តើឧស្សាហកម្ម “Influencer” កំពុងឈានដល់ទីបញ្ចប់មែនទេ?
ការផ្សាយពាណិជ្ជកម្មដោយ Influencer គឺជាការផ្សាយពាណិជ្ជកម្មដោយផ្អេកលើបុគ្គលដែលមានឥទ្ធិពលលើវេទិកាសង្គមដូចជា Youtube, Instagram ជាដើម។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ វាបានក្លាយជាការនិយមដែលឈានមុខគេនៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ធំមួយ។
ទីផ្សារ Influencer ធ្លាប់ត្រូវគេចាត់ទុកជាមធ្យោបាយផ្សាយពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពជាងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ប៉ុន្តែឥឡូវនេះ វាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ។
បរាជ័យដ៏ធំក្នុងកិច្ចសហប្រតិបត្តិការជាមួយ Vtuber
តើអ្នកធ្លាប់ស្គាល់ពាក្យ “Vtuber” ដែរទេ?
Vtuber ឬគេហៅថា YouTuber និម្មិត សំដៅលើតួអង្គនិម្មិតល្បីនៅលើ YouTube ។ ថ្មីៗនេះ ករណីសហការរវាង Vtuber និងក្រុមហ៊ុនផលិតនំដែលល្បីនៅជប៉ុនប្រឈមនឹងបរាជ័យដ៏ធំមួយ។
ករណីកិច្ចសហការរវាងក្រុម Vtuber Hololive និងក្រុមហ៊ុននំ Meiji សម្រាប់ខ្សែសង្វាក់ផលិតផលថ្មី។ យ៉ាងណាមិញ ផលិតផលរួមសហការរបស់ពួកគេបែរជាលក់មិនចេញ។
ខាងក្រោមនេះជារូបភាពផលិតផល។
ដូចដែលអ្នកបានឃើញ នៅលើផលិតផលមានស្លាកបញ្ចុះតម្លៃដល់ទៅ ៣ ដង ដូច្នេះឃើញថាការលក់គឺមិនល្អ។ ប្រឈមមុខនឹងស្ថានភាពនេះ Meiji ត្រូវបង្ខំចិត្តបញ្ចុះតម្លៃផលិតផលចំនួនពីរដង រហូតដល់ថ្នាក់ទាបជាងថ្លៃដើម ប៉ុន្តែស្ថានភាពនៅតែមិនផ្លាស់ប្តូរ។
នេះជាតួអង្គដែលមនុស្សជាច្រើនចូលចិត្ត ចំណែកឯវីដេអូរួមសហការក៏មានអ្នកចូលមើល ៩,៤ លាននាក់ដែរ ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុកនោះទេ។ ចំណុចនេះបង្ហាញថា ទោះបីជាមានអ្នកចូលមើលច្រើនក៏មិនប្រាកដថាផលិតផលនឹងលក់ដាច់ដែរ។
ចំនួន Youtuber ត្រូវចាប់ខ្លួនកាន់តែច្រើន
ចំនួន Youtuber កំពុងតែកើនឡើង ដែលបង្កើតជាស្ថានភាពពួកគេត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអ្នកទស្សនា។ ចំណុចនេះបានធ្វើឲ្យ Youtuber មានទំនោរបង្កើតវីដេអូ “មិននឹកស្មានដល់” ដើម្បីទាក់ទាញការចាប់អារម្មណ៍។
ប៉ុន្មានខែកន្លងមកនេះ ចំនួន Youtuber ត្រូវប៉ូលិសចាប់ខ្លួនកើនឡើងជាបន្តបន្ទាប់។ Youtuber ទាំងនេះមិនខ្វល់ដល់ការរំខានអ្នកដទៃ ហើយជារឿយៗតែងតែធ្វើសកម្មភាពមិនល្អ ដោយថ្មីៗនេះគឺសកម្មភាពខ្វះអនាម័យនៅភោជនីយដ្ឋាន និងអាហារដ្ឋាន។
ថ្មីៗនេះ មានទំនោរថ្មីមួយគឺ Youtuber ដែលមិនមានភារកិច្ចដូចជាប៉ូលិស បែរជាប្រើកាមេរ៉ាថតសកម្មភាពដេញតាមប្រជាជនតាមអំពើចិត្ត។ Youtuber ទាំងនេះតែងតែចាប់ខ្លួន និងចោទប្រកាន់អ្នកដទៃជាជនឆបោក ឬបៀតបៀនផ្លូវភេទ បន្ទាប់មកសួរសំណួរជាបន្តបន្ទាប់ ដែលបណ្តាលឲ្យកើតមានករណីកាន់តែធ្ងន់ធ្ងរ។
លទ្ធផលចំនួន Youtuber ត្រូវប៉ូលិសចាប់ខ្លួនទាក់ទងនឹងសកម្មភាពនេះកាន់តែច្រើនឡើង។ អ្នកផ្តល់វេទិកា Youtube ក៏កំពុងផ្តោតលើការដោះស្រាយបញ្ហាទាំងនេះផងដែរ។ ពួកគេបានចាត់វិធានការជាច្រើន ដូចជាបិទមុខងាររកប្រាក់ ឬលុបគណនី Youtuber ដែលបំពាន។
ដូច្នេះហើយ ប្រសិនបើ Youtuber ដែលថតផ្សាយពាណិជ្ជកម្មផលិតផលសំខាន់របស់ក្រុមហ៊ុនអ្នកត្រូវចាប់ខ្លួន តើអ្នកនឹងដោះស្រាយដោយរបៀបណា? ដូច្នេះអាជីវកម្មជាច្រើនជ្រើសយកមធ្យោបាយកាត់បន្ថយកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយ Influencer ដោយសារព្រួយបារម្ភជាប់ពាក់ព័ន្ធនឹងទង្វើប្រគល់ប្រាក់ដល់ជនល្មើស។
ជាក់ស្តែង រឿងនេះមិនមែនកើតឡើងនៅជប៉ុនប៉ុណ្ណោះទេ។ អាជីវកម្មមានទំនោរកាត់បន្ថយសហការជាមួយ Youtuber កំពុងកើនឡើងនៅទូទាំងពិភពលោក។
ដោយស្ថានភាព Youtuber ប្រព្រឹត្តទង្វើមិនល្អកាន់តែច្រើនឡើង រហូតបង្កគ្រោះថ្នាក់ដល់ជីវិត។ ជាការពិតណាស់ អាជីវកម្មគួរពិចារណាចំពោះទម្រង់ផ្សាយពាណិជ្ជកម្មប្រភេទនេះ។
ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គមក៏លេចឡើងទម្រង់អាជីវកម្មដូចជាទិញ-លក់ចំនួនអ្នកតាមដាន។ ជាមួយនឹងករណីដែលកំពុងកើតឡើង ទម្រង់ផ្សាយពាណិជ្ជកម្មដែលហៅថា Influencer Marketing កំពុងឈានទៅដល់ទីបញ្ចប់។
ខ្ញុំសង្ឃឹមថា ទង្វើល្ងង់ខ្លៅនេះមិនកើតឡើងនៅលើពិភពលោកនោះទេ។
Abe Kengo