កងកម្លាំងស្វ័យការពារជប៉ុនសម័យកាលក្រោយសង្គ្រាម
ជប៉ុនជាប្រទេសដែលមានយានជំនិះយោធាច្រើនដូចជា រថក្រោះ យន្តហោះចម្បាំងជាដើម។ ទោះជាយ៉ាងណា រដ្ឋធម្មនុញ្ញជប៉ុនមិនអនុញ្ញាតឲ្យបង្កើតយោធានោះទេ នេះហើយជាចំណុចផ្ទុយគ្នា។ បើតាមទស្សនៈរបស់ប្រទេសដទៃទៀត មានយន្តហោះចម្បាំងជាង ៣០០ គ្រឿង កងកម្លាំងស្វ័យការពារជប៉ុនត្រូវគេចាត់ទុកជាយោធាដែលខ្លាំងក្លា។ ចំណុចមិនស្របគ្នារវាងបទប្បញ្ញត្តិច្បាប់ និងស្ថានភាពជាក់ស្តែងនៅជប៉ុនត្រូវគេនិយាយថា ផ្តើមចេញពីប្រវត្តិសាស្ត្រ។
ប្រវត្តិនៃកងកម្លាំងស្វ័យការពារជប៉ុន
ក្រោយពេលចាញ់សង្គ្រាមលោកលើកទីពីរ កងទ័ពជប៉ុនត្រូវរំសាយ។ រដ្ឋធម្មនុញ្ញថ្មីរបស់ជប៉ុនត្រូវបានសរសេរដោយកងកម្លាំងកាន់កាប់របស់អាមេរិក។ ក្នុងនោះបានបញ្ចូលបទប្បញ្ញត្តិដកហូតសិទ្ធិធ្វើសង្គ្រាម ក៏ដូចជាអភិវឌ្ឍយោធារបស់ជប៉ុន។ នេះជាការចាប់ផ្តើមរបស់ជប៉ុនដោយមិនមានយោធា។
ប្រសិនបើជប៉ុនមិនមានយោធា ប្រទេសដទៃនឹងវាយប្រហារ ដោយសារមូលហេតុនេះទើបជប៉ុនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខជាមួយអាមេរិក ទន្ទឹមនឹងនេះ អាមេរិកប្តេជ្ញាការពារសន្តិសុខរបស់ជប៉ុន។
បន្ទាប់មក សង្រ្គាមដ៏ធំមួយបានផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េ ហើយជប៉ុនលែងមានលទ្ធភាពការពារខ្លួនឯង។ ដូច្នេះ សហរដ្ឋអាមេរិកបានផ្តល់សម្ភារៈយោធាដល់ជប៉ុន និងបង្កើតអង្គភាពដែលមានឈ្មោះថា កងកម្លាំងប៉ូលិសបម្រុងជាតិ។ អង្គភាពនេះត្រូវបានបង្កើតឡើងប្រៀបដូចជាផ្នែកមួយនៃអង្គភាពប៉ូលិស ដែលក្រោយមកបានក្លាយទៅជាកងកម្លាំងស្វ័យការពារ។
ភាពខុសគ្នារវាងកងទ័ពជប៉ុន និងកងកម្លាំងស្វ័យការពារជប៉ុន
ជាក់ស្តែង កងកម្លាំងស្វ័យការពារជប៉ុនមានភាពស្រដៀងគ្នានឹងកងទ័ព ប៉ុន្តែគោលបំណងខុសគ្នា។ កងកម្លាំងស្វ័យការពារជប៉ុនមិនអាចវាយប្រហារប្រទេសដទៃទៀតឡើយ ប៉ុន្តែផ្តោតលើការការពារជប៉ុនពីការវាយប្រហារពីខាងក្រៅប៉ុណ្ណោះ។
ភាពខុសគ្នានៃ “ស្តេចបក្សី” ក្នុងពិភពជាក់ស្តែង
ថ្វីត្បិតតែ និយាយថាទុកសម្រាប់ការពារប្រទេស ប៉ុន្តែពេលខ្លះស្ថានការណ៍ស្មុគស្មាញកើតឡើង។ ទោះបីជាកងកម្លាំងស្វ័យការពារជប៉ុនត្រូវបានអនុញ្ញាតឲ្យប្រើអាវុធសម្រាប់ការពារខ្លួន ប៉ុន្តែពួកគេនៅតែត្រូវពិចារណាយ៉ាងហ្មត់ចត់ថាតើសកម្មភាពរបស់ខ្លួនចាត់ទុកជាទង្វើការពារខ្លួនដែរអត់។
ឧទាហរណ៍ ប្រសិនបើជនជាតិជប៉ុនត្រូវចាប់ជំរិតនៅបរទេស តើកងកម្លាំងស្វ័យការពារជប៉ុនអាចធ្វើប្រតិបត្តិការសង្គ្រោះបានទេ? ការការពារប្រជាជនជប៉ុនក៏ជាការការពារខ្លួនផងដែរ ប៉ុន្តែតើកងកម្លាំងស្វ័យការពារជប៉ុនត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការនៅក្រៅប្រទេសដែរទេ? បច្ចុប្បន្ន កងកម្លាំងស្វ័យការពារជប៉ុនមិនអាចចូលរួមសកម្មភាពបែបនេះទេ។
- ការបញ្ជូនកងទ័ពទៅកាន់តំបន់ជម្លោះ
បណ្តាប្រទេសនៅលើពិភពលោកតែងតែបញ្ជូនកងទ័ពទៅសហការ និងដោះស្រាយជម្លោះ។ ជប៉ុនក៏បានបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុនដែលប្រៀបដូចជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៉ុន្តែត្រូវបានដាក់ពង្រាយក្នុងទម្រង់មិនមានសមត្ថភាពវាយប្រហារ។ កងកម្លាំងស្វ័យការពារជប៉ុនត្រឹមតែផ្តល់ជំនួយពីក្រោយប៉ុណ្ណោះ ដូចជាការផ្គត់ផ្គង់ និងជំនួយ។ ចំណុចនេះអាចនឹងធ្វើឲ្យទាហានដែលមកពីប្រទេសផ្សេងទៀត ជាបុគ្គលដែលត្រូវបញ្ជូនទៅតំបន់មានជម្លោះ ត្រូវប្រយុទ្ធប្រថុយនឹងជីវិតមានអារម្មណ៍ថាអយុត្តិធម៌។
- ចុះការបាញ់ទម្លាក់មីស៊ីល?
កូរ៉េខាងជើងស្ថិតនៅជិតប្រទេសជប៉ុន។ ជាប្រទេសដែលមានចំនួនរ៉ុក្កែត និងអាវុធនុយក្លេអ៊ែរច្រើន។ ដោយសារចម្ងាយកៀកខ្លាំងពេក ដូច្នេះវាយបកបន្ទាប់ពីរងការវាយប្រហារគឺពិបាកខ្លាំងណាស់។ បើដើម្បីការពារខ្លួន តើអាចវាយប្រហារមូលដ្ឋានបាញ់មីស៊ីលនៅលើទឹកដីភាគីដែរទេ? ចំពោះការសន្និដ្ឋានលើរឿងនេះមិនទាន់លើកឡើងឡើយ។
ការផ្លាស់ប្តូររបស់កងកម្លាំងស្វ័យការពារជប៉ុន
បញ្ហាសំខាន់ត្រង់ថា ភាពមិនស៊ីសង្វាក់គ្នារវាងច្បាប់ និងស្ថានភាពជាក់ស្តែង។ ក្រៅពីនេះ មិនខុសទេដែលនិយាយថា ប្រទេសមួយមិនអាចត្រូវបានការពារបើគ្មានអំណាចយោធានោះទេ។ សំណួរសួរថា តើជប៉ុននឹងបន្តពឹងផ្អែកលើយោធាអាមេរិកដូចមុន ហើយកងកម្លាំងស្វ័យការពារជប៉ុនត្រូវចាត់ទុកជាកងទ័ពដែរទេ?
ជាដំបូង តើយើងនឹងបន្តអនុវត្តតាមច្បាប់ដែលបានបង្កើតឡើងដោយកងកម្លាំងកាន់កាប់យ៉ូរប៉ុណ្ណា? អំឡុងពេលជិត ៨០ ឆ្នាំបានកន្លងផុតទៅចាប់ពីពេលដែលសង្រ្គាមបានបញ្ចប់។ ក្នុងបរិបទពិភពលោកចលាចល តើអាមេរិកអាចបន្តធានាសន្តិសុខ និងការពារជប៉ុនបានទេ?
ខ្ញុំគិតថា ការបន្តច្បាប់ដែលកងទ័ពកាន់កាប់ដាក់ចេញ ទាំងដែលលែងសាកសមជាសញ្ញាមួយបង្ហាញថា សម័យកាលក្រោយសង្គ្រាមមិនទាន់បញ្ចប់ឡើយ។ សម្ព័ន្ធភាពមានសារៈសំខាន់ ប៉ុន្តែមានតែយើងទេដែលអាចការពារប្រទេសរបស់ខ្លួន។
តើអនាគតកងកម្លាំងស្វ័យការពារជប៉ុននឹងទៅជាយ៉ាងណា? ធ្វើយ៉ាងណាអាចរក្សាតុល្យភាពរវាងស្ថានភាពជាក់ស្តែង និងរដ្ឋធម្មនុញ្ញ? នៅពេលដែលសំណួរទាំងនេះត្រូវបានដោះស្រាយ ទើបរយៈពេលក្រោយសង្គ្រាមរបស់ជប៉ុនបញ្ចប់។