ពិព័រណ៍ការងារឆ្នាំ ២០២៣ ធ្វើ​ឡើង​នៅមជ្ឈមណ្ឌលសហ​ប្រតិបត្ដិ​ការ​កម្ពុជា-ជប៉ុន (CJCC) ត្រឡប់មកវិញហើយ

តើអ្នកទាំងអស់គ្នាកំពុងស្វែងរកការងារដែលស្របតាមជំនាញរបស់ខ្លួន? ឳកាសការងារជាច្រើនកំពុងតែរង់ចាំអ្នក។ បន្ទាប់ពីបញ្ចប់ការសិក្សា យើង​ម្នាក់ៗ​​ រមេង​ចង់​បានការងារដែលស័ក្តិសមនឹងខ្លួន។ តើយើងអាចស្វែងរកការ​ងារដែលសមនឹងខ្លួននៅទីណា?

នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានរួមសហការជាមួយសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើម្បីរៀបចំកម្មវិធីពិព័រណ៍ការងារឆ្នាំ ២០២៣ ។ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​​ការ​​កម្ពុជា-ជប៉ុន (CJCC) ផ្ទាល់។

រូបភាព៖ CJCC

ចំពោះកម្មវិធីនាពេលកន្លងមក មានចំនួនអ្នកចូលរួមច្រើនជាង ២០០០ នាក់បានមកស្វែងរកការងារ។ ដោយ​ឡែក​កម្មវិធីលើកនេះ មានចំនួនក្រុមហ៊ុនទាំងកម្ពុជា និងជប៉ុនចូលរួមមានរហូតដល់ទៅជាង ៤០ ក្រុមហ៊ុន និងចំនួនឱកាសការងារមានរហូតដល់ទៅជិត ១៥០០ មុខដំណែង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រំពឹង​ថា​នឹងមានចំនួនបេក្ខជនមកចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារឆ្នាំ ២០២៣ នេះ មានការកើនឡើងរហូតដល់ទៅជាង ៣០០០ នាក់។

លោក ស៊ី វណ្ណា ប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ធនធានមនុស្សនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានលើកឡើងថា កម្មវិធីពិព័រណ៌ការងារឆ្នាំ ២០២៣ នេះ ជាវេទិការដ៏ពិសេសមួយសម្រាប់អ្នកកំពុងស្វែងរកការងារ ឲ្យ​មាន​ឱកាសបានភ្ជាប់ទំនាក់ទំនង និងបង្កើតបណ្តាញជាមួយក្រុមហ៊ុនល្បីៗនានា។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងនោះ ក៏នឹងមានឱកាសបានស្វែងរកជម្រើសអាជីពផ្សេងៗ ពីសហគ្រាសជប៉ុន និងកម្ពុជា ដែលកំពុងបើកទ្វារផ្តល់ឱកាសការងារជាច្រើនមុខជំនាញផងដែរ។

កម្មវិធីពិព័រណ៍ការងារ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បានរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារការងារក្នុងរាជធានីភ្នំពេញ តាមរយៈការសម្រប​​សម្រួល​ដល់ក្រុមហ៊ុន ក្នុងការស្វែងរកបុគ្គលិកដែលមានសក្តានុពល និង​ជួយ​ដល់​អ្នកកំពុងស្វែងរការងារឲ្យ​មើល​​ឃើញឱកាសអាជីពការងារថ្មី។ ចាប់តាំងពីការចាប់ផ្តើមដំណើរការកាលពីឆ្នាំ ២០១២ កម្មវិធីនេះ ក៏បានចូលរួម​ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងភាពរីកចម្រើនផ្នែកអាជីពដល់សហគមន៍មូលដ្ឋានផងដែរ។

ចំណែកឯកម្មវិធីពិព័រណ៍ការងារឆ្នាំ ២០២៣ នេះវិញ ក៏នឹងផ្តល់ឱកាសដល់អ្នកដែលកំពុងស្វែងរកការងារ អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយបណ្តានិយោជក ដោយបេក្ខជនទាំងនោះ គ្រាន់តែភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេបធ្វើបច្ចុប្បន្នភាពរួច (Updated CV) និងលិខិតគម្រប (Cover letter) ដើម្បីធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន។

ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងកម្មវិធីពិព័រណ៍ការងារឆ្នាំ ២០២៣ និងគន្លឹះសំខាន់ផ្សេងៗទាក់ទិនទៅ​នឹង​ឱកាស​ការ​ងារ សូមតាមដានទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការរបស់ Job Information Club

ដូច្នេះហើយ សូមកុំរំលងឳកាសស្វែងរកការងារមួយនេះឲ្យសោះ អ្នកទាំងអស់គ្នាអាចរកបានការងារដែលសម​នឹង​ខ្លួន។ មិន​​ត្រឹម​តែ​ប៉ុណ្ណឹង ថែម​ទាំង​អាច​បង្កើត​ទំនាក់​ទំនង និងស្គាល់ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត។

ប្រភព៖ CJCC

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: