អាកាសយានដ្ឋានផ្តើមគំនិតដាក់អាហារបញ្ជូនជាមួយនឹងអីវ៉ាន់ទាក់ទាញចំណាប់អារម្មណ៍អ្នកដំណើរ
អាកាសយានដ្ឋានអន្តរជាតិ Chubu Centrair ស្ថិតនៅខេត្ត Aichi ប្រទេសជប៉ុន។ គឺជាច្រកទៅកាន់តំបន់ជុំវិញ Nagoya និងតែងតែរៀបចំព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើន។
ជួនកាល ក្នុងអំឡុងពេលរង់ចាំខ្សែក្រវ៉ាត់បញ្ជូនអីវ៉ាន់ អ្នកប្រាកដជាភ្ញាក់ផ្អើលចំពោះរបស់ដែលគួរឲ្យចាប់អារម្មណ៍បញ្ជូនចេញជាមួយអីវ៉ាន់ ក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺរូបភាពខាងក្រោម។
អូ តើនោះជាឈុតអាហារឬ? ខ្សែក្រវ៉ាត់បញ្ជូនអាហារខុសៗគ្នា ស្រដៀងភោជនីយដ្ឋានស៊ូសុី។ ប្រហែលជាអ្នកមិនអាចងាកមកមើលឡើយ មែនទេ?
ជាការពិតណាស់ ទាំងនេះមិនមែនជាអាហារពិតនោះទេ ប៉ុន្តែជាគំរូអាហារក្លែងក្លាយ។ ជប៉ុនជាប្រទេសដែលអភិវឌ្ឍផ្នែកគំរូអាហារក្លែងក្លាយ សម្រាប់ដាក់តាំងក្នុងហាងលក់អាហារ និងភោជនីយដ្ឋាន ប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានថា គំរូអាហារទាំងនេះត្រូវបានដាក់លើខ្សែក្រវ៉ាត់បញ្ជូនជាមួយអីវ៉ាន់នោះទេ។
Nagoya ជាតំបន់ដែលមានវប្បធម៌ម្ហូបអាហារពិសេសប្លែក ដូច្នេះកន្លែងនេះគេតែងតែហៅថា “Nagoya Meshi” ។ មុខម្ហូបពិសេសនៅ Nagoya មានដូចជាបង្គាបំពង (Ebi-Furai) សាច់ជ្រូកបំពងស្រោបទឹកជ្រលក់ miso (Miso-Katsu) មី ramen តៃវ៉ាន់ និងស្លាបមាន់បំពងហឹរ Nagoya (Tebasaki) ។
ក្រៅពីនេះ ថែមទាំងមានស៊ូសុីជាមុខម្ហូបដែលគ្រប់គ្នាសុទ្ធតែចង់ភ្លក់ពេលទៅលេងជប៉ុន។ រំលឹកដល់ចំណុចនេះ អ្នករាល់គ្នាច្បាស់ជាឃ្លាន ហើយចង់ភ្លក់មុខម្ហូបទាំងនេះ។
គំនិតខាងលើមានបំណងចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់ និងទទួលយកបទពិសោធន៍វប្បធម៌ម្ហូបអាហាររបស់ Nagoya ។ ផ្តើមដោយភាពនឿយហត់បន្ទាប់ពីចុះពីយន្តហោះ អង្គុយរង់ចាំយកអីវ៉ាន់ជាអ្វីដែលគ្រប់គ្នាមិនចូលចិត្ត។
យ៉ាងណាមិញ ប្រសិនបើមុខម្ហូបដែលទាក់ទាញភ្នែកទាំងនេះបង្វិលជុំនៅពីមុខអ្នក ប្រហែលជាពេលវេលារង់ចាំនឹងលែងធុញទ្រាន់។ អ្នកដែលគិតឃើញគំនិតនេះពិតជាមានទេពកោសល្យណាស់។
ខ្សែក្រវ៉ាត់បញ្ជូនអាហារដ៏ចម្លែកនេះ មាននៅត្រង់ខ្សែក្រវ៉ាត់បញ្ជូនអីវ៉ាន់ក្នុងស្រុកលេខ ២ និងលេខ ៣ ស្ថិតនៅជាន់ទី ២ នៃស្ថានីយទីលេខ ១ អាកាសយានដ្ឋានអន្តរជាតិ Chubu Centrair ។
គំនិតនេះប្រាកដជាទាក់ទាញជនបរទេស ដូច្នេះហើយ ខ្ញុំសង្ឃឹមថា អាចដំឡើងនៅស្ថានីយអន្តរជាតិផងដែរ។ គំរូអាហារក្លែងក្លាយដែលរត់នៅលើខ្សែក្រវ៉ាត់បញ្ជូនបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នានៅលើបណ្តាញសង្គម។
ខ្ញុំប្រាកដថា ខ្លួនមិនមែនជាមនុស្សតែម្នាក់ដែលមានអារម្មណ៍ចង់ទៅមើលនៅអាកាសយានដ្ឋាននោះទេ។
Abe Kengo