សិទ្ធិពិសេសរបស់ Oiran នៅតំបន់ភ្លើងក្រហម និងការដាក់ពិន័យចំពោះបុរសដែលផិតក្បត់
មិនថាពេលវេលា ឬទីកន្លែងណាក៏ដោយ នៅកន្លែងដែលមានបុរស និងស្រ្តី តែងតែមានឧស្សាហកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យ។ នៅជប៉ុនពីមុន តំបន់ភ្លើងក្រហមដែលត្រូវបានរដ្ឋាភិបាលទទួលស្គាល់គឺ Yoshiwara នៃទីក្រុងតូក្យូ។ ក្នុងទីក្រុងមានតំបន់កម្សាន្តសម្រាប់មនុស្សពេញវ័យ ហើយ Yoshiwara ជាតំបន់ដ៏ធំមួយ។
Edo (ដែលសព្វថ្ងៃគឺតូក្យូ) ក្នុងសម័យសាមូរ៉ៃ មានមនុស្សជាច្រើនធ្វើចំណាកស្រុកពីតំបន់ផ្សេងមកធ្វើការនៅទីនេះ ហើយខ្ញុំគិតថា អត្រាបុរសខ្ពស់ជាមូលហេតុដែលធ្វើឲ្យតំបន់នេះមានការអភិវឌ្ឍ។ តើអ្នកដឹងទេថានៅ Yoshiwara បង្កប់ច្បាប់មួយគឺ “ហាមឃាត់អំពើផិតក្បត់” ដែរទេ?
កុំក្បត់នារីដែលធ្លាប់ស្គាល់
នេះជាច្បាប់ពិសេស ដែលមានតែស្រ្តីរកសុីផ្លូវភេទ និងស្រ្តីពេស្យាលំដាប់ខ្ពស់ ឬគេហៅថា Oiran ប៉ុណ្ណោះទើបមាន ហើយនៅពេលដែលអ្នកសប្បាយនឹងស្រ្តីលំដាប់ខ្ពស់ម្នាក់ អ្នកមិនអាចស្គាល់ស្រ្តីផ្សេងទៀតក្នុងតំបន់ Yoshiwara ឡើយ។
អ្វីដែលចម្លែកគឺថានៅ Yoshiwara ជាកន្លែងដែលមនុស្សមកក្នុងគោលបំណងផិតក្បត់ បែរជាមានច្បាប់ហាមឃាត់អំពើផិតក្បត់ ចំណុចនេះពិតជាពិបាកយល់ណាស់មែនទេ?
ដូច្នេះតើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកផិតក្បត់?
ទុកឲ្យបុរសនោះមានអារម្មណ៍អាម៉ាស់ និងបាក់មុខ
ប្រហែលនេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលគេនិយាយតៗគ្នានៅតំបន់ Yoshiwara ប៉ុណ្ណោះ។ យ៉ាងណាមិញ រឿងពិតឬយ៉ាងណានៅតែជាអាថ៌កំបាំងនៅឡើយ។
គេនិយាយតៗគ្នាថា បុរសដែលផិតក្បត់អាចនឹងបង្ហាញខ្លួននៅចំពោះមុខមនុស្សគ្រប់គ្នាក្នុងស្ថានភាពដូចខាងក្រោម៖
・ត្រូវកាត់សក់បួង
・ត្រូវបង្ខំឲ្យស្លៀកសម្លៀកបំពាក់ស្រ្តី
ពិតជាពិបាកណាស់មែនទេ…
ថ្វីត្បិតតែ មិនច្បាស់ថារឿងបែបនេះធ្លាប់កើតឡើងដែរឬអត់ក៏ដោយ ប៉ុន្តែហាក់បីដូចជាការហាមឃាត់ចូលហាង និងបង់ប្រាក់ពិន័យធ្លាប់កើតឡើងយ៉ាងហោចណាស់ប៉ុន្មានករណីដែរ។
ចំពោះប្រាក់ពិន័យមិនអាចកំណត់ច្បាស់លាស់នោះទេ ប៉ុន្តែដើម្បីទទួលបានសេវាកម្មរបស់ Oiran លំដាប់ខ្ពស់ អ្នកត្រូវចំណាយប្រាក់យ៉ាងច្រើន ដូច្នេះប្រហែលជាប្រាក់ពិន័យមិនតិចឡើយ។
ការចំណាយ និងកម្សាន្តជាមួយ Oiran
នេះជាចំណុចដែលគួរឲ្យចាប់អារម្មណ៍នៅជប៉ុន ម្យ៉ាងអ្នកមិនអាចដោះស្រាយគ្រប់យ៉ាងដោយផ្អែកលើប្រាក់នោះទេ។ ខ្ញុំនឹងពន្យល់ពីការទទួលយកសេវាកម្មរបស់កំពូលស្រីស្អាតនៅជប៉ុន។
ជាដំបូង អ្នករើសយកម្នាក់ក្នុងចំណោមស្រីស្អាតដែលគេនិយាយតៗគ្នា។ នៅសម័យកាលដែលមិនមានរូបថត ពាក្យចចាមអារ៉ាមប្រហែលជាប្រភពព័ត៌មានគួរឲ្យទុកចិត្តបំផុត។ បន្ទាប់មក អ្នកគ្រាន់តែរង់ចាំ នោះ Oiran នឹងរៀបចំយ៉ាងដិតដល់ ហើយទទួលស្វាគមន៍អ្នកតាមរយៈក្បួនដង្ហែ។
Oiran Dochu គឺជាព្រឹត្តិការណ៍ដ៏ល្បីនៅ Yoshiwara កន្លែងដែលភ្ញៀវកិត្តិយសទទួលការស្វាគមន៍តាមរយៈក្បួនដង្ហែយ៉ាងឧឡារិក។ បន្ទាប់មក ពួកគេត្រូវបានអញ្ជើញឲ្យចូលបន្ទប់របស់ Oiran នាងនឹងបម្រើអាហារ និងស្រាដែលឆ្ងាញ់បំផុត។
យ៉ាងណាមិញ ភ្ញៀវទាំងនេះមិនអាចធ្វើអ្វីក្រៅពីទទួលយកពិធីជប់លៀងនោះទេ។ បើតាមតម្លៃសព្វថ្ងៃនេះ ពិធីជប់លៀងជាមួយ Oiran បែបនេះមានតម្លៃចន្លោះពី ៣ ទៅ ៥ លានយ៉េន។
ហើយក្រោយមក គ្រប់យ៉ាងនឹងបញ្ចប់ត្រឹមនេះ។
សូម្បីតែប៉ះ Oiran ក៏មិនត្រូវបានអនុញ្ញាតដែរ។ ម្យ៉ាងវិញទៀត មានព័ត៌មានមួយចំនួនបានឲ្យដឹងថា Oiran អាចបដិសេធអតិថិជន។ ដូច្នេះអ្វីដែលសំខាន់គឺអំណាចស្ថិតលើ Oiran ។ នៅជប៉ុនមានច្បាប់តឹងរ៉ឹងខាងផ្នែកឧស្សាហកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យ ដូច្នេះតើនៅប្រទេសផ្សេងទៀតមានច្បាប់បែបនេះដែរទេ?
បន្ទាប់ពីធ្វើបែបនេះម្តងហើយម្តងទៀត គេនិយាយថា ក្រោយលើកទី ៣ ទើបអ្នកមានឳកាសចូលដល់គ្រែរបស់ Oiran ។ មូលហេតុដែលស្មុគស្មាញបែបនេះដោយសារគេនិយាយថា មានប្រភពមកពីការយកតម្រាប់តាមពិធីមង្គលការនៃវណ្ណៈអភិជនបុរាណ។
សាកស្រមើល អាចនៅជាមួយ Oiran អ្នកត្រូវចំណាយចាប់ពី ៩ ដល់ ១៥ លានយ៉េន។ ជាមួយនឹងចំនួនទឹកប្រាក់ច្រើនដូចនេះ តើអ្នកមានអារម្មណ៍ញញើតពេលគិតដល់ប្រាក់ពិន័យដែរទេ?
Abe Kengo