វត្តមានសាមូរ៉ៃមួយរូបដែលចេះភាសាជប៉ុន និងអង់គ្លេសបានជួយអ្វីខ្លះដល់ជប៉ុន
នៅសម័យសាមូរ៉ៃ ជប៉ុនបានអនុវត្តគោលនយោបាយផ្តាច់ខ្លួនដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្មជាមួយបរទេស។ ស្រាប់តែ កប៉ាល់ខ្មៅមួយរបស់អាមេរិកលេចចេញមក។
នោះគឺនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ១៨៥៣ ។ នាវាចំហាយទឹកដែកដ៏ធំមួយដែលគ្មាននរណាម្នាក់ធ្លាប់ឃើញពីមុនមក។ បើប្រៀបនឹងប្រជាជនជប៉ុននៅសម័យនោះ បុរសៗនៅលើកប៉ាល់មានកម្ពស់ខ្ពស់គួរឲ្យខ្លាច។
ពណ៌ភ្នែក និងពណ៌សក់ខុសពីប្រជាជនជប៉ុន ត្រឹមចំណុចនេះក៏ធ្វើឲ្យសាមូរ៉ៃភ្ញាក់ផ្អើល ម៉្យាងវិញទៀត ជនជាតិអាមេរិកទាំងនោះមិនអាចនិយាយភាសាជប៉ុនបានទេ។
ដូច្នេះតើសាមូរ៉ៃនិយាយភាសាអង់គ្លេសឬ? ទេ ចំណុចនេះមិនអាចទៅរួចឡើយ។ តើពួកគេនិយាយគ្នាបែបណា? ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះទាំងអស់គ្នា។
ភាសាហូឡង់ និងចិន
តាមពិតទៅ ភាគីអាមេរិកក៏ដឹងដែរថា រដ្ឋាភិបាលជប៉ុនមិនមានអ្នកបកប្រែភាសាអង់គ្លេសនោះទេ ដូច្នេះទើបពួកគេបាននាំយកសំបុត្រមិត្តភាពដែលសរសេរជាភាសាហូឡង់ និងចិន។
នៅពេលនោះជប៉ុនកំពុងអនុវត្តគោលនយោបាយបិទទ្វារ ប៉ុន្តែមានតែ Nagasaki របស់ជប៉ុនប៉ុណ្ណោះ ដែលនៅតែរក្សាពាណិជ្ជកម្មបន្តិចបន្តួចជាមួយនឹងប្រទេសហូឡង់ និងព័រទុយហ្គាល់ ដូច្នេះភាគីអាមេរិកគិតថា ភាគីជប៉ុនអាចយល់ភាសាហូឡង់។ យ៉ាងណាមិញ ភាគីទាំងពីរមិនអាចចរចាជាភាសាដែលមិនមែនជាភាសាកំណើតរបស់ខ្លួនបានទេ។ ហើយបន្ទាប់មក មានបុរសម្នាក់បានបង្ហាញខ្លួន។
បុរសរូបនោះគឺ John Manjiro
ឈ្មោះពិតរបស់លោកគឺ Nakahama Manjiro ។
John Manjiro គឺជាក្មេងប្រុសម្នាក់ប្រកបមុខរបរនេសាទក្នុងភូមិនេសាទ ដែលសព្វថ្ងៃគឺខេត្ត Kochi លោកវង្វេងនៅលើសមុទ្រកាលអាយុទើបតែ ១៤ ឆ្នាំ។
លោក Manjiro និងមិត្តភ័ក្តិបួននាក់ទៀតលិចទូកព្រោះតែព្យុះ បោកបក់រសាត់ដល់កោះដែលគ្មានមនុស្ស ហើយជាប់នៅទីនោះអស់រយៈពេល ៥ ខែ រហូតដល់ពេលដែលកប៉ាល់អាមេរិកជួយសង្គ្រោះ។
មិត្តភ័ក្តិទាំងបួននាក់នោះចុះនៅ Hawaii ប៉ុន្តែលោក Manjiro ត្រូវបាននាយនាវាស្រលាញ់ចូលចិត្តទទួលចិញ្ចឹម ហើយនាំទៅអាមេរិក។
នៅជប៉ុនគាត់រស់ក្នុងភាពក្រីក្រ ដូច្នេះគាត់មិនអាចអាន ឬសរសេរភាសាជប៉ុនបានទេ ក្រោយមក លោកបានចូលរៀននៅសកលវិទ្យាល័យ Oxford ដោយមិនត្រឹមតែរៀនភាសាអង់គ្លេស និងគណិតវិទ្យាប៉ុណ្ណោះទេ លោកថែមទាំងរៀនខាងផ្នែកភូមិសាស្ត្រ នាវាចរណ៍ និងវិស្វកម្មធ្វើកប៉ាល់ផងដែរ។ លោកបានបញ្ចប់ការសិក្សាក្លាយជាសិស្សឆ្នើមប្រចាំជំនាន់។
បន្ទាប់មក លោកបានចូលរួម Gold Rush ចាប់ផ្តើមនៅអាមេរិក រកប្រាក់តាមរយៈការជីកយករ៉ែមាស ហើយត្រឡប់ទៅជប៉ុនជាមួយនឹងមិត្តភក្តិនៅ Hawaii លោកពិតជាមនុស្សដែលអស្ចារ្យមួយរួប។
លោក John Manjiro គឺជាអ្នកបកប្រែភាសាជប៉ុនតែម្នាក់គត់។ លោកជាមនុស្សតែម្នាក់គត់ដែលជប៉ុន និងអាមេរិកអាចទុកចិត្តបាន ដូច្នេះពួកគេបានចាប់ផ្តើមការសន្ទនារវាងប្រទេសទាំងពីរ។ លោកទទួលបានការវាយតម្លៃខ្ពស់ខាងជំនាញភាសាអង់គ្លេស និងចំណេះដឹងចំពោះប្រទេសលោកខាងលិច ទន្ទឹមនឹងនេះ គាត់ត្រូវបានតំឡើងឋានៈជាសាមូរ៉ៃ។
លោកបានក្លាយទៅជាតួអង្គសំខាន់ខាងផ្នែកពាណិជ្ជកម្មដែលកំពុងពង្រីកយ៉ាងលឿនរវាងប្រទេសជប៉ុន និងពិភពលោក។
លោក John Manjiro ទទួលបានជោគជ័យដោយសារធ្វើរឿងដែលមិនមានអ្នកធ្វើបាន។ នៅសម័យសព្វថ្ងៃនេះ មានមនុស្សជាច្រើនអាចបកប្រែភាសាអង់គ្លេស និងជប៉ុន ប៉ុន្តែដើម្បីក្លាយជាអ្នកមានទេពកោសល្យថ្នាក់ជាតិ អ្នកត្រូវមានជំនាញពិសេសដែលគ្មាននរណាម្នាក់មាន។
ដូច្នេះតើអ្នកនឹងពង្រឹងជំនាញពិសេសអ្វីសម្រាប់ខ្លួន? សូមកុំភ្លេចចែករំលែកប្រាប់ JAPO ។
Abe Kengo