Ikebana សិល្បៈនៃការតុបតែងផ្ការបស់ជប៉ុនផ្តោត​សំខាន់​លើ​ភាព​សាមញ្ញ ល្អិត​ល្អន់ និង​អត្ថន័យ

ផ្កាគឺជាអំណោយនៃធម្មជាតិ នាំមកនូវភាពស្រស់ស្អាត និងស្រស់ស្រាយដល់ជីវិត។ តុបតែងផ្កាក្នុងផ្ទះ ការិយាល័យ ឬ​កន្លែង​ផ្សេង​ទៀត បានក្លាយជាវប្បធម៌ដ៏ពេញនិយមនៅលើពិភពលោក។

ក្នុងនោះសិល្បៈនៃការរៀបចំផ្កា Ikebana គឺជាលក្ខណៈវប្បធម៌ពិសេសរបស់ជប៉ុន។ Ikebana មិនត្រឹម​តែជាការរៀប​ចំ​ផ្កា​ដាក់​ក្នុង​ថូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែជាសិល្បៈដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ និងលេចធ្លោនៃវប្បធម៌ជប៉ុន។

នៅពេលដែលបកប្រែជាភាសាអង់គ្លេស ជាទូទៅ Ikebana ប្រែថា “Flower arrangement” ឬ “Flower design” ។ ទោះ​​ជា​យ៉ាង​ណា ពាក្យទាំងនេះមិនទាន់អាចបង្ហាញពីអត្តន័យពេញនៃវប្បធម៌ Ikebana នោះទេ។

ជប៉ុនជាប្រទេសមួយដែលមានវប្បធម៌ដ៏យូរលង់ និងសម្បូរបែប។ ក្នុងនោះ សិល្បៈប្រពៃណីដើរតួនាទីយ៉ាងសំខាន់ បង្ហាញ​ពី​ស្មារតី និងអត្តសញ្ញាណរបស់ប្រជាជនជប៉ុន។

Kendo (ក្បាច់ដាវជប៉ុន) Judo (ក្បាច់គុន) និង Chado (ពិធីតែ) គឺជាសិល្បៈប្រពៃណីជប៉ុនទាំង ៣ ដែលមនុស្សជាច្រើនយកតម្រាប់តាម។

ភាគច្រើនឈ្មោះនៃសិល្បៈទាំងនេះសុទ្ធតែមានពាក្យ “do” ដែលគេចាត់ទុកជាគន្លឹះបង្ហាញពីស្មារតីឆ្ពោះទៅរកសិល្បៈ។ ប៉ុន្តែអ្នកដែលគោរពតាមពាក្យ “do” នេះ ជាបុគ្គលដែល​តែង​តែខំប្រឹងសម្រេចបាន​ភាព​ល្អឥតខ្ចោះនៃសិល្បៈ​ដែល​ខ្លួន​ដើរ​តាម។

“Kado” (ការតុបតែងផ្កា) គឺជាសិល្បៈនៃការរៀបចំផ្កា។ ស្នាដៃដែលបង្កើតចេញពី “Kado” គេហៅថា “Ikebana” ឬមានន័យថា “ផ្តល់ជីវិតដល់ផ្កា” ។

មិនដូចជាសិល្បៈនៃការតុបតែងផ្កា (Flower Arrangement) នៅបរទេសនោះទេ ដែលជាទូទៅប្រើផ្កាច្រើនសម្រាប់បង្កើតស្នាដៃដ៏អស្ចារ្យ និងទាក់ទាញភ្នែក។ Ikebana គឺជាសិល្បៈនៃការតុបតែងផ្កាដែលមានលក្ខណៈសាមញ្ញ ស្អាត ប៉ុន្តែ​ត្រូវបានរៀបចំយ៉ាងល្អិតល្អន់បង្កើតជាស្នាដៃសិល្បៈ។ ដូច្នេះហើយបានជា Ikebana មិនត្រឹម​តែមើលទៅស្អាតប៉ុណ្ណោះ​ទេ ប៉ុន្តែស្នាដៃនីមួយៗបង្កប់អត្តន័យដោយឡែក។

ខាងក្រោមនេះគឺជារូបភាពនៃស្នាដៃសិល្បៈ Ikebana ។

តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះស្នាដៃខាងលើ? Ikebana មិន​ត្រឹម​តែ​ប្រើ​ផ្កា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើមែកឈើដើម្បី​ពង្រីក​ពិភព​តូច​នៃ​សិល្បៈ។ ពេលខ្លះគេប្រើស្លែដោយបង្កើតជាអារម្មណ៍ដូចមានពិភពតូចមួយ។

ជាទូទៅ ក្នុង Ikebana របៀបប្រើមែកឈើ និងស្លែតំណាងឲ្យធម្មជាតិ ជីវិត និងសកលលោក។ ឧទាហរណ៍មែកឈើស្ងួតតំណាងឲ្យភាពធន់នៃធម្មជាតិ ស្លែតូចមួយតំណាងឲ្យជីវិតដ៏រឹងមាំ និងផ្កាតំណាងឲ្យភាព​ស្រស់​ស្អាត​នៃ​សកលលោក។

ស្នាដៃ​ទាំង​នេះ​មិន​ត្រឹម​តែ​មើលទៅស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កប់អត្តន័យ​ជ្រាលជ្រៅ​ផង​ដែរ។ ប្រសិនបើអ្នកទទួល​អារម្មណ៍​ឃើញ​ពី​ធម្មជាតិ ជីវិត ផែនដី និង​សកលលោកតាមរយៈស្នាដៃ Ikebana អ្នកប្រហែលជាបានចាប់អារម្មណ៍​នូវ​សម្រស់ និង​អត្តន័យ​នៃ​ស្នាដៃនោះ។

ជាការពិតណាស់ នេះគឺជា Ikebana សិល្បៈនៃការតុបតែងផ្ការបស់ជប៉ុន។ មិនឆើតឆើយនោះទេ ប៉ុន្តែផ្តោតលើភាពសាមញ្ញ ល្អិតល្អន់ និងអត្ថន័យ ហើយបើកាន់តែមើល កាន់តែឃើញពីជម្រៅនៃសិល្បៈ ដែលកែច្នៃយ៉ាងប៉ិនប្រសប់ ចាក់ដោតដល់បេះដូង។

ខ្ញុំ​សង្ឃឹម​ថា អ្នកទាំងអស់គ្នាអាចគយគន់ពីសម្រស់នៃសិល្បៈនេះ។ ចូរស្រមៃមើល នៅពេលដែលអ្នកដាក់ស្នាដៃសិល្បៈ​នេះ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ក្រុមហ៊ុន ឬសណ្ឋាគារ។ ភាពស្រស់ស្អាតរបស់វាអាចនឹងធ្វើឲ្យអ្នកនិយាយលែងចេញ។

បច្ចុប្បន្ន​នេះ នៅជប៉ុនមាន​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Lasting Flower ។ បច្ចេកវិទ្យានេះជួយរក្សាភាពស្រស់​ស្អាត​នៃ​ផ្កា​បាន​យូរ​រហូតដល់ ១០០ ឆ្នាំ។ ការរួមបញ្ចូលបច្ចេកវិទ្យានេះកំពុងបង្កើតការច្នៃប្រឌិតថ្មីសម្រាប់សិល្បៈ Ikebana ។

ការសាកល្បងប្រើប្រាស់បច្ចេកវិទ្យា Lasting Flower ក្នុងសិល្បៈ Ikebana បានចាប់ផ្តើម។ ក្រៅពីនេះ ការផលិតផ្កាដោយ​ប្រើ​បច្ចេក​វិទ្យា Lasting Flower នៅជប៉ុនក៏កំពុងត្រូវបានអនុវត្តជាមួយនឹងគោលដៅលក់ផលិតផលនៅឆ្នាំ ២០២៤ ។

យើងសង្ឃឹមថា អាចនាំមកនូវសម្រស់ផ្កានៃយុគសម័យថ្មី។ 

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: