អ្នកដឹងទេថាឈុត Kimono និងស្បែកជើងកវែងគឺជាការរួមបញ្ចូលរវាងវប្បធម៌ជប៉ុន និងប្រទេសលោកខាងលិច
នៅជប៉ុននិទាឃរដូវជារដូវកាលបញ្ចប់ការសិក្សា អំឡុងពេលនោះ សិស្សានុសិស្សស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុនហៅថា “Hakama” ដោយនាំមកនូវភាពរីករាយ និងសង្ឃឹមនាពេលអនាគត។
តើ Hakama ខុសនឹង Kimono ដូចម្តេច? ជាទូទៅ Hakama ស្រដៀង Kimono ប៉ុន្តែ Hakama គឺជាផ្នែកខាងក្រោមចង្កេះ អាចនិយាយបានថា Hakama គឺជាខោវែងខាងក្រៅ Kimono ។
អ្នកអាចក្រឡេកមើលរូបភាព Hakama ខាងក្រោមនេះ។
សូមពិនិត្យមើលត្រង់កន្លែងជើង នាងកំពុងពាក់ស្បែកជើងកវែង។ ស្បែកជើងកវែងទាំងនេះមិនមានក្នុងវប្បធម៌ជប៉ុននោះទេ ប៉ុន្តែការរួមបញ្ចូលនេះពិតជាពិសេស និងល្អខ្លាំងណាស់។
ការរួមបញ្ចូលរវាង Hakama និងស្បែកជើងកវែងបានក្លាយជាការពេញនិយម ដែលគេចាត់ទុកដូចជារឿងធម្មតា។ តាមពិតទៅ ការរួមបញ្ចូលរវាងវប្បធម៌ប្រទេសលោកខាងលិច និងវប្បធម៌ជប៉ុនបុរាណមានតាំងពីយូរយារណាស់មកហើយ។ នៅឆ្នាំ ១៨៧០ ជាពេលដែលសាមូរ៉ៃបញ្ចប់ការគ្រប់គ្រង ហើយវប្បធម៌ថ្មីនៃប្រទេសលោកខាងលិចចាប់ផ្តើមចូលជប៉ុន។
វប្បធម៌អង្គុយលើកន្ទេល tatami បានប្តូរទៅជាអង្គុយលើកៅអី។ នៅសម័យនោះឯកសណ្ឋានរបស់សិស្សស្រីគឺឈុត Hakama ។ ក្នុងសម័យកាលដែលមនុស្សស្រីទៅរៀនជារឿងដែលកម្រ មនុស្សស្រីដែលមានឱកាសបានចូលរៀនជាវណ្ណៈអភិជន មានឋានៈសង្គមខ្ពង់ខ្ពស់។ ចំណុចនេះជាការបំផុសគំនិតដ៏អស្ចារ្យសម្រាប់ស្ត្រីជាច្រើនផ្សេងទៀត។
ស្ត្រីទាំងនោះបានក្លាយជាអ្នកផ្តួចផ្តើមម៉ូតសម្លៀកបំពាក់នាពេលសព្វថ្ងៃ ដោយពួកគេបានបង្កើតគំនិតរួមបញ្ចូលស្បែកជើងកវែង និងឯកសណ្ឋានឲ្យមើលទៅកាន់តែគួរឲ្យស្រលាញ់។
ក្រោយមក នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ សៀវភៅរឿងគំនូរជីវចល “Haikara-san ga Toru” បានក្លាយជាការពេញនិយម។ Haikara គឺជាពាក្យបុរាណដែលមានន័យថា អ្នកនិយមម៉ូតយកតម្រាប់តាមស្ទីលប្រទេសលោកខាងលិច។ តួអង្គឯកក្នុងសៀវភៅរឿងចង់រួមបញ្ចូលរវាងស្បែកជើងកវែង និងសម្លៀកបំពាក់ Hakama របស់ខ្លួន។
នៅពេលដែលសម័យកាលផ្លាស់ប្តូរ មនុស្សស្រីទៅសាលាបានក្លាយទៅជារឿងធម្មតា។ គ្រប់គ្នាសុទ្ធតែចង់ស្អាតនៅថ្ងៃបញ្ចប់ការសិក្សា ដូច្នេះទំនោរស្លៀកសម្លៀកបំពាក់ Hakama និងស្បែកជើងកវែងបានក្លាយជាការពេញនិយម ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ។
កាលពីមុន Hakama ជាសម្លៀកបំពាក់សម្រាប់បុរស។ បុគ្គលដែលរួមបញ្ចូល Hakama និងស្បែកជើងកវែងគឺលោក Sakamoto Ryoma ។
លោកកំពុងពាក់ស្បែកជើងកវែង។
លោក Sakamoto Ryoma ជាបុគ្គលសំខាន់ម្នាក់ដែលសកម្មនាចុងសម័យសាមូរ៉ៃ ហើយបើកសម័យកាលថ្មីសម្រាប់ជប៉ុន។ គាត់ត្រូវគេធ្វើឃាត ហើយទទួលមរណភាព ប៉ុន្តែបើក្រឡេកមើលវិញ ប្រហែលជាលោកបានពាក់ស្បែកជើងកវែងតាំងពីដើមទសវត្សរ៍ឆ្នាំ ១៨៦០ មកម្ល៉េះ។ មែនហើយ លោក Sakamoto Ryoma ជាបុគ្គលដំបូងដែលគេចាត់ទុកជា Haikara ឬបុគ្គលដែលដើរតាមសម័យទំនើប។
ជាទូទៅ នៅពេលដែលស្លៀក Kimono គេតែងតែពាក់ស្បែកជើងផ្ទាត់ (zori) ។ ទោះជាយ៉ាងណា បើសិនជាអ្នកមិនទម្លាប់ពាក់ ស្បែកជើងផ្ទាត់អាចធ្វើឲ្យជើងរបស់អ្នកឈឺ។ ដូច្នេះហើយ សម្លៀកបំពាក់ Hakama និងស្បែកជើងកវែងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ដើរលេងតាមដងផ្លូវ ជាអនុស្សាវរីយ៍នៅពេលដែលអ្នកទៅលេងប្រទេសជប៉ុន។
តោះទៅលេងជប៉ុន និងក្លាយជាបុគ្គល Haikara មួយរូប។
ABE KENGO