តើទម្រង់ “ព្រៃតូច” ដែលបង្កើតឡើងដោយជនជាតិជប៉ុនអាចសង្គ្រោះផែនដីនេះបានទេ?
យើងទាំងអស់គ្នាដឹងហើយថា ការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានតាមបណ្តាប្រទេសជាច្រើន ចំណុចនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់បរិស្ថានពិភពលោក។
តើអ្នកយល់យ៉ាងណាចំពោះតួនាទីរបស់ព្រៃឈើ?
ដីព្រៃមានមុខងាររក្សាទឹក ត្រង និងផលិតទឹកស្អាត។
ក្រៅពីនេះ ដោយសារឫសដើមឈើនៅជាប់ដីយ៉ាងជ្រៅ វាអាចជួយការពារការបាក់ស្រុតដី។ ដូច្នេះហើយ ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ចំពោះសត្វមានជីវិតជាច្រើនក្នុងធម្មជាតិ។
ដើមឈើមានតួនាទីបំប្លែងកាបូនឌីអុកស៊ីតទៅជាអុកស៊ីសែន។ ជាមធ្យម យើងម្នាក់ៗស្រូបបរិមាណអុកស៊ីសែនដែលស្មើនឹងដើមតាត្រៅអាយុ ៥០ ឆ្នាំចំនួន ២៣ ដើម។
យើងឃើញថា ផែនដីត្រូវការចំនួនដើមឈើច្រើនដើម្បីធានាការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់ៗ។ គេនិយាយថា ត្រូវចំណាយពេលយ៉ាងហោចណាស់ ១០០ ឆ្នាំទើបអាចស្តារព្រៃដែលរងការកាប់បំផ្លាញ ប៉ុន្តែប្រហែលជាពេលវេលានោះមិនគ្រប់សម្រាប់ការរស់រានមានជីវិតរបស់មនុស្សនោះទេ។
ដូច្នេះ តើយើងត្រូវធ្វើយ៉ាងណាដើម្បីស្ដារធនធានព្រៃឈើឲ្យបានលឿន?
ជនជាតិជប៉ុនមួយរូបបានចំណាយពេលយ៉ាងច្រើនដើម្បីស្រាវជ្រាវបញ្ហានេះ បុគ្គលនោះមានឈ្មោះថា Miyawaki Akira ។
លោកបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ដោយបង្កើតតំបន់ព្រៃតូចមួយ ដែលអាចលូតលាស់លឿនជាងព្រៃធម្មតាដល់ទៅ ១០ ដង។
នោះគឺព្រៃតូចមួយក្នុងរូបភាពខាងក្រោម។
ដើមឈើទាំងនោះនៅជិតសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ដែលមានដើមឈើចំនួន ១៤០០ ដើមដុះនៅលើផ្ទៃដីមានទំហំស្មើនឹងទីលានបាល់បោះ។ ព្រៃតូចស្រដៀងគ្នានេះក៏មានច្រើននៅទូទាំងអឺរ៉ុប អាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង រុស្ស៊ី និងមជ្ឈិមបូព៌ា។
តំបន់ព្រៃឈើតូចៗរាប់រយដុះលូតលាស់នៅប្រទេសឥណ្ឌា ហើយនៅប្រទេសជប៉ុនដែលជាស្រុកកំណើតរបស់លោកក៏មានរាប់ពាន់តំបន់ព្រៃដូចនេះដែរ។
ព្រៃតូចនេះមានលក្ខណៈអស្ចារ្យជាច្រើនផ្សេងទៀត ក្នុងនោះដើមឈើលូតលាស់លឿនជាងព្រៃធម្មតាដល់ទៅ ១០ ដង ដូច្នេះមិនមានកន្លែងសម្រាប់ស្មៅដុះនោះទេ។
លក្ខណៈពិសេសសំខាន់មួយផ្សេងទៀត គឺថាដោយសារវាមានទំហំតូច ដូច្នេះអាចដាំបានយ៉ាងងាយក្នុងទីក្រុង។ ទីក្រុងអាចនឹងឡើងកម្តៅដោយសារបេតុង និងផ្លូរកៅស៊ូស្រូបកម្តៅ ប៉ុន្តែព្រៃឈើតូចមួយនេះអាចស្រូប និងកាត់បន្ថយកម្តៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើន។ ប្រសិនបើអាចដាំដើមឈើទាំងនោះតាមបណ្តោយផ្លូវហាយវេ ប្រហែលជាមានអត្ថប្រយោជន៍ច្រើនដល់បរិស្ថាន ឬការពារឥទ្ធិពលផ្ទះកញ្ចក់។
ទាំងនេះហើយដែលត្រូវបានគេចាត់ទុកជាបច្ចេកវិទ្យាអាចជួយសង្រ្គោះពិភពលោករបស់ជប៉ុន ដោយគ្រប់គ្នាកំពុងទទួលយក និងពង្រីកទៅគ្រប់ទីកន្លែងនៅលើពិភពលោក។ សង្ឃឹមថា បច្ចេកវិទ្យានេះអាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗ ដើម្បីនាំមកនូវបរិយាកាសបៃតងនៅក្នុងទីក្រុងដែលយើងរស់នៅ។
Abe Kengo