ធ្វើ​យ៉ាង​ណា​ទើប​អាច​ចូល​រួម​ពិធី​ជប់​លៀង​របស់ Geisha

បើនិយាយពីវប្បធម៌ប្រពៃណីជប៉ុន ប្រហែលជាមិនអាចរំលងសិល្បៈនៃ Geisha នោះទេ។ Geisha ឬ Gei Maiko គឺ​ជា​ឈ្មោះ​ទូទៅ​របស់​អ្នក​សម្តែង Maiko និង Geiko ។

ក្នុងភាសាជប៉ុនឃ្លា “Ozashiki Asobi” ប្រើសម្រាប់សំដៅលើពិធីជប់លៀងដែលមានវត្តមានរបស់ Maiko ឬ Geiko ។ យ៉ាង​ណា​មិញ សូម្បី​​តែ​​ប្រជាជន​​ជប៉ុន​ក៏​កម្រ​មាន​ឱកាស​មើលការ​សម្តែងសិល្បៈប្រភេទនេះដែរ។

តើអ្នកដឹងថាហេតុ​អ្វីដែរទេ? ចូរយើងស្វែងយល់ពីសកម្មភាពក្នុងពិធីជប់លៀង Ozashiki Asobi តាមរយៈអត្ថបទនេះ។

ភ្ញៀវស្គាល់ទើបអាចចូលរួម

“បដិសេធភ្ញៀវមកថ្មី” គឺជាបទប្បញ្ញត្តិដែលអនុវត្តជាទូទៅនៅកន្លែងដូចជាទីក្រុងបុរាណ Kyoto ហាងតែ ភោជនីយ​​ដ្ឋាន​។ល។ បទប្បញ្ញត្តិនេះ​មាន​ន័យ​ថា អ្នក​ដែល​មិនធ្លាប់ស្គាល់ពីមុនមក មិនអាចកក់កន្លែងដោយឡែក ឬ​មិន​អាចចូលរួមពិធីជប់លៀងដោយសេរីទេ។

អ្នកអាចចូលរួមពិធីជប់លៀងបានលុះត្រាតែធ្លាប់មកហាងច្រើនដង ឬទៅជាមួយនឹងភ្ញៀវចាស់របស់ហាងពេល​មក​លើក​ដំបូង។ ដូច្នេះ បុគ្គលិក​ហាងនឹងចាំមុខរបស់អ្នក ហើយលើកក្រោយអ្នកអាចកក់ដោយខ្លួនឯង។

ភាពខុសគ្នារវាង Maiko និង Geiko

ចំណុចខុសគ្នាធំបំផុតរវាង Maiko និង Geiko ស្ថិតលើកម្រិត និងបទពិសោធន៍។ Maiko គឺជាឈ្មោះសម្រាប់សំដៅ​លើ​​ក្មេង​ស្រី​ដែល​កំពុងស្ថិតក្នុងដំណាក់កាល “ហាត់ការ” ដើម្បីក្លាយជា Geisha ។ ពីមុន Maiko ចាប់ផ្តើមរៀនជំនាញ​នៅ​អាយុ ១០ ឆ្នាំ ប៉ុន្តែសព្វថ្ងៃអាយុធ្វើជា Maiko គឺ ១៥ ឆ្នាំ។

រូបភាពខាងក្រោមនេះគឺជា Maiko មួយរូប។ នាង​មើល​ទៅ​គួរ​ឲ្យស្រលាញ់ពេលស្លៀកសម្លៀកបំពាក់ស្រស់ស្អាត និងថ្លៃ​ថ្នូរ។

ហើយនេះគឺជា Geisha ។ នាងមើលទៅសុភាពរាបសារ ប៉ុន្តែក៏ម៉ឺងម៉ាត់ណាស់ដែរ។

ដើម្បីក្លាយទៅជា Geisha មួយរូប ក្មេងស្រីត្រូវចូលរួមវគ្គបង្រៀនសិល្បៈប្រពៃណីជប៉ុន ដូចជាលេងឧបករណ៍ភ្លេងបុរាណ shamisen រាំរបាំប្រពៃណី និងរបៀបរៀបចំពិធីតែ។ បន្ទាប់ពីជំនាញចំណុចទាំងអស់នេះហើយ ទើបពួកគេត្រូវបានទទួលស្គាល់ជា Geisha ផ្លូវការ។

ដើមឡើយ ក្មេងស្រីអាចក្លាយជា Geisha នៅអាយុប្រហែល ២០ ឆ្នាំ។ យ៉ាងណាមិញ ដោយសារតម្រូវការ Maiko ស្លៀក​សម្លៀក​បំពាក់​​គួរ​​ឲ្យ​​ស្រលាញ់​កាន់​តែច្រើនឡើង ដូច្នេះមាននារីជាច្រើនមិនថាអាយុជាង ២០ ឆ្នាំ ហើយស្ទាត់ជំនាញ​ទាំង​អស់​នៅ​តែ​ធ្វើ​ជា Maiko ។

តើ Geisha នាំមកនូវអ្វីខ្លះដល់អ្នក?

នេះជាសំណួរដែលមនុស្សជាច្រើន​ឆ្ងល់ ប្រសិនបើអ្នករំពឹងថា នឹងមានអ្វីប្លែក និងភ្ញាក់ផ្អើល គួរឲ្យស្តាយពួកគេគ្រាន់​តែ​ជា​អ្នក​សម្តែងដែល​​នាំ​​មក​​នូវ​​ភាព​រីក​រាយ​ដល់​ភ្ញៀវ​ក្នុង​ពិធី​ជប់​លៀង​ប៉ុណ្ណោះ។

ដូច្នេះហើយ អ្នកមិនចាំបាច់បារម្ភពេលចូលរួមពិធីជប់លៀង Geisha នោះទេ ប៉ុន្តែអ្វីដែលសំខាន់ អ្នកគ្រាន់តែដឹង​ពី​ឥរិយាបថ​សមរម្យ​ធ្វើចំពោះ​ពួក​គេ។

Geisha មិនបរិភោគអ្វីទាំងអស់ក្នុងពិធីជប់លៀង ពួកគេគ្រាន់តែផឹកស្រាបន្តិចពេលភ្ញៀវអញ្ជើញប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ចូរចាំថា សកម្មភាពបង្ខិតបង្ខំចំពោះ Geisha មិនត្រូវបានអនុញ្ញាតឡើយ។

បន្ទាប់មកទៀតគឺចំណុចដែលគួរឲ្យចាប់អារម្មណ៍ក្នុងពិធីជប់លៀង Geisha ដែលគេហៅថា Ozashiki ។ គេចាត់ទុក Ozashiki ជាល្បែងប្រពៃណីជប៉ុន។ ល្បែង Ozashiki ដែល Geisha និង Maiko តែងតែលេងជាមួយភ្ញៀវក្នុងពិធី​ជប់​លៀងមានដូចជា “Tora Tora”, “Konpira Fune Fune” ជាដើម។

និយាយបែបសាមញ្ញដូចជាល្បែងបាវសុីងសុំ ប៉ុន្តែប្រើរាងកាយទាំងមូល។ ថ្វីត្បិតគ្រាន់តែជាល្បែងបាវសុីងសុំធម្មតា ប៉ុន្តែអ្នកប្រាកដជារីករាយពេលលេងជាមួយ Geisha ដ៏ស្រស់ស្អាត នៅក្នុងបន្ទប់ zashiki ដែលក្រាលដោយកន្ទេល Tatami ពិសេស។

ប្រសិនបើអ្នកជាភ្ញៀវចូលរួមលើកដំបូង មិនចាំបាច់បារម្ភពេកទេ។ Maiko នឹងជួយឲ្យអ្នកយល់ និងដឹងពីរៀបលេង​យ៉ាង​ងាយ​ស្រួល។

បើតាមច្បាប់នៃល្បែង អ្នកចាញ់ត្រូវផឹកស្រាពិន័យមួយកែវ។ នៅពេលដែលរាងកាយរបស់អ្នកត្រូវបានកំដៅដោយល្បែងកំសាន្ត និងគ្រឿងស្រវឹង ការស្រវឹងនឹងសាយភាយក្នុងបរិយាកាសរីករាយ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​រំភើបយ៉ាង​ខ្លាំង។

ជាចុងក្រោយគឺ “លុយធីប” 

ថ្វីត្បិតតែ វប្បធម៌ “លុយធីប” មិននិយមនៅជប៉ុន ប៉ុន្តែចំពោះបទពិសោធន៍ Ozashiki គឺជាករណីពិសេសមួយ។ ប្រាក់ប៉ុន្មានពាន់យ៉េនគឺជាការបង្ហាញអារម្មណ៍អរគុណចំពោះអ្នកសម្តែង ដែលនាំមកនូវភាពរីករាយ និងបទពិសោធន៍ដ៏គួរឲ្យ​ចាប់អារម្មណ៍សម្រាប់យើង។

តម្លៃខ្ពស់កប់ពពកសម្រាប់ពិធីជប់លៀងជាមួយ Geisha

ជាទូទៅពិធីជប់លៀង Ozashiki Asobi មានតម្លៃខ្ពស់ខ្លាំងណាស់។ ដូច្នេះហើយ អ្នក​ដែល​គ្មានបំណងចំណាយប្រាក់ច្រើន​មិន​គួរ​មក​ទី​នេះ​ទេ។ តាមគោលការណ៍ មិនមានម៉ឺនុយកំណត់សម្រាប់ពិធីជប់លៀងបែបនេះទេ ប៉ុន្តែការចំណាយជាមធ្យមក្នុងកម្រិតខាងក្រោម។

  • ថ្លៃអញ្ជើញ Geisha (Ohanadai)
    នេះជាចំនួនទឹកប្រាក់ដែលចំណាយសម្រាប់អញ្ជើញ Maiko និង Geiko មកសម្តែង។ ពួកគេម្នាក់ៗនឹងទទួលបានប្រហែល ៣០.០០០ ~ ៤០.០០០ យ៉េន។
  • ថ្លៃអាហារ
    តម្លៃអាហារ និងភេសជ្ជៈសម្រាប់មនុស្សម្នាក់ប្រហែលពី ១០.០០០ ~ ២០.០០០ យ៉េន អាស្រ័យលើមុខម្ហូប។
  • ប្រាក់រង្វាន់សម្រាប់ការសម្តែង
    ក្នុងពិធីជប់លៀង Maiko និង Geiko សម្តែងរបាំប្រពៃណីជប៉ុន។ អ្នកគួរតែត្រៀមប្រាក់ប្រហែល ១០.០០០ ~ ២០.០០០ យ៉េន ជា​ប្រាក់​រង្វាន់​សម្រាប់ការសម្តែងនីមួយៗ។

យ៉ាងណាមិញ អ្នកមិនគួរកំណាញ់ពេលទស្សនាការសម្តែងពិសេសនោះទេ។ ប្រសិនបើអ្នកចង់ទស្សនាពិធីជប់លៀង Ozashiki Asobi បែប​ប្រពៃណី រីក​រាយ​នឹង​វប្បធម៌​ជប៉ុន សូមកុំរំលងបើសិនជាអ្នកមានឳកាសចូលរួម។

ដូច្នេះសម្រាប់ការចំណាយប្រហែល ៥០.០០០ ~ ៩០.០០០ យ៉េនក្នុងម្នាក់ អ្នកអាចរីករាយនឹងពិធីជប់លៀងបែបប្រពៃណី Ozashiki Asobi ។ យ៉ាងណាមិញ ដើម្បីចូលរួមពិធីជប់លៀងត្រូវមានការណែនាំពីអ្នកស្គាល់ សូម្បីតែ “ប្រធានាធិបតី” ក៏​មិន​អាច​ចូល​រួម​ដែលបើ​គ្មាន​ការ​ណែនាំ។

គ្រប់គ្នាអាចស្រមៃថា នៅថ្ងៃណាមួយអាចចូលរួមពិធីជប់លៀង Ozashiki Asobi ។ ដូច្នេះហើយ គ្មានអ្វីខុសនោះទេ បើ​សិន​ជា​យើង​ខំប្រឹង​ធ្វើ​ការ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​មែន​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: