Okubo Tadayuki ជាសាមូរ៉ៃដែលទទួលបានជោគជ័យដោយសារតែ “សមត្ថភាពធ្វើនំ”
តើសាមូរ៉ៃមានតួនាទីអ្វី?
・ប្រយុទ្ធ និងដណ្តើមជ័យជម្នះ
・អភិវឌ្ឍ និងពង្រីកទឹកដីដែលត្រូវបានប្រគល់
ទោះជាយ៉ាងណា មានសាមូរ៉ៃម្នាក់ទទួលបានជោគជ័យដោយសារតែវិធីពិសេសមួយ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺសាមូរ៉ៃរូបនេះត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ដោយត្រូវបានទទួលស្គាល់ចំពោះទេពកោសល្យពិសេសក្នុងការ “ធ្វើបង្អែម” ។
គឺលោក Okubo Tadayuki ដែលគេតែងតែហៅគាត់ថា Togoro ។
Togoro ធ្លាប់បម្រើ Tokugawa Ieyasu ដែលក្រោយមកបានក្លាយជាសាមូរ៉ៃលេខមួយ និងបង្រួបបង្រួមប្រទេសជប៉ុន។ ប៉ុន្តែក្នុងអំឡុងពេលប្រយុទ្ធមួយ Togoro បានរងរបួស ហើយលទ្ធផលធ្វើឲ្យគាត់មិនអាចដើរបានធម្មតាឡើយ។
ដោយសារអស់សង្ឃឹមទើប Togoro គិតចង់ត្រឡប់ទៅស្រុកកំណើតវិញ ហើយចំណាយពេលដែលនៅសល់រស់ម្នាក់ឯង។ មុនពេលចាកចេញ Togoro សម្រេចចិត្តជូនស្ករគ្រាប់ដែលគាត់បានធ្វើឲ្យ Ieyasu ជាអ្នកដែលធ្លាប់ជួយគាត់។
ជាការពិតណាស់ Togoro មានភាពប៉ិនប្រសប់ក្នុងការធ្វើបង្អែម ដូច្នេះនៅពេលដែល Ieyasu បានហូបស្ករគ្រាប់ទាំងនេះ គាត់មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង។
ចាប់ពីពេលនោះមក Ieyasu ចូលចិត្តស្នាដៃរបស់ Togoro យ៉ាងខ្លាំង រហូតដល់ថ្នាក់មិនថា Ieyasu ទៅដល់ទីណា លោកតែងតែចង់ឲ្យគ្រប់គ្នាត្រៀមនំ mochi ដែលធ្វើដោយ Togoro ផ្ទាល់។ Togoro ជាសាមូរ៉ៃដ៏កម្រម្នាក់ដែលអាចធ្វើឲ្យ Ieyasu ពេញចិត្តព្រោះតែបង្អែម។
Ieyasu បានសម្រេចចិត្តមិនទទួលយកអាហារពីនរណាម្នាក់នោះទេ ព្រោះខ្លាចត្រូវបំពុល។ យ៉ាងណាមិញ សម្រាប់លោកមានតែនំ mochi Mikawa គឺមិនអាចខ្វះបាន។ ដូច្នេះហើយ យើងអាចទាយដឹងថានំដែល Togoro ធ្វើឆ្ងាញ់ប៉ុនណា។
ក្រោយមក Ieyasu បានប្តូរមូលដ្ឋានរបស់ខ្លួនទៅកាន់តំបន់ Kanto ហើយបានយក Togoro ទៅជាមួយគាត់។ នៅទីនេះ Togoro ត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងប្រាសាទ Edo ហើយគាត់ក៏ធ្វើបានល្អណាស់ដែរ។
ក្នុងភាសាជប៉ុនមានសុភាសិតមួយមានប្រភពមកពីរឿងព្រេងចិន៖ “Ningen banji saiou ga uma” ដោយបកប្រែថា “សំណាងរបស់មនុស្សមិនអាចទាយដឹងមុននោះទេ” ។
នៅពេលខ្លះអ្វីដែលអ្នកថាជាសំណាងអាក្រក់ ប៉ុន្តែបែរជាសំណាងល្អសម្រាប់អ្នក Togoro ជាបុគ្គលដែលបានបញ្ជាក់ពីចំណុចនេះ។ ប្រសិនបើគាត់មិនបានរងរបួស គាត់អាចនឹងបន្តតួនាទីដូចជាសាមូរ៉ៃធម្មតាមួយរូប។ ពិភពសាមូរ៉ៃមានគូប្រជែងជាច្រើន ហើយគាត់ហាក់ដូចជាពិបាកនឹងទទួលបានជោគជ័យតាមវិធីទូទៅណាស់។
ថ្វីត្បិតតែ ពេលខ្លះយើងមិនដឹងថា សុភមង្គលនឹងមកតាមទម្រង់បែបណា ប៉ុន្តែសូមកុំមានគំនិតទុទិដ្ឋិនិយមនៅពេលដែលមានរឿងមិនដូចបំណងកើតឡើង។ បង្វែរឧបសគ្គទៅជាកម្លាំងចិត្ត ហើយកម្លាំងគឺដើម្បីនាំមកនូវសុភមង្គលកាន់តែច្រើនដល់ខ្លួនអ្នក។
Abe Kengo