តើ​អ្នក​ណា​ជា​សាមូរ៉ៃ​ដែល​មាន​យុទ្ធសាស្ត្រ និង​ឈ្លាស​វៃ​បំផុត​បាន​បង្រួប​បង្រួម​ជប៉ុន?

លោក Tokugawa Ieyasu ជាសាមូរ៉ៃមួយរូបដែលរួមចំណែកយ៉ាងធំក្នុងព្រឹត្តិការណ៍បង្រួបបង្រួមប្រទេសជប៉ុន។ 

លោកបានបង្កើត Edo Shogunate ហើយក៏ជារដ្ឋាភិបាលដែលកាន់អំណាចខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុនអស់​រយៈ​ពេល​ជាង ២៦០ ឆ្នាំ។ ដើម្បីសម្រេចបាននូវសមិទ្ធិផលដូចនេះ គ្រប់យ៉ាងពឹងលើសមត្ថភាព​យុទ្ធសាស្ត្រ​ចិត្តសាស្ត្រ​ដ៏​ប៉ិន​ប្រសប់​របស់ Ieyasu ។

“ការផ្លាស់ប្តូរប្រទេស”

នៅពេលនោះ ព្រះចៅអធិរាជជាអ្នកនាំមុខប្រទេស ដោយត្រូវបានបែងចែកទៅជាតំបន់ជាច្រើនស្រដៀងខេត្តក្រុង​នៅ​ក្នុង​ប្រទេស​ជប៉ុន​សព្វ​ថ្ងៃ​នេះ។

សាមូរ៉ៃនៅតំបន់ទាំងនោះគ្រប់គ្រងជំនួសអធិរាជ ដែលគេហៅថាស្តេចក្រាញ់។ អាស្រ័យលើកាលៈទេសៈ សាមូរ៉ៃនឹងត្រូវ​ផ្ទេរ​ទៅ​កាន់​តំបន់​មួយ​ផ្សេង​ទៀត​ដើម្បីគ្រប់គ្រង ដែលគេហៅថា “ការផ្លាស់ប្តូរប្រទេស” ។

ដោយសារតំបន់ទាំងនោះធ្លាប់ជាប្រទេសតូចៗដែលបុព្វបុរសរបស់សាមូរ៉ៃបន្សល់ទុកច្រើនជំនាន់ ដូច្នេះភាគច្រើន​សាមូរ៉ៃស្អប់មិនចង់ចាកពីស្រុកកំណើតទៅកាន់តំបន់ថ្មីនោះទេ។ ជាងនេះទៅទៀត ប្រជាជនដែលរស់នៅក្នុងតំបន់​​​ទាំងនោះក៏មានការព្រួយបារម្ភផងដែរ នៅពេលដែលសាមូរ៉ៃពីកន្លែង​ផ្សេង​មក​គ្រប់​គ្រងជីវិតរបស់ពួក​គេ។

ជាការពិតណាស់ ស្តេចក្រាញ់អាចសម្រេចចិត្តធ្វើតាម ឬបដិសេធបញ្ជា ប៉ុន្តែ Ieyasu តែងតែគោរពតាមបញ្ជារបស់រាជ​ការ។

សំបកក្រៅមើលទៅបែបនេះ ប៉ុន្តែផ្ទៃក្នុង Ieyasu បានប្រើ “ការផ្លាស់ប្តូរប្រទេស” នេះ ដើម្បីគ្រប់គ្រង និងធ្វើគ្រប់យ៉ាង​កុំ​ឲ្យ​កម្លាំង​​របស់​ស្តេច​ក្រាញ់​ផ្សេង​ទៀត​មាន​ឱកាស​ក្រោក​ឈរ។

ធ្វើដូចជាខឹងតែបន្ទាប់មកធ្វើតាមបញ្ជា

នៅពេលនោះបុគ្គលដែលកាន់អំណាចខ្ពស់បំផុតក្នុងរាជការគឺស្តេចក្រាញ់ Toyotomi Hideyoshi ហើយក៏ជាអ្នកផ្តើម​ការ​ប្រយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ​ផង​ដែរ។

ដោយសារដំណើរការសង្គ្រាមមិនអំណោយផល ដូច្នេះបានជា Hideyoshi សម្រេចចិត្តចូលរួមសមរភូមិដោយផ្ទាល់ព្រោះ​ចង់​បញ្ចប់សង្រ្គាមឆាប់ៗ។ នៅពេលនោះ Hideyoshi បានប្រាប់ Ieyasu ថា៖

“យើងនឹងដឹកនាំកងទ័ពចំនួន ៣០ ម៉ឺននាក់វាយប្រហារសត្រូវ។ កងទ័ពចែកចេញជា ៣ ក្រុម ក្នុងនោះ Toshiie Maeda និង Ujisato Gamo ដឹកនាំក្រុមឆ្វេង និងស្តាំរៀងៗខ្លួន បន្ទាប់មករួមជាមួយនឹងយើងវាយប្រហារសត្រូវក្នុង​ពេល​ដំណាល​គ្នា។ យ៉ាងណាមិញ យើងនឹងទុកចិត្តបើសិនជា Ieyasu នៅការពារជប៉ុន” ។

ថ្វីត្បិតតែ លោកមិនចង់ចូលរួមក្នុងសមរភូមិនេះក៏ដោយ ប៉ុន្តែ Ieyasu បានធ្វើពុតជាខឹងហើយនិយាយថា៖

“ខណៈពេលដែលស្តេចក្រាញ់ Hideyoshi ត្រូវចេញទៅសមសមរភូមិដោយផ្ទាល់ តើខ្ញុំអាចនឹងនៅផ្ទះដោយកំសាកបានទេ? ខ្ញុំពិត​ជា​មិន​ចង់​ធ្វើ​ដូច្នេះ​នោះ​ទេ។ ចូរយកខ្ញុំ និងកងទ័ពរបស់ខ្ញុំតាម យើងនឹងប្រយុទ្ធជាមួយលោករហូតដល់​ដង្ហើម​ចុង​ក្រោយ” ។

Hideyoshi រំភើបយ៉ាងខ្លាំងចំពោះសម្តីទាំងនេះ ហើយភាពជឿជាក់របស់លោកចំពោះ Ieyasu ក៏កាន់តែច្រើនឡើងផងដែរ។ ផ្ទុយទៅវិញ សាមូរ៉ៃជាច្រើនផ្សេងទៀតបានប្រឆាំងយ៉ាងខ្លាំងចំពោះសង្គ្រាមនេះ ជាពិសេសនៅពេលដែលស្ថាន​ភាព​សង្រ្គាម​កាន់​តែ​មិន​អំណោយ​ផល។

នៅទីបំផុត Ieyasu បន្តទទួលខុសត្រូវការពារជប៉ុន។ អំឡុងពេលនោះ លោកបានអភិវឌ្ឍតំបន់ Kanto ដែលខ្លួនទទួលខុសត្រូវក្លាយទៅជាតំបន់ដ៏មានឥទ្ធិពល។

ចំពោះសាមូរ៉ៃដទៃទៀត ពួកគេច្រើនតែព្រួយបារម្ភថា នៅពេលដែលអំណាចរបស់ខ្លួនកើនឡើងនឹងបណ្តាលឲ្យគ្រប់​គ្នា​សង្ស័យ។ ប៉ុន្តែ Ieyasu ព្រោះតែទទួលបានការជឿទុកចិត្តពី Hideyoshi ដូច្នេះលោកអាចគ្រប់គ្រងដោយផ្អែក​លើ​អំណាច​ពិសេស​របស់​ខ្លួន។

លទ្ធផល

ក្រោយពេល Hideyoshi ស្លាប់ Ieyasu បានប្រើអំណាចរបស់ខ្លួន ដើម្បីបង្កើតជាប្រទេសដ៏ខ្លាំងក្លាមួយ ហើយបានបង្រួបបង្រួមប្រទេសជប៉ុនដោយជោគជ័យ។

ប្រហែលជាគ្រប់គ្នាគិតថា ជប៉ុនជាប្រទេសដែលតែងតែផ្តល់តម្លៃលើ “ភាពស្មោះត្រង់” ប៉ុន្តែពេលខ្លះ “លាក់ពុត” និង “ភាព​ឆ្លាត​វៃ” ជា​ផ្លូវ​ទៅ​កាន់ភាពជោគជ័យរបស់បុគ្គលដែលបង្កើតប្រវត្តិសាស្ត្រ។

តើអ្នកយល់យ៉ាងណាចំពោះយុទ្ធសាស្រ្តដ៏អស្ចារ្យរបស់ Ieyasu ហើយយុទ្ធសាស្រ្តរបស់លោកបើអនុវត្តក្នុងជីវិតជាក់ស្តែង តើ​មាន​ប្រសិទ្ធភាព​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: