តើ​រថយន្ត​ដែល​ប្រើ​អុីដ្រូសែន​មាន​​គ្រោះ​ថ្នាក់​ដែរ​ទេ?

ក្រុមហ៊ុន TOYOTA បានចំណាយពេលជាច្រើនឆ្នាំសម្រាប់ស្រាវជ្រាវ និង​​បង្កើត​ម៉ាស៊ីន​ដោយ​ប្រើ​ឧស្ម័នអុីដ្រូសែន។ ម៉ាស៊ីន​នេះ​ត្រូវ​បាន​បំពាក់​នៅ​លើ​រថយន្ត​ដែល​មានឈ្មោះថា MIRAI ។

“តើឧស្ម័នអុីដ្រូសែនមានគ្រោះថ្នាក់ដែរទេ?” ជាសំណួរដែលមនុស្សជាច្រើនយកចិត្តទុកដាក់។

ដើម្បីស្វែងរកចម្លើយ ចូរយើងស្វែងយល់អំពីសុវត្ថិភាពនៃឧស្ម័នអុីដ្រូសែនតាមរយៈអត្ថបទនេះ។

សំណួរទី១៖ តើម៉ាសុីនអុីដ្រូសែនអាចនឹងផ្ទុះដែរទេ?

យានជំនិះដែលដំណើរការដោយប្រេងសាំង ឬអុីដ្រូសែនសុទ្ធតែផ្តោតលើ​គោល​ការណ៍​ដុត​ឥន្ធនៈដើម្បីបង្កើតថាម​ពល។ ប្រសិន​បើ​ពិចារណាតាម​គោល​ការណ៍​ប្រតិបត្តិ​ការ​នេះ ទាំងសាំង និងអុីដ្រូសែនកំពុងស្ថិតក្នុងស្ថានភាពដំណើរ​ការ ពោល​គឺ​កំពុង​ដុត​បញ្ឆេះ។

អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ថា តើ​ឥន្ធនៈអុីដ្រូសែនអាចនឹងផ្ទុះក្នុងករណីកើតមានគ្រោះថ្នាក់ដែរទេ? អុីដ្រូសែនគឺជាធាតុដែលស្រាលបំផុត និងស្ថិតក្នុងទម្រង់ជាឧស្ម័ន ដូច្នេះ​ប្រសិន​បើ​លេច​ធ្លាយ​ចេញ​ពី​ធុង វានឹងសាយភាយយ៉ាង​ឆាប់​រហ័ស។

ប៉ុន្តែផ្ទុយទៅវិញ ប្រេងសាំងគឺជាអង្គធាតុរាវ ដូច្នេះទោះបីជាលេចធ្លាយក៏មិនអាចរីករាលដាលលឿនដូចអុីដ្រូសែនដែរ។ អាច​និយាយ​បាន​ថា ហានិភ័យលេចធ្លាយឥន្ធនៈ និងឆាបឆេះរបស់រថយន្តដែលដំណើរការដោយឧស្ម័ន​អុីដ្រូសែន​ខ្ពស់​​ជាង​​រថយន្ត​​ដែល​​ប្រើ​​សាំង។

កាលពីមុន នៅប្រទេសអាឡឺម៉ង់ធ្លាប់មានករណីឧបទ្ទវហេតុបាឡុងខ្យល់ដែលមានឈ្មោះថា Hindenburg ផ្ទុះ។ បាឡុង​ខ្យល់​នេះ​ប្រើ​ឥន្ធនៈ​អុីដ្រូសែន ធុង​ផ្ទុកឧស្ម័នអុីដ្រូសែនបានលេចធ្លាយ និងឆេះ បណ្តាលឲ្យកើតមានករណីផ្ទុះ​ខ្លាំង។

ដោយសារលក្ខណៈពិសេសរបស់បាឡុងត្រូវការទម្ងន់ស្រាល ដូច្នេះការផលិតធុងឥន្ធនៈរឹងមាំជារឿងដែលពិបាក។ ចំណុច​នេះ​ផ្ទុយទាំងស្រុងនឹងករណីរថយន្ត។

ក្រុមហ៊ុន TOYOTA បានគណនាយ៉ាងប្រុងប្រយ័ត្នដើម្បីការពារគ្រោះថ្នាក់ចំពោះធុងអុីដ្រូសែននៅលើម៉ូដែលរថយន្ត TOYOTA MIRAI ។

ដូច្នេះចុះរថយន្តអគ្គិសនី (EV) វិញ? តើ​អ្នក​ដឹង​ទេ​ថាវាមាន​ហានិភ័យកើតមានករណីផ្ទុះខ្ពស់ជាងរថយន្តប្រើសាំងទេ?

បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ចំពោះករណីឆេះ​អាគុយ​​រថយន្ត​អគ្គិសនីមិនថាពន្លត់ភ្លើងហើយក៏ដោយ នៅ​តែ​អាច​ឡើង​កម្ដៅ​ និង​​ឆេះ​​ម្ដង​​ទៀត។ អ្វីដែលគួរឲ្យខ្លាចជាងនេះគឺថ្មអាចផ្ទុះពេលកំពុងសាកផងដែរ។

ដូច្នេះតើរថយន្តអុីដ្រូសែនមានសុវត្ថិភាពជាងដែលយើងគិតទេ?

សំណួរទី២៖ រយៈពេលសាកថ្ម

គុណសម្បត្តិរបស់រថយន្តដែលប្រើសាំងបើប្រៀបនឹងរថយន្តអគ្គិសនីស្ថិតលើរយៈពេលចាក់សាំង។ ដើម្បីបំពេញធុងសាំង អ្នក​គ្រាន់តែចំណាយពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ប៉ុន្តែបើចង់សាក​ថ្មរថយន្ត​អគ្គិសនីអ្នកត្រូវចំណាយពេល ៣០ នាទី ឬ​​ច្រើន​​ជាង​​នេះ។

ដូច្នេះចុះរថយន្តដែលប្រើអុីដ្រូសែនវិញ? ចំពោះ​ម៉ូដែលរថយន្ត TOYOTA MIRAI រយៈពេលបំពេញចំណាយ​ពេល​ត្រឹម​​តែ ៣ នាទី​ប៉ុណ្ណោះ ដែលស្មើនឹងរថយន្តប្រើសាំង។ បញ្ហាត្រង់ថា បណ្តាញស្ថានីយ៍សាកអុីដ្រូសែននៅមានកម្រិតនៅ​ឡើយ​បើ​ប្រៀប​ធៀបទៅនឹងស្ថានីយ៍ប្រេងឥន្ធនៈ។ នេះ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​ជម្នះ​ទៅ​ថ្ងៃ​អនាគត។

យ៉ាងណាមិញ នៅពេលដែលបច្ចេកវិទ្យារថយន្តអុីដ្រូសែនមានការរីកចម្រើនជាងនេះ ចំនួនស្ថានីយ៍សាកអុីដ្រូសែននឹង​កើន​ឡើង ហើយ​កាន់​តែ​ពេញ​និយម។

សំណួរទី៣៖ តើអុីដ្រូសែនថ្លៃដែរទេ?

បច្ចុប្បន្ននៅជប៉ុនតម្លៃអុីដ្រូសែនប្រហែល ១.១០០ យ៉េន/គីឡូក្រាម។ រថយន្តដែលប្រើអុីដ្រូសែនអាចរត់បានប្រហែល ១០០ គីឡូម៉ែត្រ​ក្នុង ១ គីឡូ​ក្រាម​អុីដ្រូសែន។ ដូច្នេះការចំណាយក្នុងមួយគីឡូម៉ែត្រគឺប្រហែល ១.១ យ៉េន។

បើ​ធៀប​នឹង​រថយន្តដែល​ប្រើសាំងកម្រិតចំណាយគឺ ៣០ គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រ ដូច្នេះរថយន្តប្រើអុីដ្រូសែនចំណាយ​ក្នុងមួយគីឡូម៉ែត្រប្រហែលទ្វេដង។ ទោះជាយ៉ាងណា នាពេលអនាគត នៅពេលដែលចំនួនយានជំនិះដែលប្រើ​អុីដ្រូសែន​កើនឡើង ហើយការផ្គត់ផ្គង់អុីដ្រូសែនច្រើនឡើង ការចំណាយនេះនឹងថយចុះ។

