គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ផលិតផល “Made in Japan” ផ្តោត​សំខាន់​លើ​គុណ​ភាព​មាន​តាំង​​ពី​​បុរាណ​កាលមកម្ល៉េះ

តាំងពីបុរាណកាលមក ជប៉ុនតែងតែផ្តោតសំខាន់លើគុណភាព និងភាពបុិនប្រសប់ក្នុងការបង្កើតផលិត​ផល។ Monozukuri គឺ​ជា​លក្ខណៈ​ពិសេស​នៃ​ស្មារតីផលិតកម្មរបស់ជប៉ុន។

នៅថ្ងៃនេះ ខ្ញុំនឹងលើកយករឿងសាកសពនាងមច្ឆា។ ក្នុងអត្តបទមានរូបភាពដែលគួរឲ្យខ្លាចមួយចំនួន ដូច្នេះចូរពិចារណា​មុន​នឹង​មើល​បន្ត។

សាកសព​នាងមច្ឆា​ត្រូវគេចាត់ទុកថាយកមកពីកោះ Fiji នៅ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ដែលធ្លាប់ជារឿងល្បី​នៅ​សហរដ្ឋ​អាមេរិក។

ចំនួនមនុស្សសម្រុកទៅ​មើលសាកសពនាង​មច្ឆាលើសការរំពឹងទុក។ បើតាមព័ត៌មានពីម្ចាស់ ពួកគេរកបានប្រាក់យ៉ាងច្រើន​ពី​ការលក់​សំបុត្រ​ទេសចរណ៍។

ដូចដែលអ្នកអាចស្រមៃមើល ផ្នែករាងកាយខាងលើរបស់សាកសពមើលទៅដូចមនុស្ស ចំណែករាងកាយផ្នែកខាងក្រោមមើលទៅដូចជាត្រី។ គ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលដែលឃើញសាកសពនាងមច្ឆាហាក់ដូចជាមានការឈឺចាប់។

រឿងព្រេងនិទាននាងមច្ឆាមានច្រើនសតវត្សមកហើយ ហើយមនុស្សជាច្រើនជឿថា នាងមច្ឆាគឺមានពិត។ សាក​សព​នាង​មច្ឆា​ដូច​ជា​ភស្តុ​តាង​​ដែល​បង្ហាញ​ថា នាងមច្ឆាមានពិត ហើយរឿងនេះបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្ស​ជា​ច្រើន។

ចូរយើងក្រឡេកមើលរូបភាពសាកសពនាងមច្ឆាទាំង​អស់​គ្នា។ កុំភ្លេចត្រៀមចិត្តព្រោះវាអាចនឹងធ្វើឲ្យអ្នកខ្លាច។

នេះហើយជាសាកសពរបស់នាងមច្ឆា។

ថ្វីត្បិតតែ សាកសពរបស់នាងមច្ឆាត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែនៅទីបំផុត ការស៊ើបអង្កេតបែបវិទ្យាសាស្ត្រមកលើភាវៈអាថ៌កំបាំងត្រូវបានធ្វើឡើង។

ចូរក្រឡេកមើលរូបភាពកាត់តលើអេក្រង់កុំព្យូទ័រ (CT scan) ។

តើអ្នកកត់សម្គាល់ឃើញអ្វីលើលទ្ធផលរូបភាពនេះដែរទេ?

លទ្ធផលដំបូងបានបង្ហាញចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយ។ អ្នកវិទ្យាសាស្ត្របានរកឃើញវត្ថុមួយដែលមើលទៅដូចជាខ្សែលោហធាតុត្រង់ផ្នែកដៃ​របស់​សាក​សព។ ចំណុចនេះបង្ហាញថា សាកសពមិនមែនជាភាវៈមានពិតនោះទេ។ ពិត​ជា​ស្តាយ​ខ្លាំង​ណាស់។

យោងតាមរបាយការណ៍ សាកសពដូចជាត្រូវបានធ្វើពីក្បាល និងខ្លួនរបស់សត្វស្វា ចំណែកដៃដូចប្រភេទថល​ជលិក​ដូច​ជា​ក្រពើ ឬជីងចក់ មាន​កន្ទុយ​ដូច​ត្រី។ 

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគេនិយាយថា សាកសពនាងមច្ឆាអាចជាស្នាដៃសិល្បៈរបស់ជប៉ុន “Made in Japan” ។ យោងតាមលទ្ធផលស្រាវជ្រាវ ប្រហែលជាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨០០ ។

ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលដឹងថា នៅសម័យមួយដែលសាមូរ៉ៃដើរតាមដងផ្លូវ មនុស្សបានបង្កើតរឿងចម្លែក​បែប​នេះ។

សាកសពនាងមច្ឆា “Made in Japan” មួយចំនួនត្រូវបានរក្សាទុកនៅជប៉ុន ហើយខ្លះទៀតត្រូវបានបញ្ជូនទៅអឺរ៉ុប។

ក្រៅពីនេះ នៅជប៉ុនមានតំណាលរឿងព្រេងនិយាយពីមនុស្សសុីសាច់មច្ឆា។ បុគ្គលរូប​នោះ​មាន​ឈ្មោះ​ថា Yaobikuni ហើយ​​នាង​នៅរស់ ៨០០ ឆ្នាំដោយមិនចេះចាស់។ ចំពោះរឿងលម្អិតខ្ញុំនឹងរៀបរាប់នៅពេលក្រោយ។

តាមពិតទៅ ខ្ញុំមិនហ៊ានធ្វើត្រាប់តាមរឿងព្រេងខាងលើនោះទេ ប៉ុន្តែខ្ញុំពិតជាសង្ឃឹមថា មានឱកាសបានជួបនាង​មច្ឆា​ក្នុង​ជីវិត​ពិត។

មហាសមុទ្រ​​នៅមាន​អាថ៌កំបាំង​ជា​ច្រើន​ដែលយើងត្រូវចំណាយពេលច្រើនទើបអាចស្វែងយល់។ ចំណែកឯនាងមច្ឆា​ដែល​ជា​ភាវៈ​អាថ៌កំបាំង​នៃ​មហាសមុទ្រ អាច​នឹង​បះ​បោរ​ប្រឆាំងមនុស្ស ប្រសិនបើមនុស្សនៅតែបន្តបំផ្លាញទីជម្រក​របស់​ពួក​គេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: