បញ្ហាស្រលាញ់ភេទដូចគ្នារបស់សាមូរ៉ៃ (Shudo) ខុសគ្នាយ៉ាងណាបើធៀបនឹងពិភពលោក
ប្រហែលជាអ្នកទាំងអស់គ្នាយល់ថា ជប៉ុនជាប្រទេសដែលមិនច្បាស់អំពី LGBT (អ្នកស្រលាញ់ភេទដូចគ្នា) ប៉ុន្តែនោះគ្រាន់តែជារឿងនៅសម័យនេះប៉ុណ្ណោះ។ ជាក់ស្តែង កាលពីសម័យមុនសាមូរ៉ៃមានទំនាក់ទំនងភេទដូចគ្នា។
យ៉ាងណាមិញ នេះជាចំណុចខុសប្លែកនឹងប្រទេសផ្សេងទៀតដែលគេហៅថា “Shudo” ក្នុងវប្បធម៌ជប៉ុន។ Shudo មិនត្រឹមតែជាវិធីបំបាត់ចំណង់ផ្លូវភេទប៉ុណ្ណោះទេ ថែមទាំងបង្កប់អត្ថន័យប្រយុទ្ធជាមួយគ្នាដល់ទីបញ្ចប់ តាំងចិត្តត្រៀមខ្លួនប្រឈមមុខនឹងសេចក្តីស្លាប់។
ពួកគេប្រហែលជានិយាយដាក់គ្នាថា “ខ្ញុំនឹងស្លាប់ដើម្បីអ្នក” ។ ខ្ញុំមិនខ្វល់នោះទេ ប៉ុន្តែប្រសិនបើឮពាក្យទាំងនេះ ខ្ញុំប្រហែលជាមានអារម្មណ៍ថា មិនដឹងត្រូវធ្វើយ៉ាងណា។
អំឡុងពេលបង្ហាញពីក្តីស្រលាញ់
ហាក់បីដូចជាសាមូរ៉ៃចំណាយពេលសម្រាប់ទំនាក់ទំនងនេះច្រើនជាងអ្នកមានភេទខុសគ្នាទៅទៀត។
យោងទៅតាមសៀវភៅណែនាំដើម្បីក្លាយទៅជាសាមូរ៉ៃ ជាដំបូង ពួកគេត្រូវចាត់ទុកបុរសដែលខ្លួនចូលចិត្តដូចជាមិត្តភក្តិធម្មតាប្រហែល ៥ ឆ្នាំ ហើយបន្ទាប់មកនៅពេលដែលពួកគេប្រាកដថា បុរសរូបនោះមិនក្បត់ ទើបពួកគេបង្ហាញពីអារម្មណ៍។
ម្យ៉ាងវិញទៀត ស្នេហាពិតទុកសម្រាប់មនុស្សម្នាក់ក្នុងមួយជីវិតប៉ុណ្ណោះ។ ពួកគេមិនដាក់ចិត្តស្រលាញ់នរណាម្នាក់ប្រសិនបើភាគីមិនព្រមរួមដំណើរនោះទេ។ ចំណុចនេះមានន័យថា ពួកគេមិនបានចាប់ផ្តើមទំនាក់ទំនងដោយចៃដន្យឡើយ។
របៀបបដិសេធ
ស្រលាញ់នរណាម្នាក់ ស្រាប់តែយល់ថាមិនត្រូវគ្នាជារឿងដែលអាចនឹងកើតឡើងទាំងទំនាក់ទំនងបុរស និងស្រ្តី ក៏ដូចជាភេទដូចគ្នា។ របៀបបដិសេធសម្រាប់ករណីនេះក៏ត្រូវបានលើកឡើងក្នុងសៀវភៅណែនាំផងដែរ។
ប្រសិនបើសម្រេចចិត្តស្រលាញ់គ្នារហូតដល់ថ្នាក់ហ៊ានប្រថុយជីវិត យល់អំពីភាគីជារឿងដែលសំខាន់ខ្លាំងណាស់។ បើសិនជាយល់ថាមិនត្រូវគ្នាក្នុងដំណាក់កាលនេះ ពួកគេនឹងកាត់ផ្តាច់ស្នេហាទាំងអស់ ហើយបដិសេធទំនាក់ទំនងយ៉ាងច្បាស់។
កុំផ្តោតសំខាន់លើរឿងខុស ឬត្រូវ។ និយាយចេញរឿងទាំងនោះគ្រាន់តែដោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ ហើយមិនអាចដោះស្រាយបញ្ហាដែលនៅពីក្រោយនោះទេ។ នេះជារបៀបគិតដែលស៊ីជម្រៅណាស់មែនទេ?
តើសាមូរ៉ៃដែលស្រលាញ់ភេទដូចគ្នាចូលចិត្តស្រ្តីដែរទេ?
បើតាមសៀវភៅណែនាំគឺអត់នោះទេ។
សាមូរ៉ៃដែលស្រលាញ់ភេទដូចគ្នាស្មោះចំពោះមនុស្សម្នាក់អស់មួយជីវិត។ មិនសំខាន់ថា បុរស ឬស្រ្តីនោះទេ បញ្ហាស្រលាញ់មនុស្សពីរនាក់ក្នុងពេលតែមួយជារឿងដែលមិនអាចទទួលយកបានឡើយ។
ជាក់ស្តែងតើស្នេហារបស់សាមូរ៉ៃយ៉ាងណា?
ថ្វីត្បិតតែ មិនអាចស្រលាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ យ៉ាងណាមានអ្នកស្រលាញ់ភេទដូចគ្នាមួយចំនួនខុសគ្នា ប៉ុន្តែមិនច្រើននោះទេ។
ឧទាហរណ៍៖ នៅលើសមរភូមិគ្មានស្រ្តីនោះទេ មានតែបុរសប៉ុណ្ណោះ។ សាមូរ៉ៃមួយចំនួនអាចនឹងមានអារម្មណ៍រំភើបពេលចូលរួមសមរភូមិ។
ប្រសិនបើក្នុងចំណោមនោះមានបុរសសង្ហាម្នាក់ តើអាចនឹងបង្កើនអារម្មណ៍រំភើបដែរទេ? មានករណីជាច្រើនពួកគេមិនអាចគ្រប់គ្រងខ្លួនឯង ហើយក៏ចាប់ផ្តើមរួមភេទ។
ក្រៅពីនេះ ក្នុងរឿងភាគជប៉ុន មានបុរសកាន់ដាវពីរនាក់ឈរនៅពីក្រោយស្តេចក្រាញ់។ ប្រហែលពួកគេជាដៃគូអ្នកស្រលាញ់ភេទដូចគ្នានៃស្តេចក្រាញ់។ ក្នុងរឿងទាំងនេះ ពួកគេតែងតែមានរូបរាងសង្ហា។
ហើយជាការពិតណាស់ ស្តេចក្រាញ់ត្រូវការអ្នកស្នងតំណែងម្នាក់ដែលជាកូនរបស់ខ្លួន ដូច្នេះការដែលមានប្រពន្ធច្រើនក៏ជារឿងធម្មតាដែរ។ មិនដឹងថាត្រូវនិយាយបែបណានោះទេ សាមូរ៉ៃជប៉ុនពិតជាខ្លាំងណាស់មែនទេ។
បុគ្គលដែលមានឈ្មោះថា Toyotomi Hideyoshi
Toyotomi Hideyoshi ដែលជាទ័ពថ្មើរជើងកម្រិតទាបបានក្លាយទៅជាសាមូរ៉ៃឈានមុខគេនៅជប៉ុន។ ដោយល្បីថាជាមនុស្សស្រលាញ់ស្ត្រី ដូច្នេះគាត់មិនចាប់អារម្មណ៍ចំពោះទំនាក់ទំនងភេទដូចគ្នានោះទេ។
រឿងចាប់ផ្តើមដោយបុរសវ័យក្មេងម្នាក់ឈ្មោះថា Hashiba Chokichi បានរួមដំណើរជាមួយនឹង Hideyoshi ក្នុងនាមជាទ័ពបម្រើ។ ប្រហែលជារូបរាងសង្ហារបស់ Chokichi បានក្លាយជាប្រធានបទសម្រាប់ពិភាក្សា។ នៅទីបំផុត Hideyoshi បានកោះហៅ Nagayoshi ដើម្បីពិភាក្សាជាសម្ងាត់។ តើដល់ពេលដែលគាត់ត្រូវចាប់ផ្តើមទំនាក់ទំនងភេទដូចគ្នាឬ?
ប៉ុន្តែអ្វីដែល Hideyoshi បាននិយាយទៅកាន់ Nagayoshi គឺ “តើអ្នកមិនមានបងស្រីទេឬ?”
ដូច្នេះ Hideyoshi នៅតែស្រលាញ់ស្រ្តីប៉ុណ្ណោះ។ ប្រហែលជាដោយសារគាត់មិនកើតក្នុងគ្រួសារសាមូរ៉ៃ ដូច្នេះគាត់មិនបានបង្រៀនអំពី Shudo ហើយដូចជាមិនចាប់អារម្មណ៍លើរឿងនេះឡើយ។
Abe Kengo