សំណួរទី៤៖ ផលប៉ះពាល់បរិស្ថាន

យោងតាមគោលការណ៍ដំណើរការ រថយន្តដែលប្រើអុីដ្រូសែនបញ្ចេញចំហាយទឹកនៅពេលដុតអុីដ្រូសែនប៉ុណ្ណោះ។ ចំពោះ​រថយន្ត TOYOTA MIRAI ក៏ដូចគ្នាដែរ រថយន្តគ្រាន់តែបញ្ចេញចំហាយទឹកពេលធ្វើដំណើរ ដូច្នេះអាចចាត់ទុក​ថា​មិន​ប៉ះពាល់ដល់បរិស្ថាន។

ថ្វីត្បិតតែ រថយន្តអគ្គិសនីមើលទៅហាក់ដូចជាមិនប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែដំណើរការផលិតនៅតែបញ្ចេញឧស្ម័នកាបូនិបរិមាណច្រើន ហើយ​ការ​ដែល​បោះ​ចោលថ្ម lithium-ion ក៏មានការព្រួយបារម្ភចំពោះការពុលរបស់វាផង​ដែរ។

ថ្ម lithium-ion ផ្ទុកលោហធាតុដូចជាកូប័ល នីកែល និងម៉ង់ហ្គាណែស ដែលជាទូទៅមានអាយុកាលប្រហែល ៥ ឆ្នាំ។ លោហធាតុ​ធ្ងន់ទាំងនេះអាចជ្រាបចូលដី ទន្លេ និងបំពុលបរិស្ថាន ដូច្នេះប្រសិនបើមិនបោះចោលឲ្យបានត្រឹម​ត្រូវអាច​ជា​បញ្ហា​ធំ។

សំណួរទី៥៖ ហេតុអ្វីបានជាក្រុមហ៊ុនផលិតផ្សេងទៀតមិនអាចធ្វើបាន?

នៅជប៉ុនម៉ាស៊ីនអុីដ្រូសែនមានប្រវត្តិអភិវឌ្ឍន៍យូរអង្វែង។ នៅទសវត្សរ៍ឆ្នាំ ១៩៧០ សាកលវិទ្យាល័យ Musashi បាន​តេស្ត​រថយន្តជាក់ស្តែង ហើយ Mazda បានចូលរួមវិស័យនេះក្នុងឆ្នាំ ១៩៩០ ។

BMW នៃប្រទេសអាឡឺម៉ង់ក៏ជាក្រុមហ៊ុនផលិតរថយន្តដែលបានចូលរួមបង្កើតរថយន្តដែលប្រើអុីដ្រូសែនផងដែរ។

TOYOTA បានខិតខំប្រឹងប្រែងស្រាវជ្រាវ អភិវឌ្ឍ និងលក់នៅលើទីផ្សាររថយន្ត MIRAI នៅឆ្នាំ ២០២០ ។ សមត្ថភាព​បច្ចេកវិទ្យារបស់ TOYOTA មានការវិវឌ្ឍន៍យ៉ាងខ្លាំង ដែលក្រុមហ៊ុនផលិតផ្សេងទៀតមិនអាចតាមទាន់បាន។

ទន្ទឹមនឹងនេះ ក៏មានមតិមួយចំនួននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងតែយឺតយ៉ាវក្នុងការអភិវឌ្ឍន៍រថយន្ត​អគ្គិសនី។ ប៉ុន្តែខ្ញុំគិតថា រថយន្ត​ប្រើ​អុីដ្រូសែន​នឹងក្លាយជាជម្រើសដ៏​ពេញ​និយម​នា​ពេល​អនាគត។

បើតាម​គំនិត​របស់​អ្នក តើរថយន្តនា ២០ ឆ្នាំខាងមុខប្រើអ្វី? ហើយមានរូបរាង​យ៉ាង​ណា? ជាអ្វីដែលគួរទន្ទឹងរង់ចាំ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: