ហេតុ​អ្វី​បាន​ជា​សម័យ​កាល​សាមូរ៉ៃ​ត្រូវ​បញ្ចប់?

នៅសម័យ Edo ជាសម័យកាលមានសន្តិភាព និងស្ថិរភាព ដែលគ្រប់គ្រងដោយ Tokugawa Shogunate នៃវណ្ណៈ​សាមូរ៉ៃ​ដឹក​នាំ។

យ៉ាងណាមិញ ក្រោយអំឡុងពេលជាង ២៦៥ ឆ្នាំ សម័យកាល Edo បានឈានដល់ទីបញ្ចប់ក្នុងឆ្នាំ ១៨៦៨ ។ ព្រឹត្តិ​ការណ៍​សំខាន់​​នេះ​​ហៅ​ថា Meiji Restoration ដែលកត់សម្គាល់ការផ្ទេរអំណាចពីមេដឹកនាំសាមូរ៉ៃ Yoshinobu Tokugawa ទៅ​ព្រះ​ចៅ​អធិរាជ។

បន្ទាប់មក ជប៉ុនឈានចូលសម័យកាលទំនើបកម្មយ៉ាងឆាប់រហ័ស។

ពិតជាគួរឲ្យសោកស្តាយដែល Samurai និង Ninja លែងមានទៀត។

ដូច្នេះហេតុ​អ្វីបានជាសម័យកាលសាមូរ៉ៃឈានដល់ទីបញ្ចប់?

ចូរយើងក្រឡេកមើលប្រវត្តិនៃចុងសម័យ Edo ដើម្បីដឹងពីមូលហេតុ​។

ជប៉ុនជាប្រទេសដែលធ្លាប់បិទច្រក

ជប៉ុន​អនុវត្ត​គោលនយោបាយ​បិទ​ប្រទេស ដោយកាត់ផ្តាច់សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​បរទេស (លើកលែងតែតំបន់មួយចំនួន) ។ 

លទ្ធផលជប៉ុនបានអភិវឌ្ឍវប្បធម៌ពិសេសដោយឡែករបស់ខ្លួន ប៉ុន្តែមូលហេតុដែលជប៉ុនផ្តាច់ខ្លួនចេញពីពិភព​លោក ដោយ​សារ​ប្រទេស​នេះ​មាន​ការ​ប្រុងប្រយ័ត្នចំពោះការត្រួតត្រាអាណានិគម។

អ្នកផ្សព្វផ្សាយគ្រិស្តសាសនាបានទៅកាន់បណ្តាប្រទេសអាស៊ី ចូលទៅជិតប្រជាជន ហើយធ្វើឲ្យប្រទេសទាំងនេះក្លាយ​ជាអាណានិគម។

ដោយ​យល់​ពី​ស្ថានភាព​នេះ ជប៉ុន​បាន​សម្រេច​ចិត្ត​បិទច្រក ហើយគៀបសង្កត់គ្រីស្ទបរិស័ទក្នុងប្រទេស។

មានមនុស្សជាច្រើនស្លាប់ ដូច្នេះយើងមិនអាច​វិនិច្ឆ័យថាសកម្មភាព​នេះ​ល្អ ​ឬ​អាក្រក់​នោះ​ទេ។ យ៉ាងណាមិញ ប្រសិន​​បើ​​ចំនួន​​អ្នកជឿនៅតែបន្តកើនឡើង ជប៉ុននឹងក្លាយជាប្រទេសក្រោមអាណានិគម។

ជប៉ុនបើកប្រទេសបន្តិចម្តងៗ

ប្រទេសជាច្រើនរកមធ្យោបាយទាក់ទងនឹងជប៉ុន ដែលជាប្រទេសកំពុងបិទច្រក។ សូម្បី​តែ​អាមេរិក​ក៏​បញ្ជូន​នាវា​ចម្បាំង​​មក​ដើម្បី​បង្ខំឲ្យជប៉ុនបើកទ្វារផងដែរ។

ដោយភ្ញាក់ផ្អើលនឹងកប៉ាល់ដែកធំដែលពួកគេមិនធ្លាប់ឃើញពីមុនមក ដូច្នេះការជជែកដេញដោលបានផ្ទុះឡើងនៅ​​ជប៉ុន តើ​គួរ​តែ​បើកប្រទេសដែរទេ?

នៅទីបំផុត ដោយសារភាពខុសគ្នានៃកម្លាំងយោធា ជប៉ុនត្រូវបង្ខំចិត្តបើកទ្វារ។

សង្គ្រាម​ស៊ីវិល​កាន់​តែ​ខ្លាំងឡើងនៅជប៉ុន

នៅតំបន់ភាគខាងលិចខេត្ត Kagoshima នាពេលសព្វថ្ងៃ តំបន់ដែលមានឥទ្ធិពលមានឈ្មោះថា Satsuma ។

នៅទីនេះល្បីយកឈ្នះកងទ័ព​អង់គ្លេស ដែលធ្វើឲ្យពួកគេ​លាន់​មាត់​និយាយថា “អ្នក​ចម្បាំង​ទាំង​នេះ​ក្លាហាន​ជាង​ការ​​គិត​​ទៅ​​ទៀត ពិតជាគួរឲ្យសរសើរណាស់!” ហើយនៅទីបំផុតភាគីទាំងពីរបានក្លាយជាមិត្ត។

