អត្តន័យគំនូរ​ក្បាច់​ដែល​អ្នក​មើល​ឃើញ​នៅ​លើ Kimono សម្លៀក​បំពាក់​ប្រពៃណី​ជប៉ុន

Kimono គឺជាសម្លៀកបំពាក់ប្រពៃណីជប៉ុន ចម្រុះពណ៌ និងស្រស់ស្អាត។ មិនថា Kimono ចម្រុះពណ៌ ឬសាមញ្ញ រចនា​ប័ទ្ម Kimono នីមួយៗមានភាពស្រស់ស្អាតដោយឡែក ប៉ុន្តែ Kimono ទាំងអស់មានចំណុចរួម​មួយ​គឺ​គំនូរក្បាច់​ល្អ​ប្រណិត។

នៅពេលដែលអ្នកទិញ Kimono ឬចង់ជូនឲ្យនរណាម្នាក់ តើអ្នកចង់យល់ពីអត្តន័យ ហើយរើសយក Kimono ដែល​សម​នឹង​ម្នាក់​នោះ​ដែរ​ទេ?

ក្នុងអត្តបទនេះ ខ្ញុំនឹងណែនាំគំនូរក្បាច់ប្រពៃណីលើ Kimono ជួយឲ្យអ្នកយល់ពីអត្តន័យ និងរើសយក Kimono ដែល​ត្រឹម​​ត្រូវ។

Shochikubai – គំនូរដើមស្រល់ ឫស្សី និងអង្គាសីល

គំនូរក្បាច់ត្រូវបានបំផុសគំនិតដោយដើមឈើបីប្រភេទគឺដើមស្រល់ ឫស្សី និងអង្គាសីល។ ដើមឈើទាំង ៣ ប្រភេទ​​នេះ​​ត្រូវបានគូរតំណាងឲ្យអាយុវែង ថ្លៃថ្នូរ និងភាពរឹងមាំ។ ដើមទាំងនេះមានលក្ខណៈលេចធ្លោ ដែលបង្ហាញ​ពី​ភាព​រឹង​មាំ និង​ធន់ក្នុងជីវិត។

ដើមស្រល់ដុះនៅរដូវរងាត្រជាក់ខ្លាំង ដើម​ឬស្សី​លូតលាស់​ត្រង់​ទៅ​លើ​មេឃ និងផ្កាអង្គាសីលរីកស្គុះស្គាយក្រោមអាកាស​ធាតុ​ត្រជាក់។ លក្ខណៈទាំងនេះបង្ហាញពីបំណងរបស់អ្នកស្លៀកប្រាថ្នាចង់បានអាយុវែង ថ្លៃថ្នូរ និងរឹងមាំ។

Mari – គំនូរ​បាល់ Mari

បាល់មូលតូចគួរឲ្យស្រលាញ់ជារបស់លេងសំណព្វចិត្តរបស់ក្មេងៗជប៉ុនតាំងពីបុរាណមក។ បាល់ក៏ត្រូវគេចាត់ទុកជានិមិត្តសញ្ញាតំណាងឲ្យភាពរឹងមាំ ជួយឲ្យកុមារយកឈ្នះការលំបាកទាំងអស់ក្នុងជីវិត ហើយសុភមង្គលនឹងបន្តជារៀង​រហូត។ ដូច្នេះ​ហើយ វាមានអត្តន័យដូចជាវត្ថុស័ក្តិសិទ្ធិ។

Sakura – គំនូរផ្កាសាគូរ៉ា

សាគូរ៉ាជាប្រភេទផ្កាដែលតំណាងឲ្យជប៉ុន គ្រប់គ្នាស្រលាញ់ចូលចិត្តព្រោះតែភាពស្រស់ស្អាតរបស់វា។ ផ្កាសាគូរ៉ាមិនត្រឹម​តែស្អាត ថែមទាំងមានអត្ថន័យជ្រាលជ្រៅជាច្រើនទៀតផងដែរ។ មានទ្រឹស្តីមួយនិយាយថា ប្រភពពាក្យ  “sakura” គឺ​មក​ពី “kura” (ឃ្លាំង) ជាកន្លែងគង់នៅរបស់អាទិទេពស្រូវ ដូច្នេះផ្កាសាគូរ៉ាជានិមិត្តសញ្ញាតំណាងឲ្យការប្រមូល​ផល​បាន​ល្អ។

ក្រៅពីនេះ នៅជប៉ុនមនុស្សជាច្រើនចាប់ផ្តើមជីវិតថ្មីនាខែមេសា ដូច្នេះផ្កាសាគូរ៉ាក៏មានអត្តន័យថាអបអរសាទរសម្រាប់​ការ​ចាប់​ផ្តើម​ថ្មី​ផងដែរ។

Kikkomonyou – គំនូរស្នូកអណ្តើក

គំនូររូបឆកោណត្រូវបានបំផុសគំនិតដោយស្នូកអណ្តើក។ អណ្តើកជាប្រភេទសត្វដែលមានអាយុវែង នៅជប៉ុនគេនិយាយថា អណ្តើក​អាច​រស់​បាន​ដល់​ទៅ ១ ម៉ឺនឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ តាម​ការ​ពិតទៅវារស់បាន ១០០ ឆ្នាំប៉ុណ្ណោះ។ គំនូរ​រូប​ស្នូក​អណ្តើក​នេះមានអត្តន័យបួងសួងសុំភាពរុងរឿងជារៀងរហូត។

Yabane – គំនូររោមសត្វតម្រៀបជាព្រួញ

Yabane គឺជារោមសត្វដែលគេដាក់ខាងក្រោយព្រួញ ដើម្បីជួយឲ្យព្រួញហោះ​ត្រង់។ រូបរាងត្រង់ និងកម្លាំងរបស់​វា​ជួយ​បណ្តេញ​វិញ្ញាណ​អាក្រក់​ផង​ដែរ។

ក្រៅពីនេះ នៅពេលដែលព្រួញបាញ់ទៅមិនអាចត្រឡប់មកវិញបានទេ។ ដូច្នេះហើយ គំនូររោមសត្វគេទុកជូនស្ត្រីដែលជិតរៀបការ ដោយបំណងជូនពរនាងមានសុភមង្គល និងយូរអង្វែង មានន័យថាមិនលែងលះ។

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​បន្ទាប់​ពី​យល់​ពី​អត្ថន័យ​នៅ​ពី​ក្រោយគំនូរក្បាច់នីមួយៗលើ Kimono ?

អាចនិយាយបានថា គំនូរក្បាច់ Kimono ជប៉ុន មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅជាច្រើនទៀតផងដែរ។ គំនូរក្បាច់នីមួយៗមានអត្តន័យដោយឡែក ជាខ្លឹមសារដែលជនជាតិជប៉ុនចង់បង្ហាញ។

នៅពេលដែលទៅលេងជប៉ុន ជួល ឬទិញ Kimono អ្នកអាចរើសយកគំនូរក្បាច់ដែលសម​នឹង​ខ្លួន ដើម្បី​ជួយ​បង្កើតទំនាក់​ទំនង​នឹង​​សម្លៀក​បំពាក់ប្រពៃណីជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: