Torii Suneemon ជាសាមូរ៉ៃដែលគ្មានឈ្មោះម្នាក់ហានលះបង់ជីវិតដើម្បីសង្គ្រោះជីវិតមនុស្ស ៥០០ នាក់ដោយរបៀបណា?
សាមូរ៉ៃច្រើនតែត្រូវគេចាត់ទុកជាបុគ្គលដែលមានភាពក្លាហាន ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេនៅតែជាមនុស្ស ដូច្នេះប្រាកដជាមានចំណុចដែលធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាច ជាពិសេសការស្លាប់។
ដូច្នេះតើភាពក្លាហានពិតជាអ្វី? បើនិយាយពីភាពក្លាហាន ប្រហែលជាមិនអាចរំលង Torii Suneemon នោះទេ។ ប៉ុន្តែមនុស្សមិនច្រើនទេដែលស្គាល់ឈ្មោះរបស់លោក សូម្បីតែប្រជាជនជប៉ុនដែលចូលចិត្តប្រវត្តិសាស្ត្រ។
ព្រោះតាមពិតទៅ Torii គ្រាន់តែជាទាហាន Ashigaru – អង្គភាពទាហានជើងគោកនៃឋានៈសាមូរ៉ៃដែលទាបបំផុត។ ភាគច្រើនទាហាន Ashigaru ជាកសិករ ដែលត្រូវបានកោះហៅឲ្យចូលរួមកងទ័ពនៅសម័យសង្រ្គាម ហើយត្រូវបានបំពាក់ដោយអាវុធតិចតួចប៉ុណ្ណោះ។
ទោះជាយ៉ាងណា Torii បានរួមចំណែកយ៉ាងធំធេងដែលបានជួយសង្គ្រោះប្រជាជនទឹកដីរបស់ខ្លួនរួចផុតពីគ្រោះថ្នាក់។
ជីវិតរបស់ Torii Suneemon
លោកកើតនៅតំបន់ដែលសព្វថ្ងៃជាខេត្ត Aichi ហើយបម្រើការក្រាមសម័យ Okudaira ។ លោកធ្លាប់ចូលរួមសមរភូមិ Nagashino ដែលជាការប្រយុទ្ធដែលនាំមកនូវភាពរុងរឿងដល់លោកនៅអាយុ ៣៦ ឆ្នាំ។
លោកបានរួមចំណែកយ៉ាងខ្លាំងក្នុងការប្រយុទ្ធយកឈ្នះ ទន្ទឹមនឹងនេះ បានក្លាយជាសាមូរ៉ៃមួយរូបក្នុងចំណោមសាមូរ៉ៃដែលមានឋានៈទាបត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។
សមរភូមិ Nagashino
នោះគឺជាពេលដែលកងទ័ពរបស់ Okudaira ដោយលោក Torii កំពុងបម្រើត្រូវវាយប្រហារដោយកងទ័ពរបស់ Takeda ។ ប្រាសាទ Nagashino ដែលមានកងទ័ពយាមត្រឹមតែ ៥០០ នាក់ ភ្លាមៗនោះត្រូវឡោមព័ទ្ធយ៉ាងឆាប់រហ័សដោយកងទ័ពរបស់ Takeda ចំនួន ១៥.០០០ នាក់។
មិនថាមើលពីជ្រុងខាងណានោះទេ ការវាយកម្ចាត់កងទ័ពនៅខាងក្រៅក្រុងនាពេលនោះជារឿងដែលមិនអាចទៅរួចឡើយ។
ទោះបីជាកងទ័ពនៅក្នុងបន្ទាយបានតាំងចិត្តការពារប្រាសាទរង់ចាំទ័ពជំនួយមកដល់ ប៉ុន្តែព្រួញភ្លើងដែលបាញ់ដោយកងទ័ព Takeda បានដុតឃ្លាំងស្បៀងអាហាររបស់ពួកគេ។ ដូច្នេះប្រសិនបើស្ថានភាពនេះនៅតែបន្ត នោះគ្រប់គ្នានឹងស្លាប់ដោយសារអត់ឃ្លាន។
យ៉ាងណាមិញ អ្វីដែលពិបាកជាងនេះគឺថា បើសិនជាកងទ័ពនៅកន្លែងផ្សេងមិនដឹងពីស្ថានភាពនៅប្រាសាទ Nagashino ធ្វើយ៉ាងណាអាចបញ្ជូនទ័ពជំនួយមកបាន? ជាងនេះទៅទៀត នៅខាងក្រៅប្រាសាទកំពុងត្រូវឡោមព័ទ្ធដោយទាហានចំនួន ១៥.០០០ នាក់ ដូច្នេះការលួចចេញទៅក្រៅដើម្បីសុំជំនួយពិតជាពិបាកណាស់។
ការប្តេជ្ញាចិត្តរបស់ Torii
Torii បានស្ម័គ្រចិត្តទទួលតួនាទីជាអ្នកទំនាក់ទំនង ដែលមិនមានអ្នកណានាពេលនោះហានទទួលឡើយ ព្រោះស្មើនឹងការស្លាប់។
នៅពេលដែលងងឹត Torii បានរកមធ្យោបាយលួចចេញទៅក្រៅតាមប្រព័ន្ធលូរបស់ប្រាសាទ។ បន្ទាប់មក លោកបានឆ្លងកាត់ខ្សែការពាររបស់សត្រូវយ៉ាងរលូន ហើយគេចខ្លួនដោយសុវត្ថិភាព។
នៅទីបំផុត លោកបានទៅដល់ប្រាសាទ Okazaki នៅតំបន់ជុំវិញ ដើម្បីសុំកងទ័ពជំនួយចំនួន ៣៨.០០០ នាក់ទៅជួយសង្គ្រោះប្រាសាទ Nagashino ។
រយៈពេលចុងក្រោយរបស់ Torii
Torii ចង់ប្រាប់ដំណឹងនេះដល់អ្នកទាំងអស់គ្នាក្នុងប្រាសាទឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះគាត់បានបាញ់កាំជ្រួចផ្សែងជាសញ្ញាប្រាប់ទ័ពជំនួយកំពុងមកដល់។
ឃើញបែបនេះ សាមូរ៉ៃ និងប្រជាជនក្នុងក្រុងស្រែកហ៊ោយ៉ាងសប្បាយ។ ដោយសារគាត់ចង់លើកទឹកចិត្តគ្រប់គ្នានៅក្នុងប្រាសាទ ទើប Torii បាញ់កាំជ្រួចផ្សែងច្រើនដង ដូច្នេះបានបង្ហាញពីទីតាំរបស់ខ្លួនដោយចៃដន្យ។
នៅពេលដែលសត្រូវបានឮសំឡេងអរសប្បាយខាងក្នុងបន្ទាយក៏ចាប់ផ្តើមមានការសង្ស័យ ដូច្នេះពួកគេបានបង្កើនការប្រុងប្រយ័ត្ន ហើយចាប់បាន Torri ។ Torri ត្រូវធ្វើទារុណកម្ម ហើយគាត់បានប្រាប់សត្រូវថា កងទ័ពជំនួយនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
នៅពេលដែលសត្រូវបានដឹងរឿងនេះ ពួកគេបានគិតថា ត្រូវដណ្តើមប្រាសាទ Nagashino ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មេទ័ពសត្រូវបានចរចាជាមួយ Torii ថា៖
“ប្រសិនបើអ្នកព្រមនិយាយកុហកថា ដោយសារកងទ័ពជំនួយមិនមក ដូច្នេះយល់ល្អគ្រប់គ្នាក្នុងប្រាសាទចុញចាញ់ទៅ នោះយើងនឹងផ្តល់រង្វាន់ ហើយតែងតាំងឯងជាអ្នកក្រោមបង្គាប់របស់យើង” ។
Torii ធ្វើពុតជាយល់ព្រមនឹងសំណើរនេះ បន្ទាប់មកគាត់បានចូលទៅជិតប្រាសាទ ហើយស្រែកខ្លាំងៗថា៖
“ទ័ពជំនួយនឹងមកដល់អំឡុងពេល ២ ឬ ៣ ថ្ងៃទៀត។ រហូតដល់ពេលនោះ មិនថាធ្វើយ៉ាងណាត្រូវការពារប្រាសាទ” ។
ដោយខឹងនឹងទង្វើរបស់ Torii សត្រូវប្រាកដជាមិនលើកលែងឲ្យលោកនោះទេ។ ពួកគេបានឆ្កាង Torii នៅនឹងកន្លែង ហើយធ្វើទារុណកម្មគាត់រហូតដល់ស្លាប់។
ដោយពឹងលើសម្តីរបស់ Torri ស្មារតីរបស់សាមូរ៉ៃក្នុងប្រាសាទត្រូវបានពង្រឹងយ៉ាងខ្លាំង។ ទាហានក្នុងប្រាសាទបានប្រយុទ្ធយ៉ាងស្វិតស្វាញពីរថ្ងៃជាប់គ្នា ហើយបានការពារប្រាសាទដោយជោគជ័យរហូតដល់ទ័ពជំនួយមកដល់ប្រៀបដូចជាអព្ភូតហេតុ។
កេរ្តិ៍ឈ្មោះរបស់លោក Torii Suneemon បានបន្សល់ទុកដល់កូនចៅជាច្រើនជំនាន់ ដោយលោកជាវីរបុរសជួយសង្គ្រោះប្រទេស។ ដោយសារគុណសម្បត្តិរបស់ Torii កូនចៅរបស់លោកត្រូវបានតែងតាំងឲ្យកាន់តំណែងថ្នាក់ខ្ពស់ក្នុងរាជការរបស់សាមូរ៉ៃ។ មនុស្សជាច្រើនក៏និយាយថា គ្រួសាររបស់ Tori នៅតែបន្តរហូតដល់សព្វថ្ងៃ។
ដើម្បីប្រទេស Torii Suneemon បានប្រយុទ្ធដោយមិនគិតពីខ្លួន ទោះបីជាគាត់មានឋានៈទាបក៏ដោយ។ រូបភាពរបស់លោកតំណាងឲ្យភាពក្លាហានរបស់សាមូរ៉ៃដែលល្បីនៅលើពិពលោករបស់ជប៉ុន។
តើអ្នកយល់យ៉ាងណាចំពោះភាពក្លាហានរបស់សាមូរ៉ៃ?
Abe Kengo