ក្រោយមក Satsuma និង Choshu ដែលស្ថិតនៅខេត្ត Yamaguchi សព្វថ្ងៃ បានលើកឡើងចលនាផ្ដួល​រំលំ Shogunate (រដ្ឋាភិបាល​នៅ​ពេល​នោះ) ហើយបង្កើតយុគសម័យថ្មី។

ថ្វីត្បិតតែ នេះជាសង្រ្គាមរវាងប្រជាជនជប៉ុនក៏ដោយ ប៉ុន្តែតាមពិតទៅ នៅពីក្រោយ Satsuma និង Choshu មានការគាំទ្រពីអង់គ្លេស ខណៈដែលភាគី Shogunate មានការគាំទ្រពីបារាំង បានធ្វើឲ្យសង្រ្គាមស៊ីវិលនេះក្លាយទៅជាសង្រ្គាម​ប្រូកស៊ីរវាងអង់គ្លេស និងបារាំង។ សង្គ្រាម​កាន់តែ​តានតឹង បង្ខំឲ្យភាគីទាំងពីរត្រូវនាំចូលសព្វាវុធ​ បណ្តាលឲ្យ​មាន​ការ​ខ្ចី​ប្រាក់​ពីអង់គ្លេស និងបារាំងកាន់តែច្រើនឡើង។

ថ្វីត្បិតតែ Shogunate នៅមានសមត្ថភាពប្រយុទ្ធ ប៉ុន្តែព្រួយបារម្ភថា សង្គ្រាមធ្វើឲ្យជប៉ុនជំពាក់បំណុល ហើយក្លាយជា​អាណា​និគម មិនថាភាគីណាឈ្នះក៏ពួកគេសម្រេចចិត្តប្រគល់អំណាចឲ្យអធិរាជវិញ ដោយបើកសករាជថ្មី។

ចាប់ពីពេលនោះមក អធិរាជបានក្លាយជាចំណុចរួម ហើយអ្នកដែលមកពី Satsuma និង Choshu កាន់តំណែងសំខាន់​ក្នុង​រដ្ឋាភិបាល។

បើក្រឡេកមើលចំនួននាយករដ្ឋមន្ត្រីជប៉ុនភាគច្រើនមកពីខេត្ត Yamaguchi ដែលផ្សារភ្ជាប់នឹងទំនាក់ទំនងប្រវត្តិ​​សាស្ត្រ Choshu យើង​អាច​មើលឃើញឥទ្ធិពលដ៏អស្ចារ្យរបស់ពួកគេក្នុងពិភពនយោបាយ។

លទ្ធផលឯករាជ្យភាពត្រូវបានរក្សា

នៅទីបំផុត ជប៉ុនបានរួចផុតពីអាណានិគម ហើយបន្តអភិវឌ្ឍ។ បន្ទាប់មក ជប៉ុនផ្តោតទៅលើការពង្រឹងយោធា និងធ្វើសង្គ្រាមជាមួយមហាអំណាចពិភពលោក។

ចំណុចគួរឲ្យយកត់សម្គាល់មួយគឺថា អាមេរិកជាប្រទេសដែលបង្ខំឲ្យជប៉ុនបើកទ្វារ មិនបានចូលរួមការប្រយុទ្ធរបស់ជប៉ុន មិនដូចអង់គ្លេស និងបារាំងនោះទេ។

Yoshinobu Tokugawa ដែលជាលោកមេទ័ពចុងក្រោយរបស់ Shogunate មិនទទួលការផ្តន្ទាទោសឡើយ។ លោកទទួលបានមុខតំណែងនៅយុគសម័យថ្មី ហើយគ្រួសារ Tokugawa នៅតែបន្តទៅមុខ។

ថ្វីត្បិតតែ គោលបំណង និងលទ្ធផលនៃសង្គ្រាមគឺដើម្បីការពារជប៉ុន ប៉ុន្តែក៏មានមនុស្សជាច្រើនបានលះបង់ជីវិតដើម្បីគ្រួសារ Tokugawa ។

ខ្ញុំឆ្ងល់ថា តើពួកគេពេញចិត្តនឹងលទ្ធផលនេះ ឬមានតែខ្ញុំទេដែលគិតដូច្នេះ?

ខ្ញុំ​មើល​ឃើញ​ថា ភាពស្ទាក់ស្ទើររបស់​មេដឹកនាំអាចបណ្តាលឲ្យមនុស្សជាច្រើនស្លាប់។ យើងគួរតែមើលឆ្ងាយជាងនេះមុន​​នឹង​​សម្រេច​​ចិត្ត​​ធ្វើ​​សង្រ្គាម។

ពិភពលោកសព្វថ្ងៃនេះនៅតែមានសង្រ្គាមជាច្រើន ហើយខ្ញុំសង្ឃឹមថា អ្នកដឹកនាំអាចមើលឆ្ងាយជាងនេះ ជៀស​វាង​ផល​វិបាក​អវិជ្ជមាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: