ជប៉ុនជាប្រទេសទទួលរងរញ្ជួយដីញឹកញាប់ តើ​វិធាន​ការ​ទប់​ទល់​ដែល​ឈាន​មុខ​គេ​លើ​ពិភព​លោក​មាន​អ្វី​ខ្លះ?

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ រញ្ជួយដីខ្លាំងមួយបានកើតឡើងនៅជិតឧបទ្វីប Noto ជាប់ឆ្នេរសមុទ្រប្រទេស​ជប៉ុន។ ស្ថានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ហើយ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ជប៉ុន​កំពុងខិតខំប្រឹងប្រែងជួយសង្គ្រោះ និង​ស្តារ​ឡើង​វិញ។ យ៉ាង​ណា​មិញ ត្រូវចំណាយពេលច្រើនសម្រាប់ស្តារឡើងវិញ។

ដូចដែលអ្នកបានដឹងហើយថា ជប៉ុនជាប្រទេសដែលតែងតែទទួលរងរញ្ជួយដីខ្លាំងជាច្រើន។ ប្រហែល ១០% នៃ​រញ្ជួយ​ដី​ទាំង​អស់​នៅ​លើ​ពិភព​លោក​កើតឡើងជិតជប៉ុន ដូច្នេះនេះជាចំនួនដែលច្រើន។ ដូច្នេះហើយ ជប៉ុនបានបង្កើតស្តង់ដារតឹងរ៉ឹងសម្រាប់រចនាសម្ព័ន្ធធន់នឹងបន្ទុក ដើម្បីការពារកុំឲ្យអគាររលំ កែលម្អឧបករណ៍ជម្លៀស ពង្រឹង​ជំនាញ​របស់ក្រុមជួយសង្គ្រោះ និងបំពេញសកម្មភាពឆាប់រហ័ស។ ទោះជាយ៉ាងណា ការស្រាវជ្រាវនៅតែបន្តដោយ​សង្ឃឹម​ថា ប្រសិនបើអាចព្យាករណ៍រញ្ជួយដីបាន យ៉ាងហោចណាស់បង្ការការខូចខាតដែលបណ្តាលមក​ពី​រញ្ជួយ​ដី។

ស្រាវជ្រាវលម្អិតចំពោះរញ្ជួយដី

ថវិកាដែលរដ្ឋាភិបាលបានបែងចែកសម្រាប់ការស្រាវជ្រាវរញ្ជួយដីជាង ៥ ពាន់លានយ៉េនក្នុងមួយឆ្នាំ។ ក្រៅពីនេះ ថែម​ទាំង​មាន​ការ​ស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដូច្នេះចំនួនថវិកាសរុបដែលត្រូវ​បែង​ចែកគឺច្រើន។ ការស្រាវជ្រាវរញ្ជួយដីនៅជប៉ុនបានចាប់ផ្តើមក្នុងឆ្នាំ ១៨៨០ ជាមួយនឹងការបង្កើតសមាគម​រញ្ជួយដី​ជប៉ុន។

ដើម្បីព្យាករណ៍រញ្ជួយដីខ្លាំង ចំណុចសំខាន់គឺស្រាវជ្រាវអ្វីដែលបានកើតឡើងដូចជាសញ្ញាប្រាប់មុនពីរញ្ជួយដីខ្លាំង។ ឧបករណ៍ចាប់សញ្ញាជាង ៤០០០ ត្រូវបានដំឡើងដើម្បីព្យាករណ៍រញ្ជួយដីខ្លាំងដោយផ្អែកលើការប្រែប្រួលតូចបំផុត។ សារៈសំខាន់​នៃ​ការ​តាមដាន​ការ​ប្រែប្រួល​នៅក្រោម​បាត​សមុទ្រ​កាន់តែ​ច្បាស់​លាស់។ នៅពេលដែលរញ្ជួយដីកើតឡើងក្រោមបាតសមុទ្រ អាចនឹងមានហានិភ័យក្លាយជារលកយក្ស។ រញ្ជួយដីដែលកើតឡើងនៅភាគខាងកើតជប៉ុនក្នុងឆ្នាំ ២០១១ រលក​យក្ស​ស៊ូណាមិ​បាន​បង្ក​ការ​ខូច​ខាត​យ៉ាងធ្ងន់ធ្ងរ។ នោះជាមូលហេតុ​ដែលត្រូវដំឡើងឧបករណ៍ចាប់សញ្ញាក្រោមបាតសមុទ្រ។

ការព្យាករណ៍តម្រូវឲ្យមានភាពត្រឹមត្រូវ

យ៉ាងហោចណាស់ការព្យាករណ៍រញ្ជួយដីត្រូវឈានដល់កម្រិតនេះ។

・ពេលវេលា → ក្នុងរយៈពេលមួយសប្តាហ៍

・ទីតាំង → ជិតទីក្រុងតូក្យូ

・មាត្រដ្ឋាន → មាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយប្រហែល ៦-៧

ប្រសិនបើកត្តាព្យាករណ៍ទាំងបីនេះត្រឹមត្រូវក្នុងកម្រិតជាក់លាក់ ប្រជាជននៅតំបន់តូក្យូអាចជម្លៀសចេញក្នុងអំឡុងពេលនោះ ប៉ុន្តែប្រសិនបើការព្យាករណ៍ “ក្នុងអំឡុងពេលប៉ុន្មានឆ្នាំ” នោះការជម្លៀសមិនអាចធ្វើបានឡើយ។

ហេតុអ្វី​បាន​ជា​ពិបាកព្យាករណ៍​រញ្ជួយ​ដី?

គេនិយាយថា រញ្ជួយដីបណ្តាលមកពីការខូចទ្រង់ទ្រាយនៃសំបកផែនដីដែលស្ថិតនៅជ្រៅក្រោមដី។ សំបកផែនដីផ្លាស់ទី ហើយប៉ះទង្គិចគ្នាបណ្តាលឲ្យខូចទ្រង់ទ្រាយ។ បញ្ហាខូចទ្រង់ទ្រាយត្រង់កន្លែងប៉ះទង្គិចនឹងប្រមូលផ្តុំថាមពលកម្លាំង​តានតឹង ហើយបញ្ចេញភ្លាមៗបណ្តាលឲ្យ​កើត​មាន​រញ្ជួយដី។

ទោះជាយ៉ាងណា យើងមិនអាចមើលឃើញតំបន់ក្បែរនោះដោយភ្នែកទេ។ ក្រោមស្ថានភាពបែបនេះ ការព្យាករណ៍ត្រូវ​ផ្អែក​លើទិន្នន័យកាលពីមុន ប៉ុន្តែទិន្នន័យពីមុនមិនគ្រប់សម្រាប់ព្យាករណ៍រញ្ជួយដីឲ្យបានត្រឹម​ត្រូវនោះទេ។ ទោះ​បី​ជាការសង្កេតមើលរញ្ជួយដីបានចាប់ផ្តើមតាំងពីឆ្នាំ ១៨៨០ ប៉ុន្តែ​មាន​រញ្ជួយដីខ្លាំងខ្លះកើតឡើងរាល់ពីរបីរយឆ្នាំម្តង ដូច្នេះរយៈពេលសង្កេតមើលមិនគ្រប់គ្រាន់សម្រាប់ការព្យាករណ៍ឡើយ។ ដោយដឹងថាមានប្រហែល ២.០០០ ផ្លូវប្រេះ​បាក់ដែលកំពុងដំណើរនៅជប៉ុនបញ្ជូនកម្លាំងនៅពេលមានរញ្ជួយដីកើតឡើង។ យ៉ាងណាមិញ ត្រូវចំណាយពេល​ច្រើនសម្រាប់ប្រមូលទិន្នន័យ និងវិភាគបន្ថែមទៀត។

តើសព្វថ្ងៃរញ្ជួយដីខ្លាំងបែបណាដែល​គំរាម​កំហែង​ដល់​ជប៉ុន?

មានរញ្ជួយដីចំនួនបីដែលគេចាត់ទុកថាអាចនឹងកើតឡើងក្នុងអំឡុងពេល ៣០ ឆ្នាំខាងមុខ។ ចំណុចដំបូង​គឺ​រញ្ជួយ​​ដីនៅសមុទ្រភាគខាងកើត​កោះ​ហុកកៃដូ។ ប្រសិនបើរញ្ជួយដីកើតឡើងនៅទីនេះអាចបង្កើតជារលកយក្ស​ស៊ូណាមិ។ ចំណុច​ទី ២ គឺរញ្ជួយដីពីខេត្ត Shizuoka ដល់សមុទ្រ Shikoku ដែលបង្កឲ្យមានការព្រួយបារម្ភជាច្រើន ព្រោះ​​កម្រិត​​កើត​​មានរលកយក្សស៊ូណាមិខ្ពស់ខ្លាំងណាស់។ ទន្ទឹមនឹងនេះ ភ្នំ Fuji ដែលនៅជិតនោះក៏បន្ថែមការព្រួយ​​បារម្ភ​ចំពោះ​រញ្ជួយ​ដី​ដែល​បណ្តាលឲ្យកើតមានបន្ទុះភ្នំភ្លើង។ ចំណុចទី ៣ គឺរញ្ជួយ​ដី​នៅ Kanto ជាពិសេស​តំបន់​ជុំវិញ​​​ទីក្រុង​​តូក្យូ។ ក្នុងនាមជារាជធានី និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ប្រសិនបើរញ្ជួយដីកើតឡើងនៅទីក្រុងតូក្យូ ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។

អារម្មណ៍ភ័យខ្លាចគ្មានប្រយោជន៍អ្វីឡើយ តើគួរធ្វើយ៉ាងណាពេលកើតមានរញ្ជួយដី?

ជប៉ុនតែងតែប្រឈមនឹងរញ្ជួយដី ដូច្នេះបើគ្រាន់តែខ្លាច ហើយគេចវេះគ្មានន័យអ្វីឡើយ។ ផ្ទុយទៅវិញ ចូរត្រៀមខ្លួន​ទប់​ទល់​នឹង​រញ្ជួយ​ដី​ដូច​ជា​រក​កន្លែង​ជ្រកដែលមានសុវត្ថិភាព អង្គុយក្រោមតុធំ និងការពារខ្លួនពីវត្ថុដែលធ្លាក់។

បន្ទាប់ពីរំញ័រឈប់ សូមជម្លៀសចេញទៅក្រៅ ហើយធ្វើតាមការណែនាំរបស់អ្នកដែលនៅជុំវិញ។ ប្រសិនបើអ្នកនៅជិត​សមុទ្រ កុំទៅមើលរលកយក្ស បើទោះបីជាអ្នកចង់ឃើញក៏ដោយ។

ប្រជាជនជប៉ុនយើងមានអាថ៌កំបាំងរស់នៅជាមួយរញ្ជួយដីពីមួយជំនាន់ទៅមួយជំនាន់។ ប្រសិនបើអ្នកស្ងប់អារម្មណ៍ ហើយធ្វើតាមការណែនាំរបស់អ្នកដែលនៅជុំវិញជម្លៀសចេញ ប្រាកដជាមិនអីនោះទេ។ ដូច្នេះ​ហើយ អ្នក​មិន​​​ចាំ​​បាច់​​បារម្ភ​​ពេក​ទេ យើងរង់ចាំទទួលស្វាគមន៍អ្នកមកលេងជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: