ទំនៀមទម្លាប់ប្រពៃណី Kadomatsu នាំមកនូវរឿងល្អៗនៅឆ្នាំថ្មី
Kadomatsu មានន័យថា “ច្រកទ្វារស្រល់” បើតាមទំនៀមទម្លាប់ប្រពៃណីជប៉ុនត្រូវបានតុបតែងសម្រាប់ឳកាសឆ្នាំថ្មី។ ប្រជាជនជប៉ុនទទួលឆ្នាំថ្មីនៅដើមខែមករា ទោះបីជាសព្វថ្ងៃនេះលែងដូចមុន ប៉ុន្តែ Kadomatsu ដែលតំណាងឲ្យសំណាង និងភាពរុងរឿង នៅតែត្រូវបានតុបតែងនៅច្រកចូលផ្ទះ ឬទ្វារធំ។ ជាទូទៅ ការតុបតែង Kadomatsu ជាការងាររបស់អ្នកថែសួន ដែលជាអ្នកថែរក្សាភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីជប៉ុន។
Kadomatsu ត្រូវគេចាត់ទុកជានិមិត្តរូបសម្រាប់អាទិទេព Toshigami ដែលជាទេវតាឆ្នាំថ្មីអាចកំណត់ទីតាំងផ្ទះរបស់អ្នក យាងចូល និងនាំមកនូវការជូនពរល្អៗក្នុងឳកាសឆ្នាំថ្មី។ Kadomatsu មានរូបរាងខុសៗគ្នា ប៉ុន្តែភាគច្រើនផ្គុំដើមឈើបីប្រភេទចម្បងគឺ ស្រល់ ឫស្សី និងផ្កាអែបព្រីខត។
ហេតុអ្វីគេប្រើដើមស្រល់ ឫស្សី និងផ្កាអែបព្រីខត?
ព្រោះរុក្ខជាតិទាំងបីប្រភេទនេះអាចទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងា ដូច្នេះគេហៅពួកវាថា Saikan Sanyu ( 歲寒三友) ហើយជានិមិត្តសញ្ញានៃរឿងដែលល្អៗ។
នៅជប៉ុនរដូវរងាត្រជាក់ខ្លាំង ព្រិលធ្លាក់សគ្រប់កន្លែង។ ក្រោមស្ថានភាពនោះ ដើមឬស្សី និងស្រល់នៅតែលូតលាស់ខ្ពស់ ហើយផ្កាអែបព្រីខតរីកពេលព្រិលធ្លាក់នាំមកនូវពណ៌ស្រស់រីករាយខ្លះ។
តើអ្នកមានអារម្មណ៍ថាពួកវាកំពុងតែខំប្រឹងអស់ពីសមត្ថភាពដែរទេ? ទោះបីត្រូវប្រឈមនឹងលក្ខខណ្ឌអាកាសធាតុរដូវរងាត្រជាក់ខ្លាំង ពួកវានៅតែដុះលូតលាស់ និងមានជីវិត នាំមកនូវសង្ឃឹម និងកម្លាំងដល់មនុស្ស។
នៅពេលនិយាយពី Kadomatsu ខ្ញុំក៏ចង់ចែករំលែកដល់អ្នកទាំងអស់គ្នាចំណុចពិសេសនៃភោជនីយដ្ឋានដែលមានឯកទេសផ្នែកអន្ទង់ ពួកគេបែងចែកអាហារជា ៣ កម្រិតស្រដៀងទៅនឹង Kadomatsu ។ កម្រិតខ្ពស់បំផុតគេដាក់ឈ្មោះថា “ស្រល់” កណ្តាលគឺ “ឫស្សី” និងទាបបំផុតគឺ “អែមព្រីខត” ។ មុខម្ហូបត្រូវបានរៀបចំភ្លាមៗបន្ទាប់ពីអតិថិជនកុម្ម៉ង់ ដូច្នេះអ្នកប្រហែលជាត្រូវរង់ចាំបន្តិច។
គំនិតនេះហាក់ដូចជាត្រូវបានបំផុសគំនិតដោយពាក្យថា “待つ だけ うめぇ” មានន័យថា “រង់ចាំទើបឆ្ងាញ់” ។ របៀបអានប្រយោគនេះស្រដៀងទៅនឹងឈ្មោះដើមឈើបីប្រភេទក្នុង Kadomatsu គឺ “まつ、たけ、うめ” ដែលត្រូវនឹង “ស្រល់ ឫស្សី និងអែមព្រីខត” ។
待つ だけ うめぇ (រង់ចាំទើបឆ្ងាញ់)
Matsu Dake Ume~e
↓ ↓ ↓
まつ、 たけ、 うめ (ស្រល់ ឫស្សី អែមព្រីខត)
Masu Take Ume
ទោះជាយ៉ាងណា រឿងនេះបែរជាមិនជាប់ទាក់ទងនឹងអ្នកថែសួន។
ទោះបីជាពូជឈើមានភាពខុសគ្នា ប៉ុន្តែអ្នកប្រហែលជាអាចរកបាន ដូច្នេះហេតុអ្វីអ្នកមិនសាកល្បងធ្វើ Kadomatsu សម្រាប់ផ្ទះរបស់ខ្លួន? ប្រហែលជាទេវតាឆ្នាំថ្មីអាចនឹងយាងមក ហើយនាំយកសុភមង្គលដល់អ្នក។
នៅជប៉ុនក៏មានលក់ប្រភេទ Kadomatsu ខ្នាតតូចផងដែរ។ នេះនឹងក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានន័យសម្រាប់ភ្ញៀវទេសចរណ៍ដែលទៅលេងជប៉ុន។
Akihiro Oku