ ២០ ម៉ែត្រ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតគឺ ដាន​សសរចំនួន ៦ ត្រូវ​បាន​រក​ឃើញ​ជាបន្តបន្ទាប់។

គេនិយាយថា សសរ​ទាំង ៦ នោះធ្វើពីឈើបីដើមមានអង្កត់ផ្ចិត​ប្រហែល​ ១ ម៉ែត្រ។ កម្ពស់​ផ្ទះ​ដែល​គេ​ប៉ាន់​ស្មាន​អាច​លើស​​ពី ២០ ម៉ែត្រ ដែល​ស្មើ​នឹង​អគារ​ ៥ ជាន់​សព្វ​ថ្ងៃ​នេះ។

ប្រសិនបើចំណុចនេះត្រូវបានបញ្ជាក់ថាត្រូវ មាន​ន័យ​ថាជប៉ុន​មាន​អរិយធម៌​អស្ចារ្យ​ ដែលមានអាយុកាលច្រើនជាង​​អរិយធម៌​​ធំៗ​​ទាំង​​បួនលើពិភពលោក។

បន្ទាប់ពីអានអត្ថបទនេះ តើអ្នកយល់យ៉ាងណា? តើអ្នកគិតថានេះជាយុគសម័យដែលគួរឲ្យ​ចាប់​អារម្មណ៍​ជា​​ជាង Ninja និង Samurai ដែរ​ទេ?

ខ្ញុំជឿជាក់ថា ប្រហែលជាមានអាថ៌កំបាំងបង្កប់ក្នុង Jomon ដែលជាសន្តិភាពពិភពលោកដ៏យូរអង្វែង។ ការស្រាវ​ជ្រាវ​​ចំពោះ Jomon កាន់​តែ​អភិវឌ្ឍ ដោយ​សន្យាថានឹងបង្ហាញពីអាថ៌កំបាំងជាច្រើនទាក់ទងនឹងអរិយធម៌នេះ។

យើងអាចសង្ឃឹមថា អាថ៌កំបាំងទាក់ទងនឹង Jomon អាចបកស្រាយបន្តិចម្តងៗ ដោយនាំមកនូវការយល់ដឹងថ្មីចំពោះ​​ប្រវត្តិ​​សាស្ត្រ និង​មេរៀន​សម្រាប់​អនាគត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: