អ្នកដឹងទេថា សៀវ​ភៅ​រឿង Manga ជប៉ុន​មាន​ប្រវត្តិ ៨០០ ឆ្នាំ​មក​ហើយ

ស៊ូសុី សាមូរ៉ៃ និងរ៉ាមេនសុទ្ធតែជានិមិត្តសញ្ញាដែលតំណាងឲ្យជប៉ុន ប៉ុន្តែហាក់បី​ដូច​ជាគ្រប់យ៉ាងបានផ្លាស់ប្តូរបន្តិច។

វត្តមានរបស់ Manga និង Anime ទម្រង់សិល្បៈទាំងពីរប្រភេទដែលល្បីនៅជុំវិញពិភពលោក ហើយបានក្លាយជានិមិត្ត​សញ្ញា​របស់​ជប៉ុន​បន្តិច​ម្តងៗ។

Manga គឺជាសៀវភៅរឿងជប៉ុន ចំណែកឯ Anime គឺជារឿងគំនូរជីវចលជប៉ុន។ បើតាមប្រវត្តិ Anime ចេញក្រោយ Manga ប៉ុន្តែ​តើអ្នកទាំងអស់គ្នាដឹងពីប្រវត្តិបង្កើត Manga ជប៉ុនដែរទេ?

ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះ។

Manga អាចនឹងមានប្រភពមកពី “Chojugiga” (ប្រែថា៖ រមូរក្រដាសសត្វ) ដែលគេចាត់ទុកជាសៀវភៅរឿងចំណាស់​ជាង​គេ​នៅ​ជប៉ុន ត្រូវបានគូរកាលពី ៨០០ ឆ្នាំមុន។

រូបគំនូរនេះបង្ហាញអំពីសត្វទន្សាយ និងកង្កែបកំពុងប្រកួត sumo ដែលជាកីឡាប្រពៃណីជប៉ុន។

ថ្វីត្បិតតែ មានចំណុចមួយចំនួនស្រដៀងនឹង manga សម័យនេះ ដូចជាការនិទាននិយាយពីប្រភេទសត្វជាច្រើន និង​សាច់​រឿង​កំប្លែង។ យ៉ាងណាមិញ Chojugiga ក៏មានចំណុចខ្លះខុសពី manga សព្វថ្ងៃ ហើយសៀវភៅរឿងនេះត្រូវគេ​ចាត់​ទុក​ដូច​ជា​សម្បត្តិ​ជាតិ។

“ទេ អត់ទេ នេះមិនមែនជា Manga នោះទេ” – មនុស្សមួយចំនួនបានបង្ហាញពីមតិយោបល់ចំពោះសៀវភៅរឿង Chojugiga ។

ដូច្នេះចូរយើងបន្តទៅចំណុចបន្ទាប់។ នោះគឺជាសៀវភៅរឿង Hokusai Manga ខាងក្រោមនេះ។

សៀវភៅ Hokusai Manga ត្រូវបានបោះពុម្ពនៅឆ្នាំ ១៨១៤ ។ ការបង្ហាញជាទម្រង់សៀវភៅជំនួសឲ្យរមូរក្រដាសបាន​ធ្វើ​ឲ្យ​ស្នាដៃ​នេះ​កាន់​តែ​ស្រដៀង​នឹង manga ដែលគេចាត់ទុកជាស្នាដៃដំបូងប្រើពាក្យ “Manga” ។

ដោយមិនរៀបរាប់សាច់រឿង សៀវភៅ Hokusai Manga ស្រដៀងកម្រងរូបភាពបង្ហាញពីរូបគំនូរមនុស្ស សត្វ រុក្ខជាតិ ទំនៀម​ទម្លាប់ មុខ​​របរ​​ជា​ដើម។

“អូ នៅតែមិនមែនជា Manga ឬ?”

ដូច្នេះចូរយើងមើលចំណុចបន្ទាប់។

នេះហើយទើបជា Manga ។

សៀវភៅរឿងនេះមានឈ្មោះថា Shin Takarajima និពន្ធដោយ Tezuka Osamu និងត្រូវបានបោះពុម្ពនៅឆ្នាំ ១៩៤៧ ។ ស្នាដៃ​នេះមើលទៅពេញលេញមិនខុសពី Manga នោះទេ។

មិនមែនជាការបំផ្លើសទេដែលនិយាយថា លោកជាអ្នកបង្កើត Manga និង Anime ជប៉ុន ទន្ទឹមនឹងនេះ បានបន្សល់​ទុក​ស្នាដៃ​ល្បីជាច្រើន​លើ​ពិភព​លោក។

“Tetsuwan Atom” ឬគេហៅថា ATOM គឺជាស្នាដៃ Manga ឆ្នើមបំផុតរបស់លោក។

លោកមិនត្រឹម​តែជា​អ្នក​គំនូរសៀវភៅរឿងដែលមាន​ទេពកោសល្យ​ម្នាក់​ប៉ុណ្ណោះ​ទេ ថែមទាំងជា​គ្រូពេទ្យ​ផង​ដែរ។ គាត់បានប្រើសមត្ថភាពទាំងពីររបស់ខ្លួនដើម្បីនិពន្ធសៀវភៅរឿង Manga សរសេរពីវេជ្ជសាស្រ្តមានឈ្មោះថា “Black Jack” ។

លោក Tezuka Osamu បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់ Manga និង Anime ជប៉ុន ចំណែកឯ Doraemon និង Gundam គឺ​ជាស្នាដៃដែលដើរតាមគន្លងរបស់លោក ដោយជួយឲ្យ Manga និង Anime ជប៉ុនល្បីទូទាំង​ពិភព​លោក។

Manga ល្បីខ្លាំងរហូតត្រូវបានបញ្ចូលក្នុងវចនានុក្រមអង់គ្លេសហៅថា “Manga” ប៉ុន្តែខ្ញុំគិតថា ប្រភពដើមរបស់វានៅ​តែ​ជា​រូប​គំនូរ​សត្វ “Chojugiga” កាលពី ៨០០ ឆ្នាំមុន។

មិននឹកស្មានថា រូបគំនូរសត្វដ៏រស់រវើកខាងលើនេះត្រូវបានគូរកាលពី ៨០០ ឆ្នាំមុន។

បើតាមគំនិតរបស់អ្នក តើ Manga មានប្រភពតាំងពីពេលណា? សូមកុំភ្លេចចែករំលែកប្រាប់ JAPO ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: