ហេតុ​អ្វី​បាន​ជា “ការ​ធ្វើ​សមាធិ” ពេញ​និយម​នៅ​ជុំវិញ​ពិភព​លោក?

នៅពេលនេះពាក្យថា Business ZEN កំពុងតែពេញនិយមខ្លាំងនៅអាមេរិក តើអ្នកដឹងថានោះជាអ្វីដែរទេ?

ជារបៀបអង្គុយសមាធិរបស់ជប៉ុន សូម្បីតែស្ថាបនិករបស់ Apple លោក Steve Jobs ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ​ការ​សមាធិ​នេះ​ដែរ។ លោក​ថែម​ទាំងបានទៅលេងជប៉ុនដោយស្ងាត់ៗ ហើយចង់ក្លាយទៅជាគ្រូបង្រៀនសមាធិ ប៉ុន្តែ​​ត្រូវ​ព្រះ​សង្ឃ​មួយ​អង្គ​បដិសេធ​ដោយ​មូលហេតុថា៖ “លោកនៅមានការងារដែលត្រូវធ្វើ” ។

តើសមាធិមានអ្វីខ្លះទើបធ្វើឲ្យមនុស្សជាច្រើននៅជុំវិញពិភពលោកចូលចិត្តដូចនេះ?

ប្រវត្តិនៃការសមាធិ

ការសមាធិមានប្រភពមកពីប្រទេសឥណ្ឌា និងផ្សព្វផ្សាយដោយព្រះពុទ្ធសាសនា។ ហើយនាំចូលប្រទេសជប៉ុនប្រហែល​នៅ​សតវត្ស​ទី ១២ ដោយ​ប្រទេស​ចិន។

បច្ចុប្បន្ននេះ នៅជប៉ុនសមាធិត្រូវបានបែងចែកជា ២៤ ផ្នែក។ Suzuki Daisetsu ជាអ្នកដែលបានបោះពុម្ពការបង្រៀន​សមាធិរបស់ជប៉ុន​ជា​ភាសា​អង់​គ្លេស​ទៅ​កាន់ពិភពលោក នោះគឺ Business ZEN ។ ដំបូងឡើយ សមាធិត្រូវ​បាន​បង្កើតឡើងដើម្បីរួមបញ្ចូលស្មារតី។

ចូរយើងស្វែងយល់ថាតើមានការលំបាកអ្វីខ្លះនៅពេលរៀនសមាធិ។

សមាធិជារបៀបហៅមួយផ្សេងទៀតនៃចិត្ត

នៅពេលដែលចិត្តរបស់អ្នកស្ងប់ មិនគិតអ្វីពេលកំពុងសមាធិ នោះអ្នកនឹងភ្លឺស្វាងអាចរកចម្លើយបាន។ ដែលមាន​ន័យ​ថា​ធ្វើឲ្យចិត្តគំនិតរបស់អ្នកទំនេរ។

អ្នកបានឈ្លោះប្រកែកជាមួយមិត្តភក្តិ ហើយគិតថាខ្លួនជាអ្នកត្រូវ។ ប៉ុន្តែប្រហែលជាភាគីក៏កំពុងតែគិតដូច្នេះដែរ ហេតុ​នេះ​ហើយ​អ្នក​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​បាន​ទេ។

ប្រសិនបើអ្នកគ្រាន់តែមើលលើជ្រុងម្ខាង អ្នកមិនអាចឃើញទិដ្ឋភាព “ពិត” ក្នុងនោះឡើយ។ ដូចជានៅពេលដែលអ្នកបានឃើញរថយន្តមួយមានការរចនាផ្នែកខាងមុខស្អាត ប៉ុន្តែពេលក្រឡេកមើលផ្នែកខាងក្រោយបែរជាអាក្រក់​ទៅ​វិញ។

ដូច្នេះហើយ ដំណោះស្រាយថ្មីដែលត្រូវបានលើកឡើងគឺថា ត្រូវសង្កេតមើលទំនាក់ទំនងរបស់មនុស្សគ្រប់ជ្រុងជ្រោយ ដូចជាការយល់ឃើញពីមនុស្សនៅជុំវិញ ឬភាគីទី ៣ ។

ព្រោះគ្រប់យ៉ាងមិនដូចបំណងរបស់អ្នក ដូច្នេះបានជាអ្នកមិនខ្វល់​ពី​យោបល់​របស់អ្នកដទៃ មិនថាវាទៅជាយ៉ាង​ណា។ ប៉ុន្តែ​លុះ​ត្រា​តែ​អ្នក​មើល​ពី​ជ្រុង​ខុសៗគ្នា ទើបអ្នកខិតកាន់តែជិតការពិត។

ទស្សនៈនៃសមាធិអាចជួយឲ្យយើងរួមបញ្ចូលជាមួយបិរស្ថានជុំវិញ ដោយបំណងឆ្ពោះទៅរកវត្តមាន និងការអភិវឌ្ឍរួមគ្នាជាជាងបង្កជម្លោះ។ តើនេះជាគំនិតសំខាន់​ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​សង្គ្រាម និង​ជម្លោះ​​សេដ្ឋកិច្ច​​ដូច​​សព្វ​​ថ្ងៃ​​នេះ​​មែនទេ?

នោះក៏ជាគន្លឹះដែលជួយឲ្យលោក Steve Jobs លើក Apple ឡើងដល់ចំណុចកំពូល ដោយលោកតែងតែដឹងពីរបៀបសង្កេតមើលសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនដោយស្ងប់ស្ងាត់។

មនុស្សមួយចំនួនគិតថា សមាធិដូចជាសាសនា ប៉ុន្តែតាមពិតទៅវាមិនមែនជារឿងរបស់សាសនាណាមួយនោះទេ។ សមាធិមិនបានប្រាប់ឲ្យអ្នកជឿលើព្រះឡើយ គ្រាន់តែប្រាប់ឲ្យអ្នកមើលលើខ្លួនឯងប៉ុណ្ណោះ។

ចូរអង្គុយសមាធិ

តើ​អ្នក​ធ្លាប់​ឆ្ងល់ចំពោះការអង្គុយសមាធិដែរទេ? បើសិនជាមាន ចូរយើងសាកល្បងសមាធិដោយរបៀបងាយៗ។

អ្នកអាចរៀនអង្គុយសមាធិនៅពេលព្រឹក ល្ងាច ឬពាក់កណ្តាលអាធ្រាត្រ។ ទោះជាយ៉ាងណា ចូរចៀសវាងកុំសមាធិមុន ឬក្រោយពេលបរិភោគអាហារ។ ព្រោះមិនថាឃ្លាន ឬឆ្អែតអាចនឹងធ្វើឲ្យអ្នកពិបាកផ្តោតអារម្មណ៍។

មិនកំណត់លើសម្លៀកបំពាក់នោះទេ អ្នកអាចស្លៀកសម្លៀកបំពាក់ដែលមានអារម្មណ៍ថាស្រួលខ្លួន។ អ្នកគួរ​តែ​រើស​យក​កន្លែង​ដែលស្ងាត់ កុំឲ្យត្រូវរំខានដោយសំឡេងនៅជុំវិញ។

ចូរអង្គុយលើឥដ្ឋ លើកត្រគាក ខ្នងត្រង់ ពើងទ្រូង និងបន្ធូរស្មាទាំងសងខាង។ បន្ទាប់មកទម្លាក់ចង្កា ហើយបិទមាត់ដូចជាមានខ្សែចងនៅលើក្បាលរបស់អ្នក។

ក្រឡេកមើលផ្នែកខាងក្រោមដែលមានចម្ងាយប្រហែល ១ ម៉ែត្រ កុំព្រិចភ្នែកច្រើនពេក។ បន្ទាប់មកគឺគ្រប់​គ្រង​ការ​ដកដង្ហើម ដកដង្ហើម​យឺតៗ និង​ជ្រៅ​ដោយ​កម្លាំង​ថេរ។

ជាចុងក្រោយគឺធ្វើឲ្យចិត្តគំនិតរបស់អ្នកទំនេរ អ្នកមិនគួរធ្វើឲ្យចិត្តគំនិតទំនេរដោយបង្ខំខ្លួនឯងនោះទេ “កុំគិត​ពី​វា” ប៉ុន្តែសូមទុកឲ្យចិត្តគំនិតរបស់អ្នកទទេស្អាត។

គ្រាន់តែអង្គុយឲ្យនឹង ដកដង្ហើមឲ្យបានត្រឹម​ត្រូវ ចិត្តគំនិតរបស់អ្នកនឹងទទេស្អាត និងមានសេរីភាព។ តោះមកស្វែង​យល់​ពី​ពិភព​ខាង​ក្នុង​អ្នកតាមរយៈការធ្វើសមាធិនៅថ្ងៃនេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: