អាថ៌កំបាំង​នៅ​ពី​ក្រោយ​លេខនាំ​សំណាង​ ៣៥៨ តាមទស្សនៈរបស់​ប្រជា​ជន​ជប៉ុន

នៅតាមបណ្តាប្រទេសភាគច្រើនជុំវិញពិភពលោក ស្លាកលេខយានជំនិះនីមួយៗត្រូវបានកំណត់ដោយចៃដន្យ។ យ៉ាង​ណា​មិញ នៅ​ជប៉ុន​ម្ចាស់​រថយន្ត​អាចជ្រើសរើសស្លាកលេខរថយន្តដោយចំណាយប្រាក់ខ្លះ។

នៅជប៉ុនលេខមួយចំនួនត្រូវគេចាត់ទុកថាមានសំណាង ដូចជាលេខ ១, ៧ និង ៨ ។ ជាទូទៅលេខទាំងនេះត្រូវចាប់​​ឆ្នោត ដើម្បី​ធានា​ថា​មនុស្ស​គ្រប់គ្នាមានឱកាសទទួលបាន។

អ្នកអាចប្រើលេខ ៤ ខ្ទង់សម្រាប់ធ្វើស្លាកលេខរថយន្ត។ ខ្ញុំបានរើសយកលេខ ១០១៨ តាមថ្ងៃខែឆ្នាំកំណើតរបស់ខ្លួន ប៉ុន្តែមនុស្សជាច្រើននិយាយថា ៣៥៨ ទើបជាលេខដែលគេរើសច្រើន។ គ្រាន់តែមើលក៏ដឹងភ្លាមថា លេខ ៣៥៨ មិន​មែនជាថ្ងៃខួបកំណើតនោះទេ។

លេខ ១, ៧ និង ៨ គឺជាលេខសំណាង ដូច្នេះលេខទាំងនេះមានគេរើសច្រើន ប៉ុន្តែតើអ្នកដឹង​ថា​ហេតុ​អ្វី​បានជា​លេខ ៣៥៨ មាន​​គេ​​រើស​ច្រើន​ដែរ​ទេ​? ចូរ​យើង​ស្វែង​យល់​តាមរយៈអត្ថបទខាងក្រោមនេះ។

លេខ ៣៥៨ តាមទស្សនៈហុងស៊ុយ

ហុងស៊ុយត្រូវបានផ្សព្វផ្សាយទៅកាន់ប្រទេសជាច្រើន ប៉ុន្តែអាចមានភាពខុសគ្នាខ្លះអាស្រ័យលើវប្បធម៌នៃប្រទេសនីមួយៗ។

នៅប្រទេសជប៉ុនលេខ ៣ ត្រូវគេចាត់ទុកថា មានសំណាងខាងប្រាក់កាក់ និងការអភិវឌ្ឍន៍ លេខ ៥ គឺ​ជា​លេខ​លាភ​សំណាង និង​អធិរាជ ចំណែក​លេខ ៨ ជា​លេខ​ដែលមានអត្ថន័យល្អបំផុត។

គេនិយាយថា កត្តាធំដែលធ្វើឲ្យលេខ ៣៥៨ មានគេចូលចិត្តច្រើន ព្រោះលេខនេះត្រូវបានលើកឡើងក្នុងសៀវភៅ “宇宙を味方につける方程式” (ប្រែថា៖ សមីការទាក់ទាញសកលលោកឆ្ពោះមករកអ្នក) ដោយអ្នកនិពន្ធ Kobayshi Seikan ។ ក្នុង​សៀវ​ភៅ​នេះ អ្នកនិពន្ធបានអះអាងថា លេខ ៣៥៨ គឺជាលេខដ៏ពិសិដ្ឋនាំសំណាង និង​ជោគ​ជ័យ។

លេខ ៣៥៨ តាមទស្សនៈប្រវត្តិសាស្ត្រ

ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា ព្រះពុទ្ធជាអ្នកបង្កើតព្រះពុទ្ធសាសនា ទ្រង់​បាន​ត្រាស់​ដឹង​ក្នុង​ព្រះ​ជន្មាយុ ៣៥​ ឆ្នាំ ៨ ​ខែ។

ឬក្នុងរឿងចិនយុទ្ធសិល្ប៍ស៊ុនអ៊ូខុង លោកគ្រូថាងចេងមានសិស្ស ៣ នាក់ទៅចម្លងធម៌គឺសាចេ ស៊ុនអ៊ូខុង និងប៉ាចេ។ ប្រសិន​បើផ្គុំអក្សរឈ្មោះរបស់អ្នកទាំង ៣ ដូចតទៅ៖

សាចេ – Kappa (Sagocho) លេខ ៣

ស៊ុនអ៊ូខុង – ស្វា (Goku) លេខ ៥ 

ប៉ាចេ – ជ្រូក (Chohakkai) លេខ ៨ 

ទោះជាយ៉ាងណា មិនត្រឹម​តែប៉ុណ្ណឹង ព្រះពុទ្ធសាសនាចូលមកដល់ជប៉ុននៅឆ្នាំ ៥៣៨ (មិនមែន ៣៥៨ ទេឬ?) ឆ្នាំចូលនិព្វានរបស់ Kukai (空海) ដែលជាស្ថាបនិកព្រះពុទ្ធសាសនាមានឈ្មោះថា Shingon នៅឆ្នាំ ៨៣៥ (មិន​មែន​លេខ ៣៥៨ នោះទេ) ។ យ៉ាងណាមិញ មិន​​ថា​​តាម​លំដាប់​លំដោយ​បែប​ណា​លេខ ៣, ៥ និង ៨ ហាក់​ដូច​ជា​មានអត្តន័យ​អ្វី​ម្យ៉ាង។

តើនឹងមានអ្វីប្រែប្រួលប្រសិនបើអ្នករើសយកលេខ ៣៥៨ ?

បើ​តាម​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ក្រោយពេលប្តូរទៅលេខ ៣៥៨ ដូចតទៅ៖

・លែងមានគ្រោះថ្នាក់តទៅទៀត

・លែងមានបញ្ហារារាំង

・ប្រសិទ្ធភាពនៃការប្រើឥន្ធនៈកើនឡើង

ទោះជាយ៉ាងណា ចំណុចទាំងនេះគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ដូច្នេះអ្នកទាំងអស់គ្នាកុំជឿពេក។

ប្រជាជនជប៉ុនតែងតែភ្ជាប់អត្ថន័យទៅនឹងការបញ្ចេញសំឡេងរបស់លេខ ដូច្នេះក្រៅពីលេខ ៣៥៨ លេខមួយចំនួន​នេះ​ក៏​និយម​ណាស់​ដែរ។

・២៥២៥ (nikoniko) “ញញឹម” → គ្មានបញ្ហា ដូច្នេះអ្នកនឹងញញឹម។

・១១២២ (Iifufu) “គូស្វាមីភរិយាមានសុភមង្គល” → អាពាហ៍ពិពាហ៍ចុះសម្រុងគ្នា។

・៣៧៧៦ (កម្ពស់ភ្នំហ្វូជី) → នាំមុខនៅក្នុងប្រទេសជប៉ុន។

មិនមានមូលដ្ឋានដែលបញ្ជាក់ថាលេខទាំងនេះពិតជានាំមកនូវសំណាងនោះទេ។ ទោះជាយ៉ាងណា ជំនឿលើលេខសំណាង​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះទង្វើរបស់មនុស្សម្នាក់ៗ។

ឧទាហរណ៍ប្រសិនបើនរណាម្នាក់រើសយកលេខ ២៥២៥ ធ្វើជាស្លាកលេខរថយន្តព្រោះតែចង់បើកបរដោយអារម្មណ៍រីករាយ ប្រហែលជាគំនិតនោះជួយឲ្យគេបើកបរប្រកបដោយសុវត្ថិភាព។ នៅពេលបើករថយន្ត ឬម៉ូតូ ខ្វះការប្រុងប្រយ័ត្ន​​មួយនាទីអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ គេតែងតែនិយាយថា សំណាង​កើត​ចេញ​ពីអារម្មណ៍របស់ខ្លួន ដូច្នេះ​ប្រសិន​បើ​អ្នក​ជឿ​លើ​លេខដែលខ្លួនចូលចិត្ត អ្នកអាចជៀសវាងសំណាងអាក្រក់។

និយាយអញ្ចឹងខ្ញុំក៏ចង់ប្រាប់ដែលថា ខ្ញុំរើសយកស្លាកលេខ ១០១៨ ព្រោះជាថ្ងៃកំណើតរបស់ខ្ញុំ ដូច្នេះងាយស្រួលចង​ចាំ។ ជា​ការ​ពិត​ណាស់ លេខកាតឥណទាន និងកាតធនាគាររបស់ខ្ញុំមិនមែន ១០១៨ នោះទេ កុំដាក់លេខដែលអ្នកដទៃ​ងាយ​នឹង​ទាយ​ដឹង។

លេខសំណាងមិនត្រឹមតែប្រើសម្រាប់ស្លាក​លេខ​រថយន្ត ឬ​ម៉ូតូ​ប៉ុណ្ណោះ​ទេ អាចមាននៅគ្រប់ទីកន្លែង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​សាក​ល្បងរកលេខសំណាងរបស់ខ្លួន?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: