តើនៅទីបំផុតពិភពរបស់ Gundam បានក្លាយទៅជាការពិតហើយមែនទេ?
ជប៉ុនបានប្រកាស “គម្រោងដែលជួយឲ្យបច្ចេកវិទ្យាក្នុងពិភព Gundam នឹងក្លាយទៅជាការពិតនៅឆ្នាំ ២០២៥” ។ គម្រោងនេះអាចហៅម្យ៉ាងទៀតថា Gundam Open Innovation (GOI) ដែលបានទាក់ទាញក្រុមហ៊ុនចូលរួមជាច្រើន។
សម្រាប់សាលារៀនមានអង្គភាពដូចជា៖
・ក្លឹបរ៉ុក្កែតអវកាសនៃសាកលវិទ្យាល័យ Kanagawa / វិទ្យាស្ថានស្រាវជ្រាវរចនាសម្ព័ន្ធអវកាស
・ការិយាល័យលើកកម្ពស់ការស្រាវជ្រាវ SDG ផ្នែកសង្គមវិទ្យានៃសាកលវិទ្យាល័យ Yamato
・សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងសុខុមាលភាពអន្តរជាតិ
・សាកលវិទ្យាល័យ Keio
ខាងផ្នែកព័ត៌មានវិទ្យា (IT) មានក្រុមហ៊ុនដូចជា៖
・Microsoft ជប៉ុន
・NTT DATA SBC Corporation
ក្រៅពីនេះ ក៏មានការចូលរួមពីសាជីវកម្មធំៗមួយចំនួនដូចជា Takasago Thermal Engineering និងឧស្សាហកម្មធុនធ្ងន់ Mitsubishi ជាសាជីវកម្មដែលមានឯកទេសខាងវិស័យផលិតយន្តហោះ រ៉ុក្កែត នាវា ។ល។ ហើយក៏ជាក្រុមហ៊ុនដែលផលិតយន្តហោះចម្បាំង Zero Fighter ដ៏ល្បីអំឡុងសង្គ្រាមលោកលើកទី ២ ផងដែរ។
ដូច្នេះហើយ យើងអាចមើលឃើញពីភាពម៉ឺងម៉ាត់របស់អ្នកដែលចូលរួមក្នុងគម្រោងនេះ។ ពួកគេកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅនេះនៅឆ្នាំ ២០២៥ ។
អនុវត្តថាមពលរបស់ Beam Saber សម្រាប់ឧស្សាហកម្មកសិកម្ម
Beam Saber ឬគេហៅថា ដាវពន្លឺ អាចនិយាយបានថាជាអាវុធសំខាន់ក្នុងពិភព Gundam។ វាបង្កើតជាពន្លឺរាងដាវ និងបំផ្លាញសត្រូវមើលទៅឡូយណាស់។
ដូច្នេះហើយ បានជាគំនិតអនុវត្តថាមពលពន្លឺក្នុងឧស្សាហកម្មកសិកម្មលេចឡើង។ នោះគឺជាគំនិតប្រើប្រាស់កាំរស្មីប្លាស្មាក្នុងទម្រង់ជាដាវ ដើម្បីលើកកម្ពស់ការលូតលាស់របស់រុក្ខជាតិ និងដោះស្រាយបញ្ហាអាហារ។
ក្នុងនាមជាអ្នកដែលចូលចិត្តទាំង Gundam និង Star Wars ខ្ញុំមានអារម្មណ៍ថា ពិតជាអស្ចារ្យណាស់ ដែលបានឃើញឧបករណ៍ធ្វើកសិកម្មមានរាងដូចជាដាវពន្លឺនៅតាមវាលស្រែ។
ចូរធ្វើឲ្យជីវិតនៅក្នុងលំហក្លាយទៅជាការពិតទាំងអស់គ្នា
នេះគឺជាពិភពរបស់ Gundam ក្នុងបរិបទដែលមនុស្សបានចាកចេញពីផែនដី បោះបង់ចោលប្រតិទិនសុរិយគតិ ហើយឈានចូលយុគសម័យថ្មីមួយហៅថា ប្រតិទិនសកលលោក។
ក្នុងពិភពរបស់ Gundam នៅពេលដែលមនុស្សចាប់ផ្តើមរស់នៅក្នុងលំហ ខួរក្បាលរបស់ពួកគេនឹងផ្លាស់ប្តូរនៅពេលដែលចេញពីទំនាញផែនដី ហើយមនុស្ស “ជំនាន់ថ្មី” នឹងលេចឡើង។
ទោះជាយ៉ាងណា ជាក់ស្តែងរហូតមកដល់សព្វថ្ងៃនេះ មនុស្សនៅតែមិនអាចរស់នៅដោយសេរីនៅក្នុងលំហនោះទេ។ ដូច្នេះគម្រោងមួយផ្សេងទៀតក៏ត្រូវបានអនុវត្ត ដើម្បីធ្វើឲ្យចំណុចខាងលើក្លាយទៅជាការពិត។
យើងហៅគ្រឿងចក្រធុនធ្ងន់ចម្រុះមុខងារខ្នាតធំថា “MS”
នៅក្នុងពិភព Gundam មនុស្សយន្តមានរូបរាងមនុស្សគេហៅថា MS (mobile suit) ។ នេះជាអ្វីដែលមនុស្សយើងកំពុងព្យាយាមដើម្បីសម្រេចបាន។
នៅជប៉ុនគ្រឿងចក្រធុនធ្ងន់ដែលមើលទៅដូចនេះគឺមានហើយ។
មើលទៅវាហាក់ដូចជាត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវដែលស្រលាញ់ចូលចិត្ត Gundam ហើយគម្លាតឆ្ពោះទៅកាន់ Gundam នៅសល់តែមួយជំហានទៀតប៉ុណ្ណោះ។
ខណៈពេលដែលយន្តហោះចម្បាំង និងរថក្រោះកំពុងឆ្ពោះទៅរកការបញ្ជាពីចម្ងាយ គម្រោងនេះហាក់ដូចជាកំពុងឆ្ពោះទៅរកគំរូមនុស្សយន្តដែលដំណើរការដោយមនុស្ស។
ប្រសិនបើ Gundam ក្លាយទៅជាប្រភេទអាវុធបំផ្លិចបំផ្លាញ នោះជារឿងដែលមិនល្អសម្រាប់មនុស្ស។ ប៉ុន្តែប្រសិនបើអាចប្រើសម្រាប់គោលបំណងរក្សាសន្តិភាព ពិតជាគួរឲ្យចាប់អារម្មណាស់ដែល Gundam លាបពណ៌ផ្កាឈូកមែនទេ?
ជាចុងក្រោយ ចូរយើងនិយាយពីគំនិតប្រើ Gundam សម្រាប់ការពារប្រទេស។ បច្ចុប្បន្ននេះ ជប៉ុនមានមនុស្សយន្ត Gundam ដែលអាចផ្លាស់ទីមួយនៅ Yokohama ប៉ុន្តែគ្រប់គ្នាចង់ធ្វើឲ្យវាធ្វើដំណើរកាន់តែងាយស្រួល។
បន្ទាប់មក ប្រើក្រាហ្វិកកុំព្យូទ័រសម្រាប់បង្កើតរូបភាពអាវុធទំនើប និងមុខងារផ្លាស់ប្តូររូបរាងមើលទៅដូចពិត។ នេះជាអ្វីដែលនាយករដ្ឋមន្ត្រី Kishida មានប្រសាសន៍នៅមុខកាមេរ៉ាទូរទស្សន៍។
“នៅទីបំផុត កងកម្លាំងស្វ័យការពារនៃប្រទេសរបស់យើងបានប្រើ Gundam ជាផ្លូវការ។ ចាប់ពីពេលនេះតទៅ អង្គភាព Gundam នឹងឈរជើងនៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុន និងទទួលខុសត្រូវការពារប្រទេសជាតិ” ។
ប្រហែលនេះមិនមែនជារឿងដែលនិយាយលេងនោះទេ។ បើពិតជាដូច្នេះ អាចនិយាយបានថា ជប៉ុនប្រើ Gundam សម្រាប់ព្រមានសត្រូវ។ F-35 ជាយន្តហោះចម្បាំងជំនាន់ថ្មីបំផុតដែលជប៉ុនកំពុងចាប់ផ្តើមផលិត ហើយមួយគ្រឿងមានតម្លៃដល់ទៅ ៩,៣ ពាន់លានយ៉េន។ រដ្ឋាភិបាលជប៉ុនកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីផលិតបាន ១៤៣ គ្រឿង។
ជាមួយនឹងចំនួនទឹកប្រាក់នោះ ប្រហែលជាពួកគេអាចបង្កើតមនុស្សយន្ត Gundam ចេះដើរ និងគំរាមកំហែងសត្រូវដោយប្រើក្រាហ្វិកកុំព្យូទ័រដើម្បីបង្កើតរូបភាពបោកបញ្ឆោតចក្ខុវិញ្ញាណរបស់មនុស្ស។ ដូច្នេះ “Gundam សន្តិភាព” នឹងលេចឡើង ដោយមិនបារម្ភថានឹងធ្វើឲ្យមនុស្សរងគ្រោះដែរអត់នោះទេ។
Abe Kengo