នៅ​ជប៉ុន​មិន​នឹក​ស្មាន​ថា​ឈ្មោះទីកន្លែង​មួយ​ចំនួន​បង្កប់​អត្តន័យ​​គួរ​ខ្លាច​នោះ​ទេ

តើ​អ្នក​ដឹង​ទេ​ថា នៅ​ជប៉ុនឈ្មោះទីកន្លែងភាគច្រើន​ត្រូវ​បាន​សរសេរ​ជា​អក្សរ​ Han ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Kanji ដែរទេ?

ក្នុងភាសាជប៉ុន Kanji គឺជាសញ្ញាតួអក្សរមានលក្ខណៈពិសេស ដែលតួអក្សរនីមួយៗមានអត្ថន័យខុសៗគ្នា។ ដូច្នេះប្រសិនបើអ្នកយល់ពីអត្ថន័យអក្សរ Kanji ដែលគេដាក់ឈ្មោះទីកន្លែងនៅជប៉ុន អ្នកប្រហែលជាដឹងអ្នកដាក់ឈ្មោះកន្លែង​នោះ​ចង់​បង្ហាញ​ពី​អ្វី។

ដោយសារតែមានតួអក្សរ Kanji ជាច្រើនដែលមានការបញ្ចេញសំឡេងដូចគ្នា ប៉ុន្តែតួអក្សរ និងអត្ថន័យខុសគ្នាទាំង​ស្រុង។ ដូច្នេះ​​យើង​​ត្រូវ​​មាន​​ចំណេះ​ដឹងខ្លះៗទើបអាចយល់ពីអត្តន័យរបស់វា។

អ្នកដឹងទេថា ជប៉ុនជាប្រទេសដែលកើតមានគ្រោះមហន្តរាយធម្មជាតិច្រើន ដូច្នេះជប៉ុនតែងតែមានវិធានការ​ទប់​ស្កាត់គ្រោះមហន្តរាយធម្មជាតិយ៉ាងប្រុងប្រយ័ត្នបំផុត។ ចំណុចនេះបានរួមចំណែកកាត់បន្ថយកម្រិតហានិភ័យ និង​ការ​ខូច​ខាត​នៅពេលដែលគ្រោះធម្មជាតិកើតឡើង។

យ៉ាងណាមិញ ប្រសិនបើអ្នកចង់លើកកម្ពស់សុវត្ថិភាពរបស់ខ្លួនពេលកំពុងនៅជប៉ុន អ្នកប្រហែលជាត្រូវយកចិត្តទុក​ដាក់លើឈ្មោះទីកន្លែងដែល​អ្នក​រស់​នៅ។

តួអក្សរ Kanji ដែលបង្កប់គ្រោះថ្នាក់

Fukuro (袋) មានន័យថាកាបូប។

Ikebukuro គឺជាឈ្មោះសង្កាត់ផ្លូវដែលអ៊ូអរនៅកណ្តាលទីក្រុងតូក្យូ ប៉ុន្តែឈ្មោះរបស់វាមានពាក្យ “bukuro” (ប្រែមកពី fukuro) នៅពេលដែលបន្ថែម Ike នឹងក្លាយទៅជា Ikebukuro ដែលបង្កប់អត្តន័យគ្រោះថ្នាក់។ ហេតុអ្វីបាន​ជា​អ្នក​និយាយ​ដូច្នេះ?

បើយើងក្រឡេកមើលអក្សរ Kanji ក្នុងនោះ យើងនឹងឃើញថា ឈ្មោះកន្លែងនេះតំណាងឲ្យ​តំបន់ដីដែលមានរាង​ដូច​ជា “កាបូប” ហើយ​ហ៊ុំព័ទ្ធ​ដោយ “ទឹក” (Ike ក្នុងភាសាជប៉ុនមានន័យថា ស្រះ បឹង) ។ ដូច្នេះហើយ Ikebukuro ត្រូវ​​គេ​​ចាត់​ទុក​ជា​ឈ្មោះ​តំបន់ដែលងាយមានទឹកជំនន់។

“Ume” (梅) មានន័យថាផ្លែអែបព្រីខត។

Umeda (梅田) ជាទីកន្លែងដែលល្បីឈ្មោះនៅ Osaka ។ ក្នុងភាសាជប៉ុនពាក្យដែលមានសំឡេងដូចគ្នា Umeru (埋める) បង្កប់អត្តន័យ​បញ្ចុះ​សព ឬកប់បំពេញ។ មនុស្សកាលពីមុនចង់បង្កប់អត្តន័យថា តំបន់ដីនៅទីនេះប្រជ្រៀតសមុទ្រ ដូច្នេះសណ្ឋានដីខ្សោយខ្លាំងណាស់ ហើយជាតំបន់ដែលងាយរងគ្រោះ​ធម្មជាតិ និង​រញ្ជួយ​ដី។

“Onna” (女) មានន័យថាស្ត្រី។

អក្សរ Kanji នេះ តែងតែនាំមកនូវអារម្មណ៍ទន់ភ្លន់របស់ស្រ្តី។ ប៉ុន្តែមនុស្សមិនច្រើនទេដែលស្គាល់ប្រភពដើមពាក្យនេះគឺ “Onami” (男浪) មាន​ន័យ​ថា រលកខ្លាំងមានអំណាចដូចជាបុរស។ ស្របនឹងអត្តន័យរបស់វា អំឡុងពេលកើត​មាន​រញ្ជួយដីខ្លាំង Tohoku ក្នុងឆ្នាំ ២០១១ តំបន់ Onagawa (女川) ត្រូវលេបត្របាក់ដោយរលកយក្សស៊ូណាមិដ៏​គួរ​ឲ្យ​ខ្លាច​បំផុត។

ក្រៅពីនេះ យើងក៏សង្កេតឃើញតួអក្សរ Kanji មួយចំនួន ដែលបង្កប់អត្តន័យគ្រោះថ្នាក់ដូចជា៖ ទឹកជ្រោះ (滝), ត្រី (鮎), ក្តាម (蟹), ឃ្លាំង (倉), របស់បង្វិល (駒), ផ្កាសាគូរ៉ា (桜), នាគ (龍) ។ល។

ក្រឡេកមើលឈ្មោះទីកន្លែងចាស់ដើម្បីយល់ពីទីកន្លែងបច្ចុប្បន្ន

ជាទូទៅតំបន់លំនៅដ្ឋានថ្មីមិនរក្សាឈ្មោះចាស់នោះទេ ជាពិសេសនៅពេលដែលអ្នកឃើញកន្លែងដែលមានឈ្មោះដូច​ជា “自由” (សេរីភាព), “光” (ពន្លឺ), “丘” (កំពូលភ្នំ) និង “希望” (ក្តីសង្ឃឹម) ប្រហែលជាកន្លែងនោះត្រូវបានប្តូរឈ្មោះ។

ឧទាហរណ៍ដូចជា “自由が丘”(Jiyugaoka)មានន័យថា “កំពូលភ្នំសេរីភាព” ជាតំបន់លំនៅដ្ឋានទំនើប​បំផុតនៅ​ទី​ក្រុង​តូក្យូ។ កន្លែងនេះពីមុនមានឈ្មោះថា Fusuma ហើយមុននោះទៀតគឺ Fushima ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ កន្លែង​​នេះ​​នៅ​តែ​មាន​រឿង​ព្រេង​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​មាន​ឈ្មោះ​ថា៖ “ពស់​យក្ស​មកពី  Okayama ធ្លាប់​មក​ទី​នេះ” ។ 

នៅជប៉ុនរូបភាពពស់យក្សមួយក្បាល គេប្រើសម្រាប់សំដៅលើការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិទាក់ទងនឹងទឹក។ ក្រៅពីនេះ ពាក្យ “សេះ” (馬) ក្នុងអក្សរ Fushima ក៏ដូចជាបង្កប់អត្តន័យគ្រោះធម្ម​ជាតិ​​ផង​ដែរ។ បើ​សិនជាអ្នកសាក​ស្រមៃ​មើល​សេះ​មួយ​ក្បាល​​ពី​ចម្ងាយ ស្រាប់​តែ​ក្រោក​​ឈរ​​តម្រង់​​មក​​រក​​អ្នក តើ​នោះ​​ជា​​សញ្ញា​​ប្រាប់​ថា​ទឹក​ជំនន់​កំពុងតែមកមែនទេ?

ថ្វីត្បិតតែ មកដល់ពេលនេះមិនទាន់មានគ្រោះមហន្តរាយធំកើតឡើង ប៉ុន្តែអំឡុងពេលភ្លៀងធ្លាក់ខ្លាំងក្នុងឆ្នាំ ២០១៤ កន្លែង​នេះ​ធ្លាប់ជន់លិចយ៉ាងខ្លាំង រហូតដល់ថ្នាក់គម្របលូរបូតចេញ។

តើនៅប្រាសាទមានសុវត្ថិភាពដែរទេ?

នៅទូទាំងប្រទេសជប៉ុនមានហាងលក់ទំនិញចំនួន ៥៦.០០០ ហាង មានចំនួនច្រើនណាស់មែនទេ? ប៉ុន្តែនៅជប៉ុនចំនួនប្រាសាទសរុបច្រើនជាងនេះ​ទៅ​ទៀត មាន​ប្រមាណ ៨៨.០០០ ប្រាសាទ​នៅ​ទូទាំង​ប្រទេស។ អ្នកប្រាកដជាអាច​ស្រមៃ​មើល​ថា ជប៉ុនមានប្រាសាទច្រើនប៉ុនណាមែនទេ?

គេជឿថា ប្រាសាទមានសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។ រួមទាំងរញ្ជួយដីខ្លាំង Tohoku ក្នុងឆ្នាំ ២០១១ នៅ​ពេល​ដែលរលក​យក្ស​ស៊ូណាមិ​ខ្ពស់​បក់​បោក​គ្រប់​យ៉ាង គេនិយាយថា មានតំបន់ជាច្រើនដែលរលកយក្ស​ស៊ូណាមិ​មិនអាចទៅដល់ប្រាសាទ។ អាចនិយាយម្យ៉ាងទៀតថា  រលក​យក្ស​ស៊ូណាមិ​ត្រូវ​​បញ្ឈប់ពេលចូលទៅ​ដល់មុខ​ទ្វារ​​ប្រាសាទ។ ហេតុ​​អ្វី​​បាន​​ជាមាន​​​រឿង​​ចម្លែក​​បែប​​នេះ?

តើអ្នកជឿលើការការពារបស់ទេវតានៅទីនោះដែរទេ? ស្តាប់ទៅដូចជាអបិយជំនឿ និងគ្មានមូលដ្ឋាន ប៉ុន្តែចូរយើង​ងាក​មក​គិត​តាម​បែប​វិទ្យា​សាស្ត្រ​បន្តិច។

គ្រោះធម្មជាតិតែងតែកើតមាននៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ដូច្នេះហើយ ប្រាសាទមិនអាចជៀសផុតពីការ​ខូច​ខាត​នោះ​ទេ។ 

បន្ទាប់ពីប្រាសាទត្រូវខូចខាត ប្រហែលជាមនុស្សកាលពីសម័យបុរាណគិត និងរកដំណោះស្រាយ ពោលគឺរើប្រាសាទទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាង។ ដោយសារមូលហេតុ​នេះបានជាប្រាសាទមានអាយុកាល​រាប់​ពាន់​ឆ្នាំ​រហូត​មក​​ដល់​​សព្វ​​ថ្ងៃ​នេះ​មែន​ទេ?

វិធីសាស្រ្តដែលហាក់ដូចជាសាមញ្ញនេះ ពិតជាមានប្រសិទ្ធភាពសម្រាប់ស្វែងរកកន្លែងដែលសំខាន់ បើទោះបីជាមិនមានបច្ចេកវិទ្យាស្ទង់ដីដូចសព្វថ្ងៃនេះក៏ដោយ។

ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងដ៏ល្អសម្រាប់រស់នៅក្នុងប្រទេសជប៉ុន តើចាំបាច់ទេបើយើងត្រូវសិក្សាលើប្រភព​​ដើម​​នៃ​ឈ្មោះ និង​ប្រវត្តិ​សាស្រ្ត​កន្លែង​នោះ​ដែរ​ទេ? ឬខ្ញុំគិតថា កាន់តែមានសុវត្ថិភាពប្រសិនបើអ្នកនៅជិតប្រាសាទ Shinto ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: