ស្ថានីយ៍រថភ្លើងដែលប្លែកបំផុតរបស់ជប៉ុនជួយសម្រួលដល់អ្នកមានបញ្ហាទល់លាមក
ជម្រាបសួរអ្នកទាំងអស់គ្នា ខ្ញុំបាទ Abe ថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយនិយាយពីការបន្ទោរបង់ប្រចាំថ្ងៃ។
ទោះបីជាសម្រាប់ខ្ញុំ រឿងនេះកើតឡើង ៣ ដងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ មនុស្សជាច្រើនបាននិយាយថា ប្រជាជនជប៉ុនគ្រប់វ័យរហូតដល់ទៅ ៦០% មានរោគសញ្ញាទល់លាមក។ ខ្ញុំក៏មិនដឹងដែរថា ហេតុអ្វីបានជារឿងនេះកើតឡើងសម្រាប់ច្រើនដូច្នេះដែរ។
រហូតដល់ថ្នាក់នៅជប៉ុនរថភ្លើងខ្លះត្រូវបានរចនាឡើងសម្រាប់ធ្វើឲ្យអ្នកដែលទល់លាមកមានអារម្មណ៍ចង់បត់ជើងធំ។ នោះគឺជារថភ្លើងនេះ។
នៅលើរថភ្លើងធម្មតាមានផ្ទាំងផ្សាយពាណិជ្ជកម្មជាច្រើនបិទលើបង្អួច និងផ្នែកខាងលើផ្លូវដើរទៅមក។ យ៉ាងណាមិញ នៅលើរថភ្លើងនេះបែរជាមិនមានផ្ទាំងផ្សាយពាណិជ្ជកម្មឡើយ មានតែអក្សរនៅខាងក្រោមរថភ្លើងប៉ុណ្ណោះ។
ដើម្បីធ្វើឲ្យអ្នកដំណើរមានអារម្មណ៍ស្រស់ស្រាយនៅពេលប្រើបន្ទប់ទឹក ពួកគេបានបង្កើតបរិយាកាសទូរថភ្លើងផ្នែកខាងក្នុងយ៉ាងស្អាតបាត ដោយមិនមានផ្ទាំងផ្សាយពាណិជ្ជកម្មឡើយ។ តាមពិតទៅ ទូរថភ្លើងទាំងនេះត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនផលិត “ថ្នាំបញ្ចុះ Borraginol” ។
សកម្មភាពផ្សព្វផ្សាយនេះនឹងដំណើរការរហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ នៅលើខ្សែរថភ្លើង Tokyo Metro Ginza និង Marunouchi ។ ពួកគេកំពុងព្យាយាមពណ៌នាពីអារម្មណ៍រីករាយដែលអាចដោះស្រាយបញ្ហាទល់លាមក។
មិនត្រឹមតែប៉ុណ្ណឹង នៅពេលដែលខ្ញុំទៅដល់ស្ថានីយ៍ ហើយឃើញអក្សរធំៗត្រង់កន្លែងត្រួតពិនិត្យសំបុត្រសរសេរថា៖
“យល់ល្អអ្នកកុំទុកឲ្យស្ទះ
ទាំងច្រកត្រួតពិនិត្យសំបុត្រ និងគូទរបស់អ្នក” ។
នៅពេលដែលអ្នកមើលឃើញចំណុចដូចខាងលើជាបន្តបន្ទាប់ ហាក់ដូចជាក្រពះរបស់អ្នកកំពុងចាប់ផ្តើមដំណើរការ ហើយធ្វើឲ្យអ្នកចង់ចូលបន្ទប់ទឹកមែនទេ?
ជាចុងក្រោយគឺទ្វារបន្ទប់ទឹកក៏សរសេរថា៖ “ផ្លូវចេញរលូន” ។ ខ្ញុំគិតថា ប្រហែលជាគំនិតនេះផ្តើមដោយនរណាម្នាក់ដែលគិតឃើញពេលដោះស្រាយបញ្ហារបស់ខ្លួនហើយមើលទៅ។ ប៉ុន្តែតាមពិតទៅ នោះជាគំនិតផ្សាយពាណិជ្ជកម្មដែលមានអនាម័យ និងគួរឲ្យចាប់អារម្មណ៍។
នៅលើផ្ទាំងរូបភាពដែលបិទខាងក្នុងទ្វារបន្ទប់ទឹក មានរូបភាពនៃស្ថានភាពរាងកាយរបស់អ្នកទាំង ៧ ចំណុច ដូច្នេះអ្នកអាចពិនិត្យមើលស្ថានភាពរបស់ខ្លួន។ វាមិនត្រឹមតែជាផ្ទាំងផ្សាយពាណិជ្ជកម្មធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យប្រជាជនជប៉ុនដែលផ្តោតសំខាន់លើអនាម័យបង្គន់ មានអារម្មណ៍ពេញចិត្តនឹងភាពងាយស្រួលរបស់វា។
ដូច្នេះហើយ នៅពេលនេះយុវវ័យក្នុងទីក្រុងតូក្យូអាចទៅកាន់ស្ថានីយ៍ Shibuya ឬ Ikebukuro ដើម្បីមើល ទន្ទឹមនឹងនេះអាចពិនិត្យស្ថានភាពសុខភាពរបស់ខ្លួនផងដែរ។
Abe Kengo