តើ Watanabe ជានរណាដែលសូម្បីតែ “បិសាច” ក៏ខ្លាចដែរ?
ពពួកដែលគួរឲ្យខ្លាចតាមការស្រមើស្រមៃនៅក្នុងរឿងព្រេងគេហៅថា “បិសាច” ។ នៅលើពិភពលោកមានរឿងព្រេងច្រើនរាប់មិនអស់ ប៉ុន្តែប្រហែលជាមានតែជប៉ុនប៉ុណ្ណោះ ទើបមានតំណាលរឿងនិយាយពីភាពភ័យខ្លាចរបស់ “បិសាច” ចំពោះបុគ្គលដែលមានឈ្មោះ “Watanabe” ។ ដើម្បីយល់កាន់តែច្បាស់ ចូរយើងស្វែងយល់បន្ថែមរឿងព្រេង “កម្ចាត់បិសាច” របស់ជប៉ុន។
Watanabe no Tsuna – សាមូរ៉ៃកម្ចាត់បិសាច
កាលពីមុន មានបុរសម្នាក់ឈ្មោះ Shuten Douji ។ Shuten មានរូបរាងសង្ហា ដែលគ្រប់គ្នាតែងតែសរសើរនៅពេលដែលឃើញគាត់។ ពិតណាស់ ជារៀងរាល់ថ្ងៃក៏ទទួលបានសំបុត្រស្នេហាជាច្រើនពីនារីនៅក្នុងភូមិ រហូតដល់ថ្នាក់គាត់ត្រូវទុកក្នុងប្រអប់ធំមួយ ហើយមិនបានមើលផង។
ប៉ុន្តែនៅថ្ងៃមួយ ដោយសារប្រអប់នោះពេញទៅដោយសំបុត្រស្នេហារបស់មនុស្សស្រី ដូច្នេះបានជា Shuten សម្រេចចិត្តយកទៅដុតទាំងអស់។
ថ្វីត្បិតតែ សំបុត្រទាំងនោះផ្ទុកស្នេហារបស់មនុស្សស្រីជាច្រើន ប៉ុន្តែនៅពេលដែលយកទៅដុត ទឹកចិត្តទាំងនោះបានប្រែក្លាយទៅជាការចងគំនុំ ហើយធ្វើឲ្យ Shuten ក្លាយទៅជាបិសាច។
ស្នែងចាប់ផ្តើមដុះនៅលើក្បាល ដែលបានធ្វើឲ្យគាត់មិនអាចបង្ហាញខ្លួននៅមុខអ្នកដទៃទៀត។ Shuten បានរត់គេចខ្លួន ហើយលាក់ខ្លួននៅតំបន់ភ្នំមួយនៅ Kyoto ។
គាត់បានក្លាយទៅជាបិសាចមួយដែលមានមុខមាត់ និងបេះដូងពោរពេញទៅដោយការស្អប់។ ដោយសារកម្លាំងរបស់ខ្លួន Shuten Douji បានក្លាយជាស្តេចបិសាច ហើយដឹកនាំពពួកបិសាចដែលរស់នៅក្នុងតំបន់នេះ។ គាត់នាំអ្នកក្រោមបង្កាប់របស់ខ្លួនដើរតាមដងផ្លូវ Kyoto ដើម្បីវាយប្រហារសាមូរ៉ៃ និងចាប់ពង្រត់ស្ត្រី។
នៅពេលនោះ Watanabe no Tsuna បានស្ម័គ្រចិត្តចូលរួមកងទ័ពសាមូរ៉ៃ ដើម្បីកម្ចាត់បិសាចឲ្យអ្នកភូមិ។ គាត់បានកម្ចាត់ និងកាត់ដាច់ដៃស្តាំរបស់ Shuten Douji រហូតត្រូវរត់គេចខ្លួន។
បន្ទាប់ពីព្រឹត្តិការណ៍នេះ Watanabe កាន់តែល្បីឈ្មោះ។ ម្តាយមីងរបស់ Watanabe បានមកលេងគាត់ ហើយប្រាប់គាត់ថា កូនស្រីរបស់គាត់ក៏ត្រូវបិសាចសម្លាប់ដែរ ទើបអង្វរសុំឲ្យគាត់មើលដៃរបស់បិសាច។ ទីបំផុត Watanabe បានយល់ព្រម ប៉ុន្តែនៅពេលដែលម្តាយមីងឃើញដៃនោះភ្លាម ក៏ឆក់ហើយយកទៅបាត់។
តាមពិតទៅ ម្តាយមីងរូបនោះគឺ Shuten Douji បានក្លែងបន្លំដើម្បីមកយកដៃរបស់ខ្លួនវិញ។ គាត់បានយកដៃរបស់ខ្លួនត្រឡប់ទៅភ្នំវិញ ប៉ុន្តែនៅតែត្រូវ Watanabe តាមទាន់។
យ៉ាងណាមិញ Watanabe បែរជាមិនវាយប្រហារ Shuten ភ្លាមនោះទេ ប៉ុន្តែដាក់អន្ទាក់បិសាច។ បន្ទាប់មកគាត់បញ្ច្រកស្រា Shuten រហូតដល់ស្រវឹង ទើបកាត់ក្បាលរបស់បិសាច។ គាត់និយាយថា ក្បាលរបស់ Shuten Douji បានហោះត្រឡប់ទៅប្រាប់ដល់បិសាចផ្សេងទៀត។
ចាប់ពីពេលនោះមក Watanabe បានក្លាយជាសត្រូវ ក៏ដូចជាភាពភ័យខ្លាចរបស់ពួកបិសាចនៅពេលដែលបានឮឈ្មោះនេះ។
មានវប្បធម៌ប្រពៃណីជប៉ុនមួយគេហៅថា Setsubun ។ អំឡុងពេលនោះ ក្រុមគ្រួសារជប៉ុននាំគ្នាបោះសណ្តែក ហើយនិយាយថា “Oni wa Soto!” ដើម្បីការពារកុំឲ្យបិសាចចូលផ្ទះ។
ទោះជាយ៉ាងណា មានតែគ្រួសារដែលមានត្រកូល Watanabe ប៉ុណ្ណោះ ដែលមិនចាំបាច់ចូលរួមទំនៀមទម្លាប់បោះសណ្តែកនេះ។ នោះក៏ព្រោះតែគ្រប់គ្នាជឿថា “គ្មានបិសាចមួយណាហ៊ានចូលគ្រួសាររបស់ Watanabe នោះទេ” ។
ក្រៅពីនេះ នៅទូទាំងប្រទេសអ្នកត្រកូល Watanabe មានជាង ១ លាននាក់។ ដូច្នេះតើនេះជាហេតុផលដែលជួយឲ្យជប៉ុនមានសន្តិភាពដូចសព្វថ្ងៃនេះមែនទេ?
Abe Kengo