Yukitsuri – ភាព​ស្រស់​ស្អាត​នៃ​សួន​ច្បារ​ជប៉ុន​នៅ​រដូវរងា

នៅជប៉ុនពេលរដូវរងាមកដល់​ផ្កា​ព្រិល​ធ្លាក់គ្របដណ្តប់គ្រប់យ៉ាងតាមដងផ្លូវ។ ព្រិលធ្លាក់គ្រប់ទីកន្លែងនាំមកនូវទេសភាពសស្អាតដូចក្នុងពិភពអាថ៌កំបាំង។

ពិភពលោកដែលកំពុងគ្របដណ្តប់ដោយព្រិល បញ្ចេញពន្លឺ និងចែងចាំងក្រោមពន្លឺថ្ងៃ ប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតនោះគឺជាបញ្ហាធំមួយ។ បញ្ហាប្រហែលមិនមែនមកពីត្រជាក់នោះទេ ប៉ុន្តែបញ្ហាស្ថិតលើ “ទម្ងន់” របស់ព្រិល។

នៅពេលដែលក្រឡេកមើលព្រិលធ្លាក់ដូចជាស្រាលខ្លាំងណាស់ ប៉ុន្តែគេនិយាយថា ក្នុងមួយម៉ែត្រគូបព្រិលមានទម្ងន់ពី ១៥០ ដល់ ៥០០ គីឡូក្រាម។ ប្រសិនបើព្រិលធ្លាក់កកនៅលើដំបូលផ្ទះ ហើយមិនសម្អាតយកចេញ ផ្ទុះអាចនឹងរលំ។

ព្រិលធ្លាក់ក៏ជាការគំរាមកំហែងដ៏ធំមួយសម្រាប់សួនច្បារផងដែរ។ ព្រិលធ្លាក់កកនៅលើដើមឈើអាចបណ្តាលឲ្យបាក់រលំ ដូច្នេះត្រូវតែមានវិធានការ​ការ​ពារ។ ដូច្នេះហើយ បានជាវិធីសាស្រ្ត​ហ៊ុមព័ទ្ធ​ជុំវិញដើមឈើដែលគេហៅថា Yukitsuri (雪吊り) ត្រូវបានបង្កើតឡើង។

ជាទូទៅវិធីសាស្រ្ត Yukitsuri ច្រើនតែឃើញនៅតំបន់មានព្រិលធ្លាក់ក្រាស់ដូចជា Hokuriku និង Tohoku ។ ដើមឈើនៅក្នុងសួនច្បារត្រូវចង Yukitsuri មុនពេលរដូវរងាមកដល់ ដែលជាលក្ខណៈពិសេសនៃវប្បធម៌ប្រពៃណីជប៉ុន គ្រាន់តែមើលឃើញភ្លាមនឹងដឹងថា “រដូវរងាជិតមកដល់” ហើយ។

នៅសួន Kenrokuen ដែលជាសួនរុក្ខជាតិជប៉ុនដ៏ធំមួយក្នុងទីក្រុង Kanazawa ខេត្ត Ishikawa មនុស្សជាង ៥០០ នាក់ចំណាយពេលមួយខែកន្លះដើម្បីចង Yukitsuri សម្រាប់ដើមឈើជាង ៥០០ ដើមក្នុងមួយឆ្នាំ។

នេះគឺជារូបភាពគ្រប់គ្នាកំពុងចង Yukitsuri ។

រដូវរងានៅជប៉ុនព្រិលធ្លាក់សគ្រប់កន្លែង ចំណែកឯទិដ្ឋភាព Yukitsuri ក៏ស្រស់ស្អាតណាស់ដែរ។ អ្នកទាំងអស់គ្នាអាចទៅលេងជប៉ុនដើម្បីគយគន់ភាពស្រស់ស្អាតនេះ។

ក្រុមហ៊ុន Wakana Landscape

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: