Miso – ផលិតផលដែលបង្ហាញពីស្មារតីស្មើភាពរបស់សាមូរ៉ៃ
សុភាសិតជប៉ុនពោល “ផ្ញើអំបិលឲ្យសត្រូវ” សរុបទៅសុភាសិតនេះមានន័យថា ជួយសត្រូវមិនទុកឲ្យពួកគេធ្លាក់ក្នុងស្ថានភាពពិបាក ថែមទាំងជួយឲ្យពួកគេទទួលបានផលប្រយោជន៍។ ទោះជាយ៉ាងណា ប្រភពដើមនៃសុភាសិតនេះមានភាពខុសគ្នាបន្តិច។
ប្រយោគ “ផ្ញើអំបិលឲ្យសត្រូវ” គឺជាពាក្យដែលតំណាងឲ្យស្មារតីក្លាហាន និងភាពស្មោះត្រង់របស់សាមូរ៉ៃ។ ក្នុងអត្ថបទខ្ញុំនឹងពន្យល់លម្អិតចំពោះសុភាសិតនេះ។
នៅសម័យរដ្ឋសង្រ្គាម ប្រទេសជប៉ុនត្រូវបែងចែកទៅជាខេត្តតូចៗជាច្រើន ហើយសាមូរ៉ៃត្រូវប្រយុទ្ធមិនឈប់ដើម្បីបង្រួបបង្រួមជប៉ុន។ បុគ្គលដែលមានអំណាច និងឥទ្ធិពលខ្លាំង ដែលប្រទេសទាំងមូលចាប់អារម្មណ៍នោះគឺលោកមេទ័ព Takeda Shingen ។
មូលដ្ឋានរបស់លោកមេទ័ព Takeda Shingen នាពេលនោះស្ថិតនៅខេត្ត Kai ។ សូមក្រឡេកមើលផែនទីខាងក្រោម។ តំបន់ដែលមានពណ៌ផ្កាឈូកគឺខេត្ត Kai ដែលសព្វថ្ងៃគឺខេត្ត Yamanashi ។
បើក្រឡេកមើលផែនទី ឃើញថាតំបន់នេះមិនជាប់សមុទ្រនោះទេ។ អំបិលគឺជាសារធាតុចិញ្ចឹមដែលសំខាន់សម្រាប់មនុស្ស។
ដូច្នេះហើយ បានជាសាមូរ៉ៃមួយចំនួនសមគំនិតចង់កាត់ផ្តាច់ប្រភពផ្គត់ផ្គង់អំបិល ហើយរារាំង Takeda Shingen ចូលរួមសង្គ្រាម។ បើគិតទៅការសម្រេចចិត្តនេះគឺត្រឹមត្រូវ ប្រសិនបើមិនធ្វើដូច្នេះ នោះផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់លោក Takeda Shingen មិនអាចបញ្ឈប់បានទេ។
ជាដំបូង តំបន់ភាគខាងត្បូងខេត្ត Kai បានដាក់ចេញការហាមឃាត់លក់អំបិល។ បន្ទាប់មក សាមូរ៉ៃទាំងនេះបានស្នើឲ្យលោកមេទ័ព Uesugi Kenshin ដែលជាអ្នកនាំមុខតំបន់ភាគខាងជើងចូលរួមគម្រោងរបស់ពួកគេ ប៉ុន្តែ Uesugi Kenshin បានបដិសេធ ហើយនិយាយប្រាប់ Takeda Shingen ដូចខាងក្រោម៖
“សង្គ្រាមពឹងផ្អែកលើកងទ័ព យើងមិនឈប់លក់អំបិលនោះទេ ដូច្នេះចូរទិញពីយើងឲ្យបានច្រើនតាមដែលអ្នកចង់។ យើងនឹងចេញបញ្ជាយ៉ាងច្បាស់លាស់ដល់ពាណិជ្ជករ ដើម្បីធានាថាតម្លៃមិនឡើងខ្ពស់។ ពួកយើងមិនជូនដូចជាអំណោយនោះទេ ហើយក៏មិនចាំបាច់លក់ក្នុងតម្លៃខ្ពស់ដើម្បីរកប្រាក់ចំណេញដែរ គ្រាន់តែជាការជួញដូរធម្មតាប៉ុណ្ណោះ” ។
Uesugi Kenshin ជាបុគ្គលដែលមិនប្រើល្បិចអាក្រក់ដើម្បីយកឈ្នះសត្រូវ ពិតជាល្អខ្លាំងណាស់។
ចំពោះរឿងនេះ Takeda Shingen បានរួចផុតពីស្ថានភាពពិបាក យ៉ាងណាមិញ លោកគិតថា ការដែលពឹងផ្អែកលើអំបិលនៅតំបន់ផ្សេងទៀតពិតជាគ្រោះថ្នាក់ណាស់ ហើយចាប់ផ្តើមផ្តោតលើការផលិត Miso ។
Miso សម្បូរទៅដោយអំបិល ជាពិសេសប្រភេទ “Miso Shinshu” ហើយតំបន់នេះនៅតែរក្សាកេរ្តិ៍ឈ្មោះផលិត Miso របស់ខ្លួនរហូតមកដល់សព្វថ្ងៃនេះ។
ក្រៅពីនេះ វិធីរក្សាទុកក៏ជាលក្ខណៈវប្បធម៌ពិសេសមួយផងដែ។ Miso នឹងលែងស្រស់ប្រសិនបើយកតាមធម្មតា។ ដូច្នេះហើយ ពួកគេបានហាលឲ្យស្ងួតរុំត្រាវ ត្រាំជាមួយ Miso និងស្រា sake រួចយកទៅហាលឲ្យស្ងួត។ មុខម្ហូបនេះគេហៅថា “Imogaranawa” សម្រាប់ពាក់ដូចជាខ្សែធម្មតាអំឡុងពេលសង្គ្រាម។
នៅពេលដែលដល់ម៉ោងបាយ សាមូរ៉ៃ និងទាហានគ្រាន់តែស្រាយខ្សែ ហើយស្ងោរឲ្យឆ្អិននឹងមាន Miso ក្តៅមួយចាន ទន្ទឹមនឹងនេះអាចផ្គត់ផ្គង់បន្ថែមសារធាតុអំបិល។ មិនត្រឹមតែប៉ុណ្ណឹង ពួកគេថែមទាំងអាចធ្វើ Miso ក្នុងពេលធ្វើដំណើរផងដែរ។
យោងតាមការរៀបរាប់ ប្រសិនបើកិនសណ្តែកដែលឆ្អិន លាយជាមួយ Fu ហើយចងលើខ្សែចង្កេះមុនពេលចេញទៅធ្វើសង្គ្រាម ដូច្នេះអាចធ្វើ Miso ពេលទៅដល់សមរភូមិ។ Fu ជាអាហារដែលផលិតចេញពីម្សៅមីលាយជាមួយនឹងទឹក ដែលជាទូទៅប្រើក្នុងស៊ុប Miso និងមុខម្ហូបដូចជាស៊ុបឆ្នាំងដី។
Takeda Shingen និង Uesugi Kenshin បានប្រឈមមុខគ្នាក្នុងសមរភូមិធំៗចំនួនប្រាំ។ ពួកគេជាគូប្រកួតដ៏ល្អឥតខ្ចោះ ប្រកួតប្រជែងគ្នា ប៉ុន្តែក៏ចេះគោរពគ្នាទៅវិញទៅមកដែរ។
លោកទាំងពីរសុទ្ធតែមានស្មារតីប្រយុទ្ធខ្ពស់ ពួកគេមិនចង់កម្ចាត់គូប្រកួតដោយល្បិតអាក្រក់នោះទេ ប៉ុន្តែចង់យកឈ្នះនៅលើសមរភូមិដោយយុត្តិធម៌។
រឿងរ៉ាវសាមូរ៉ៃ និងការវិវត្តន៍ដែលមិនគួរឲ្យជឿរបស់ Miso ក៏ចាប់ផ្តើមតាំងពីពេលនោះផងដែរ។ តើអ្នកគិតថានេះជារឿងបែបជប៉ុនដែរទេ?
នៅសម័យសព្វថ្ងៃនេះ សមរភូមិលែងជាកន្លែងប្រយុទ្ធប្រដាប់អាវុធទៀតហើយ ប៉ុន្តែជាកន្លែងប្រកួតប្រជែងពាណិជ្ជកម្មយ៉ាងខ្លាំង។ ដូច្នេះហើយ សម្រាប់អាជីវកម្មខ្ញុំសង្ឃឹមថា អ្នកនឹងប្រយុទ្ធដោយស្មារតី “ផ្ញើអំបិលឲ្យសត្រូវ” ហើយយកឈ្នះ។
Abe Kengo