វប្បធម៌នៅថ្ងៃចូលឆ្នាំថ្មីរបស់ជប៉ុន “ចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងផែនការថ្មី”
ចូលឆ្នាំជប៉ុន ចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលសំខាន់ ហើយជាពេលដែលគ្រប់គ្នាជួបជុំ ទទួលទានអាហារ និងកំសាន្តសប្បាយជាមួយគ្នា។ យ៉ាងណាមិញ ឆ្នាំថ្មីជាការចាប់ផ្តើមថ្មី ជាពេលដែលគ្រប់គ្នាក្រឡេកមើលឆ្នាំចាស់ និងកំណត់គោលដៅសម្រាប់ឆ្នាំថ្មី។ ដូច្នេះហើយ ក្រៅពីការហូបចុក ផឹកស៊ី និងសប្បាយ គ្រប់គ្នាគួរតែដាក់ចេញផែនការជាក់លាក់ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីប្រកបដោយជោគជ័យ និងមានន័យផងដែរ។
ប្រយោគជប៉ុនពោល “一年の計は元旦にあり” មានន័យថា “ផែនការពេញមួយឆ្នាំគួរតែត្រៀមនៅថ្ងៃចូលឆ្នាំថ្មី” ។ យោងតាមទស្សនៈរបស់ប្រជាជនជប៉ុន ថ្ងៃចូលឆ្នាំថ្មីជាពេលដែលសំខាន់សម្រាប់រៀបចំផែនការពេញមួយឆ្នាំ។ ចូរចំណាយពេលគិតរឿងដែលអ្នកចង់សម្រេច ហើយរៀបចំផែនការដើម្បីសម្រេចគោលដៅទាំងនោះ។ កុំផឹកស្រាច្រើន ហើយចូលគេងនៅថ្ងៃចូលឆ្នាំ។
បង្កើតផែនការលម្អិតអាចទុកនៅពេលក្រោយ ប៉ុន្តែការបង្កើតផែនការរួមជារឿងចាំបាច់។ ថ្ងៃចូលឆ្នាំថ្មីជាពេលដែលគ្រប់គ្នាឈប់សម្រាកពីការងារ ហើយក៏កម្រទទួលទូរស័ព្ទនិយាយពីការងារផងដែរ។ ដូច្នេះហើយ នេះជាឳកាសល្អសម្រាប់យើងពិនិត្យមើលគោលដៅ ផ្តោតអារម្មណ៍ ក៏ដូចជារៀបចំផែនការប្រកបដោយប្រសិទ្ធភាព។ ហេតុអ្វីបានជាអ្នកមិនសាកល្បងរៀបចំ “ផែនការឆ្នាំថ្មី” សម្រាប់ខ្លួនឯង?
ឆ្នាំចាស់ជិតកន្លងផុតទៅ ហើយអ្នកកំពុងតែសោកស្តាយចំពោះរឿងដែលខ្លួនមិនទាន់បានធ្វើ។ ដូច្នេះអ្នកអាចសាកល្បងដោយពាក្យ Kakizome (書き初め) នេះបាន។
Kakizome គឺជាទំនៀមទម្លាប់សរសេរអក្សរដើមឆ្នាំរបស់ប្រជាជនជប៉ុន។ អ្នកគួរតែជ្រើសរើសការសរសេរអក្សរផ្ចង់ ដែលគេហៅថា Shodo ព្រោះវាបង្ហាញពីវប្បធម៌ និងប្រពៃណី។
ចូរអ្នកសរសេរអ្វីដែលខ្លួនចង់បាន និងគោលដៅដែលអ្នកនឹងសម្រេចនៅឆ្នាំថ្មីជាអក្សរធំយ៉ាងប្រុងប្រយ័ត្ននៅលើក្រដាសកាន់តែធំកាន់តែល្អ។ នៅជប៉ុនអក្សរត្រូវបានសរសេរបញ្ឈរ ប៉ុន្តែអក្សរខ្មែរអាចសរសេរផ្ដេកបាន។
តើអ្នកចង់ធ្វើអ្វីនៅឆ្នាំនេះ?
តើអ្នកចង់ក្លាយជាមនុស្សបែបណា?
ឬចង់ក្លាយជាអ្នកមានជាងនេះ?
ចូរសរសេរលម្អិតគោលដៅ និងសកម្មភាពរបស់អ្នក។
ដើម្បីក្លាយទៅជាអ្នកមាន តើអ្នកត្រូវធ្វើអ្វី?
ប្រសិនបើអ្នកជាអ្នករកសុី តើអ្នកត្រូវធ្វើអ្វីដើម្បីរកបានចំនួនអតិថិជនច្រើនទ្វេដងនៅឆ្នាំនេះ? បើសិនជាវាអាចជួយឲ្យអ្នករកប្រាក់ ហេតុអ្វីបានជាអ្នកមិនសាកល្បងសរសេរ “សម្រេចបានការបញ្ជាទិញប៉ុន្មានប្រចាំខែ” ដើម្បីកំណត់គោលដៅ។ បន្ទាប់មក បិទគោលដៅដែលអ្នកបានសរសេរនៅកន្លែងដែលងាយមើលឃើញក្នុងផ្ទះ ឬការិយាល័យរបស់អ្នក។
បន្ទាប់មក ខ្ញុំចង់ចែករំលែកប្រយោគជប៉ុនមួយផ្សេងទៀត។ “1日の計は朝にあり” មានន័យថា “ផែនការក្នុងមួយថ្ងៃគឺនៅពេលព្រឹក” ។
ក្នុងមួយឆ្នាំមាន ៣៦៥ ថ្ងៃ ជារៀងរាល់ថ្ងៃអាចជាការចាប់ផ្តើមថ្មី ដូច្នេះហើយ អារម្មណ៍ប្រចាំថ្ងៃពិតជាសំខាន់ខ្លាំងណាស់។ នៅពេលព្រឹក ចូរចំណាយពេលគិតដល់អារម្មណ៍របស់អ្នកសម្រាប់ថ្ងៃនេះ។ សូមកំណត់អ្វីដែលអ្នកត្រូវធ្វើ និងគោលដៅដែលអ្នកចង់សម្រេច។ កុំភ្លេចរំលឹកខ្លួនឯងថា អ្នកអាចធ្វើបាន ហើយអ្នកបានត្រៀមខ្លួនប្រឈមនឹងឧបសគ្គ។ តាមគំនិតរបស់ខ្ញុំ នោះជារឿងដែលសំខាន់បំផុត។
ដូច្នេះតើអ្នកចង់ឲ្យឆ្នាំក្រោយរបស់ខ្លួនយ៉ាងម៉េចដែរ? ចូរប្រាប់ខ្ញុំតាមរយៈ Comment ខាងក្រោមអត្តបទនេះ។
Abe Kengo