របបអាហាររបស់សាមូរ៉ៃ និងតំណមមួយចំនួនដែលត្រូវប្រកាន់ខ្ជាប់
ក្នុងការប្រយុទ្ធ ពង្រឹងកម្លាំងកាយជារឿងដែលសំខាន់ខ្លាំងណាស់ ដូច្នេះហើយ អាហារដើរតួនាទីយ៉ាងសំខាន់សម្រាប់សម្រេចបានគោលដៅនេះ។
មនុស្សជាច្រើនប្រហែលជាគិតថា អ្នកចម្បាំងសាមូរ៉ៃជាបុគ្គលដែលទទួលបន្ទុកប្រយុទ្ធប្រាកដជាផ្តោតសំខាន់លើការបរិភោគអាហារមានគុណភាពខ្ពស់។
ទោះជាយ៉ាងណា តាមពិតទៅគឺខុសគ្នាទាំងស្រុង។ របបអាហាររបស់អ្នកចម្បាំងសាមូរ៉ៃសាមញ្ញ ប៉ុន្តែពួកគេបែរជាមានមាឌធំ និងស្មារតីរឹងមាំ ចំណុចនេះពិតជាអស្ចារ្យណាស់។
ដើម្បីយល់កាន់តែច្បាស់ ចូរយើងមកស្វែងយល់ពីរបបអាហាររបស់សាមូរ៉ៃតាមរយៈអត្ថបទនេះ។
ទំនោរនៃអ្នកដែល “ចូលចិត្តបរិភោគ” ផ្ទុះឡើង ប៉ុន្តែ…
នៅចុងសម័យសាមូរ៉ៃដែលកំពុងស្ថិតលើកំពូលអំណោច – សម័យ Edo ជប៉ុនឆ្លងកាត់រយៈពេលសន្តិភាពយូរអង្វែង គ្មានការប្រយុទ្ធច្រើននោះទេ។
សេដ្ឋកិច្ច និងវប្បធម៌ក្នុងពេលដំណាលគ្នាមានការវិវឌ្ឍន៍យ៉ាងខ្លាំង ដែលសម្គាល់ដល់ការលេចឡើងនៃទំនោរម្ហូបអាហារ។ យ៉ាងណាមិញ សាមូរ៉ៃមួយផ្នែកតូចប៉ុណ្ណោះ ដែលបានបរិភោគអាហារលំដាប់ខ្ពស់។ សាមូរ៉ៃធម្មតាបរិភោគលក្ខណៈសាមញ្ញ សន្សំសំចៃ។
គោលការណ៍មូលដ្ឋាននៃរបបអាហាររបស់សាមូរ៉ៃធម្មតាម្នាក់គឺ “一汁一菜” (Ichiju issai) ដែលមានន័យថា ស៊ុប និងម្ហូបមួយមុខ។ របបអាហារសាមញ្ញមានដូចជាបាយ ស៊ុបមីសូ និងជ្រក់ ទាំងនេះជាអ្វីដែលមានក្នុងមុខម្ហូបរបស់សាមូរ៉ៃ។
ក្នុងរូបភាពគឺជាអាហារ Ichiju issai របស់សាមូរ៉ៃ។
ជាការពិតណាស់ មិនមាន gyudon, tempura ឬ ramen នោះទេ ហើយជាមូលដ្ឋានក៏គ្មាន sashimi ឬត្រីដុតដែរ។ តើរបបអាហារបែបនេះអាចផ្តល់កម្លាំងដល់មនុស្សគ្រប់គ្នាដែរទេ? ខ្ញុំវិញ ប្រាកដជាមិនអាចហូបតាមរបបអាហារនេះបានទេ។
មុខម្ហូបពិសេសសម្រាប់ថ្ងៃបុណ្យ
នៅថ្ងៃឈប់សម្រាក សូម្បីតែគ្រួសាររបស់សាមូរ៉ៃក៏មិនភ្លេចបន្ថែមមុខម្ហូបផងដែរ។ មុខម្ហូបដែលគេជ្រើសរើសភាគច្រើនគឺត្រី បន្លែស្ងោរ តៅហ៊ូ និងស៊ុត។ មិនមានសាច់គោ ឬអន្ទង់នោះទេ។
ជាការពិតណាស់ មានមុខម្ហូបមួយចំនួនមិនអាចរៀបនៅលើតុអាហាររបស់សាមូរ៉ៃបានទេ។ សាមូរ៉ៃមានបទប្បញ្ញត្តិតឹងរឹងមួយចំនួនចំពោះរបបអាហាររបស់ខ្លួន។ ពួកគេមិនអាចបរិភោគត្រី Konoshiro ត្រីក្រពត និងត្រីធូណាបានទេ។
មូលហេតុព្រោះតែប្រភេទត្រី Konoshiro មានន័យថា “សុីទីក្រុងនេះ” នាំមកនូវប្ររផ្នូលអាក្រក់ ដូច្នេះត្រូវគេចាត់ទុកថាគ្មានសំណាង។ ត្រីក្រពតជាប្រភេទត្រីពុល ហើយបើតាមទស្សនៈរបស់ “សាមូរ៉ៃអាចស្លាប់នៅលើសមរភូមិ” ប៉ុណ្ណោះ ដូច្នេះពួកគេត្រូវជៀសវាងអាហារដែលមានគ្រោះថ្នាក់។ ត្រីធូណាមានឈ្មោះមួយទៀតហៅថា “shibi” ប៉ុន្តែដោយសារស្តាប់ទៅដូចជា “shinibi” ដែលមានន័យថាថ្ងៃស្លាប់ ដូច្នេះត្រូវគេចាត់ទុកថាអកុសល។ ពិតជាស្តាយណាស់ ព្រោះត្រីធូណាមិនត្រឹមតែឆ្ងាញ់ ថែមទាំងមានជីវជាតិច្រើនទៀតផង។
ចុះស៊ូស៊ីយ៉ាងម៉េចវិញ?
នៅសម័យ Edo គេដាក់លក់ស៊ូស៊ីតាមដងផ្លូវដូចជា fast food សព្វថ្ងៃនេះដែរ។ ប្រជាជនហូបស៊ូសុីដោយអារម្មណ៍រីករាយ ដូចជាកំពុងហូបនៅហាងតាមដងផ្លូវ ដែលជាទូទៅយើងតែងតែនិយាយថា “តោះចូលហាង McDonald’s ហូបបន្តិច” ។
ហាក់បីដូចជាសាមូរ៉ៃដែលមានឋានៈខ្ពស់ជាងមិនចូលចិត្តអាហារបែបនេះទេ ព្រោះពួកគេចាត់ទុកស៊ូសុីជា “អាហារសម្រាប់មនុស្សដែលមានឋានៈទាប” ។
អាហារសម្រាប់សាមូរ៉ៃ និង Shogun (លោកមេទ័ព)
តើអ្នកគិតថាមានមុខម្ហូបជាច្រើនរៀបនៅលើតុមែនទេ? ប៉ុន្តែតាមពិតទៅ អាហារបស់ Shogun ក៏សាមញ្ញណាស់ដែរ។ ថ្វីត្បិតតែ មិនមែនជាស៊ុប និងម្ហូបមួយមុខ យ៉ាងណាមិញ គ្រាន់តែមានម្ហូបពីរមុខទៀតប៉ុណ្ណោះ។
គេបាននិយាយថា ចាប់ពីពេលរៀបចំអាហាររហូតដល់ពេលដែល Shogun បរិភោគចំណាយពេលប្រហែល ២ ម៉ោង។ ចំណុចនេះដោយសារមានអ្នកពិនិត្យមើលសារធាតុពុលក្នុងមុខម្ហូប។ អ្នកបម្រើជាង ៥០ នាក់រៀបចំអាហារ ១០ ចំណែក ក្នុងនោះមានមន្រ្តីប្រុសពីរនាក់ មានតួនាទីត្រួតពិនិត្យសារធាតុពុលក្នុងម្ហូប។
បន្ទាប់ពីធានាថាមិនមានបញ្ហាអ្វីទាំងអស់ ប្រាំបួនចំណែកដែលនៅសល់ត្រូវបានកំដៅឡើងវិញ លើកនេះមន្ត្រីស្រីនឹងពិនិត្យសារធាតុពុល។ បន្ទាប់មកទៀត ប្រាំបីចំណែកដែលនៅសល់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ។
ជាចុងក្រោយ មនុស្សពីរនាក់ដែលគេហៅថា Kosho (អ្នកការពារ) ដែលឈរនៅក្បែរ Shogun ត្រូវពិនិត្យជាតិពុលក្នុងម្ហូបមុនពេលលោកមេទ័ពបរិភោគ។ ពិតជាគួរឲ្យអាណិតវាសនារបស់ពួកគេណាស់។
ចំណុចដែលគួរឲ្យយភ្ញាក់ផ្អើលមួយទៀតនោះគឺថា នៅថ្ងៃសែនរបស់អតីតលោកមេទ័ព ដែលគេហៅថាថ្ងៃតម (Kinichi) ហើយនៅក្នុងថ្ងៃនេះ លោកមេទ័ពបរិភោគតែអាហារបួស មានន័យថា មិនបរិភោគសាច់ ឬត្រី បរិភោគតែបន្លែប៉ុណ្ណោះ។
យូរៗទៅ ចំនួនលោកមេទ័ពដែលទទួលមរណភាពកាន់តែច្រើនឡើង។ ដូច្នេះហើយ នៅចុងសម័យកាលនោះ ប្រហែលកន្លះខែម្តងគឺដល់ថ្ងៃតបអាហារ ហើយលោកមេទ័ពត្រូវតបអាហារច្រើនថ្ងៃក្នុងមួយខែ។ ចំណុចនេះបង្ហាញថា សូម្បីតែបុគ្គលដែលអស្ចារ្យក៏មានការលំបាកផ្ទាល់ខ្លួនដែរ។
សព្វថ្ងៃនេះដែរ បុគ្គលដែលអាចហូបឆ្ងាញ់ ហើយសប្បាយចិត្តបំផុត ជាអ្នកដែលមានឋានៈមធ្យម។ នៅពេលខ្លះ ភាពអស្ចារ្យក៏អាចនាំមកនូវការលំបាកផងដែរ។
Abe Kengo