តើ​យើង​គួរ​តែ​បរិភោគ​មី​ដោយ​ប្រើ “ចង្កឹះ” ឬ “សម” មួយ​ណា​ល្អជាង?

ភាគច្រើនជនជាតិអាស៊ីតែងតែប្រើចង្កឹះសម្រាប់ហូបមី មិនថា ramen, soba, udon ឬគុយទាវសុទ្ធតែប្រើចង្កឹះ ប៉ុន្តែ​នៅ​ប្រទេស​អុីតាលី គ្រប់គ្នា​ប្រើ​សម​សម្រាប់​ហូបមី។

ដូច្នេះ​តាម​គំនិត​របស់​អ្នក តើពេលហូបមីប្រើចង្កឹះ ឬ​សមមួយណាស្រួលជាង?

 ដើមឡើយគេបរិភោគមីដោយប្រើដៃ

គ្រប់គ្នាប្រហែលជាដឹងហើយថា នៅបណ្តាប្រទេសអឺរ៉ុបគេនិយមប្រើសម កាំបិត និងស្លាបព្រា ប៉ុន្តែតើអ្នកដឹងទេ​ថា វា​ទើប​តែពេញនិយមនាពេលថ្មីៗនេះដែរទេ?

ឧទាហរណ៍ដូចជាមីស្ប៉ាហ្គេតទី តើគេបរិភោគបែបណា?

ប្រើដៃទាញសរសៃមីស៉្បាហ្គេតទីខ្ពស់ផុតពីក្បាល បន្ទាប់មកឳនក្បាលចុះ ហើយងើយមុខទៅលើ រួចដាក់មីចូលមាត់។ នេះជារបៀបបរិភោគទូទៅនៅសម័យនោះ ហើយក៏ជាមូលហេតុ​ដែលរហូតមកដល់ពេលនេះគេមិនហូបមីប្រញាប់​ឡើយ។

ដោយសារគេចាត់ទុកអាហារជាអំណោយដ៏មានតម្លៃដែលទេវតាបានប្រទានដល់មនុស្ស ដូច្នេះពួកគេចាប់អាហារដោយ​ប្រើ​ដៃ ហើយ​បរិភោគ​យឺតៗ ដើម្បី​បង្ហាញ​ពីការដឹងគុណចំពោះអាហារដែលពួកគេមាន។

ពួកគេបន្តរបៀបបរិភោគបែបនេះរហូតដល់ពេលដែលឧបករណ៍​បរិភោគ​ដែកចាប់​ផ្ដើម​ពេញ​និយម។ យ៉ាង​ណា​មិញ មិនថាសមត្រូវបានបង្កើតឡើងបានមួយរយៈហើយក៏ដោយ នៅតែមិនត្រូវបានវាយតម្លៃខ្ពស់ព្រោះថា “ពិបាក” ក្នុង​ការ​ប្រើ​ប្រាស់។

វប្បធម៌នៃការប្រើចង្កឹះមានយូរណាស់មកហើយ

នៅជប៉ុនវប្បធម៌ប្រើចង្កឹះមានអាយុកាល ១៤០០ ឆ្នាំមកហើយ។ ចង្កឹះត្រូវបាននាំចូលដោយវប្បធម៌​ចិន ដូច្នេះហើយ ​វប្បធម៌​នៃ​ការ​ប្រើ​ចង្កឹះ​នៅចិនកាន់តែយូរជាងនេះទៅទៀត។

កាលពីប៉ុន្មានឆ្នាំមុន ខ្សែសង្វាក់ហាង Burger King បានចំអកវប្បធម៌នៃការប្រើចង្កឹះតាមរយៈការផ្សាយពាណិជ្ជកម្ម​របស់​ពួក​គេ។

ដោយបណ្តាឲ្យមានភាពចម្រូងចម្រាសទាក់ទងនឹងបញ្ហានៃការរើសអើងជាតិសាសន៍។ នៅទីបំផុត Burger King ត្រូវបង្ខំឲ្យលុបចោលការផ្សាយពាណិជ្ជកម្មនេះ។ មិនថាយ៉ាងណា ក៏យើងមិនអាចទទួលយកអ្នកដែលបរិភោគដោយ​ដៃ​បែរ​ជា​មើលងាយវប្បធម៌នៃការប្រើចង្កឹះមែនទេ?

ហេតុអ្វីបានជាប្រជាជនជប៉ុនបញ្ចេញសំឡេងពេលបរិភោគ?

ប្រជាជន​ជប៉ុន​មាន​ទម្លាប់​បញ្ចេញ​សំឡេង​ពេលហុតទឹកស៊ុប។ ចំណុចនេះធ្វើឲ្យជន​បរទេស​មាន​អារម្មណ៍​មិនពេញចិត្ត ប៉ុន្តែ​គ្រប់​យ៉ាង​សុទ្ធតែអត្តន័យ។

តើអ្នកធ្លាប់ហូបមី soba ត្រជាក់ដែរទេ?

នេះជាមុខម្ហូបដែលទំនងបង្កើតជាសំឡេងហុតទឹកស៊ុបរបស់ប្រជាជនជប៉ុន។ ជាទូទៅយើងហូបម្ហូបនេះជាមួយទឹក​ស៊ុប​​ស៊ីអុីវ​ដែល​រម្ងាស់​ពី​ត្រី​សមុទ្រ។

ភាគច្រើនមុខម្ហូបមិនថាឆ្ងាញ់ប៉ុណ្ណានោះទេ នៅពេលដែលទឹកស៊ុបត្រជាក់ មិនអាចរក្សារសជាតិដើមទៀតឡើយ។ ប៉ុន្តែសម្រាប់មី soba គឺខុសគ្នា វាកាន់តែឆ្ងាញ់ពេលដែលយើងហូបត្រជាក់។

បន្ទាប់ពីសាកល្បង និងបរាជ័យជាច្រើនដង នៅទីបំផុតខ្ញុំបានប្រទះឃើញថា របៀបបរិភោគមី soba ដែលល្អបំផុត​គឺ​​ថា ហូប​សរសៃ​មី​ផង​ដក​ដង្ហើម​ផង។

រសជាតិទឹកស៊ុប និងមី soba សាយភាយ​ក្នុង​មាត់ បន្ទាប់មកចេញតាមដង្ហើមច្រមុះ។ របៀប “ហុតទឹកស៊ុប” របស់​ជន​ជាតិ​ជប៉ុន​ក៏​ផ្តើម​ចេញពីចំណុចពិសេសនេះដែរ ដោយជួយឲ្យអ្នករីករាយនឹងក្លិនមី soba ក្នុងមាត់។

ថ្វីត្បិតតែ មី soba និង udon ក្តៅអ្នកមិនចាំបាច់ហុតទឹកស៊ុបបែបនេះក៏ដោយ ប៉ុន្តែពេលខ្លះអ្នកអាចនឹងហូបបែបនេះព្រោះតែទម្លាប់។ ដូច្នេះមានរឿងមួយដែលប្រាកដថា អ្នកមិនអាចអនុវត្តរបៀបបរិភោគនេះដោយប្រើសមឡើយ​មែន​ទេ?

ដូច្នេះតើចង្កឹះ និងសមមួយណាងាយស្រួលជាង?

ជាការពិតណាស់ ខ្ញុំគិតថា នោះគ្រាន់តែជាទម្លាប់ប៉ុណ្ណោះ។ យើងទម្លាប់ប្រើចង្កឹះ ដូច្នេះ​យើង​គិត​ថា​ ចង្កឹះល្អជាង។ ទោះជាយ៉ាងណា នៅអុីតាលីគ្រប់គ្នាមានគំនិតដោយឡែក។

ម៉្យាងវិញទៀត ការដែលមិនធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អពេលបរិភោគជាចំណុចសំខាន់។ ដូច្នេះ ចូរយើងរៀនពីរបៀបប្រើចង្កឹះ និងសមឲ្យបានត្រឹមត្រូវ។ ជាពិសេស បើតាមទំនៀមទម្លាប់របស់ជប៉ុន បរិភោគមី soba ប្រើចង្កឹះ ដូច្នេះ​ចូរសាក​ល្បង​ហូប​មី soba ត្រជាក់​ដោយ​ប្រើ​ចង្កឹះ និង​បង្កើត​​ជា​​សំឡេង​​ដែល​​គួរ​​ឲ្យ​​ចាប់​​អារម្មណ៍។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: