សហគ្រាស​ជប៉ុន​ឆ្ពោះ​ទៅ​រក​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព

នៅពេលដែលការប្រណាំងខាងឧស្សាហកម្មអវកាសពិភពលោកកំពុងតែខ្លាំងឡើង ភាគច្រើនក្រុមហ៊ុនខាងវិស័យនេះ​បែរជាកំពុងមានអារម្មណ៍ជាប់គាំងនឹងស្ថានភាពបច្ចុប្បន្ន។ ដូច្នេះហេតុអ្វី​បាន​ជា​អាជីវកម្ម​ខាងផ្នែកអវកាស​បែរ​​ជា​ទាល់ខណៈ​ដែល​កំពុង​ស្ថិតក្នុងដំណាក់កាលដំបូង?

នោះ​ក៏​ព្រោះ​តែ​បញ្ហាកាកសំណល់នៅលើសកលលោកកំពុងកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដូច្នេះក្រុមហ៊ុនជប៉ុនមួយ​ដែល​មាន​ឈ្មោះ​ថា Astroscale កំពុងឆ្ពោះទៅរកគោលបំណងសម្អាតសកលលោកនាពេលអនាគត។

https://astroscale.com/ja/

និយាយយ៉ាងសាមញ្ញគឺថារើសសំរាមនៅក្នុងលំហ

តើអ្នកធ្លាប់ឮពាក្យថា “កម្ទេចកម្ទីលំហ” ដែរទេ? នោះគឺជាសំរាម​ដែល​អណ្តែតក្នុងលំហ។

មិនត្រឹម​តែបំណែករ៉ុក្កែតដែលបំបែកចេញផ្កាយរណបប៉ុណ្ណោះទេ សូម្បីតែវីសដែលរបូតក៏ព័ទ្ធជុំវិញផែនដីដូចជាកម្ទេចកម្ទីលំហជាដើម។ ការងាររបស់ពួកគេគឺសម្អាតកាកសំណល់ទាំងនេះ។

យ៉ាងណាមិញ តើអ្នកធ្លាប់ឆ្ងល់ទេថាគ្រាន់តែវីសអាច​បង្ក​បញ្ហា​អ្វី​បានទៅ?

ការគំរាមកំហែងនៃកម្ទេចកម្ទីលំហ

ថ្វីត្បិតគ្រាន់តែជាវីស ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ល្បឿនផ្លាស់ទីរបស់វា។ កាកសំណល់ទាំងនេះផ្លាស់ទីជុំវិញផែនដីក្នុងល្បឿនពី ៧ ទៅ ៨ គីឡូម៉ែត្រក្នុងមួយវិនាទី។

បើប្រៀបទៅនឹងយន្តហោះចម្បាំងដែលមានល្បឿន Mach 2 (លើសល្បឿនសំឡេងពីរដង) ផ្លាស់ទីក្នុងល្បឿន ៦៨០ ម៉ែត្រក្នុងមួយវិនាទី ហើយគ្រាប់កាំភ្លើងខ្លីផ្លាស់ទីក្នុងល្បឿន ៣៤០ ម៉ែត្រក្នុងមួយវិនាទី ដូច្នេះអ្នកអាចឃើញថា ល្បឿននៃកម្ទេចកម្ទីលឿនខ្លាំងណាស់។

វាអាចផ្លាស់ទីក្នុងល្បឿន ២៥២០០ គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងរថភ្លើង Shinkansen ដល់ទៅ ៨៤ ដង ដោយ​រថភ្លើង​ធ្វើដំណើរក្នុងល្បឿន ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះតើ​នឹង​មាន​ផល​វិបាក​យ៉ាង​ណា​នៅ​ពេល​ដែល​​វីស​​ទាំង​​នោះ​បុក​ត្រូវ?

អ្នកអាចស្រមៃមើលតាមរយៈរូបភាពខាងក្រោម។

នេះគឺជាស្ថានភាពនៅពេលដែលបំណែកមានទម្ងន់ ១៤ ក្រាមបុកនឹងបន្ទះអាលុយមីញ៉ូមនៅក្នុងលំហ។ វាមើលទៅដូចជាជញ្ជាំងក្រោយការប្រយុទ្ធដ៏អស្ចារ្យនៅក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ។

ដូច្នេះយើងមិនអាចទាយដឹងទេថានឹងមានអ្វីកើតឡើង ប្រសិនបើបំណែកមួយក្នុងចំណោមបំណែកទាំងនោះបុកនឹងផ្កាយរណប ឬយានអវកាសឡើយ។

តួលេខដែលគួរឲ្យខ្លាច

តាម​ការ​ប៉ាន់​ស្មាន​ថាមាន​​ប្រមាណ ២២.០០០ វត្ថុដែល​មាន​ប្រវែង​ជាង ១០ សង់ទីម៉ែត្រ និងចំនួន ៥០០.០០០ វត្ថុដែល​​មាន​ទំហំ​ចន្លោះ​ពី ១ ទៅ ១០ សង់ទីម៉ែត្រ។ ពួកវានឹងបង្កើតជារនាំងហ៊ុមព័ទ្ធខាងក្រៅផែនដី ហើយបើសិនជាបន្ត​កើន​ឡើង នោះគម្រោងអភិវឌ្ឍលំហនឹងប្រឈមនឹងហានិភ័យត្រូវបញ្ឈប់។

ធ្វើឲ្យសកលលោកមានភាពស្រស់ស្អាត និងអភិវឌ្ឍប្រកបដោយនិរន្តរភាព

ខណៈពេលដែលប្រទេសជុំវិញពិភពលោកកំពុងប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណបជាច្រើនទៅកាន់អវកាស ដោយ​គ្មាននរណាម្នាក់ខ្វល់ពីបញ្ហាកាកសំណល់ និងផលវិបាករបស់វានោះទេ។

ប្រសិនបើស្ថានភាពនេះនៅតែបន្តរហូតដល់ឆ្នាំ ២០៣០ នឹងនាំទៅរកហានិភ័យបាត់បង់ផ្កាយរណបនៅក្នុងលំហនាពេលសព្វថ្ងៃ។

ក្នុង​ករណី​នោះ ជីវិត​មនុស្ស​នឹង​មាន​ភាព​រអាក់រអួល​ខ្លាំង​ដោយ​គ្មាន GPS ។ មនុស្សគ្រប់គ្នានឹងត្រឡប់ទៅរស់នៅដូច​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ។

ដូច្នេះដោយ​បំណងចង់បន្តការរស់នៅធម្មតារបស់អ្នកទាំងអស់គ្នា ក្រុមហ៊ុន Astroscale បាន​ចំណាយ​ពេល​ជាង ១០ ឆ្នាំ ដើម្បីគិតរកវិធីដោះស្រាយបញ្ហា​នេះ ហើយនៅទីបំផុតពួកគេក៏​បាន​ចាប់​ផ្តើមសកម្មភាព។

សេវាកម្មដែលមិនត្រឹមតែលុបបំបាត់សំរាម ថែមទាំងការពារការបង្កើតសំរាមផងដែរ

ដោយគ្រាន់តែសម្អាតសំរាម យើងនឹងមិនអាចបញ្ចប់បញ្ហាបានទេ ប្រសិនបើមិនអាចទប់ស្កាត់ការបន្តបង្កើត​កាក​សំណល់។

ដូច្នេះហើយ Astroscale ក៏បានបើកសេវាកម្មត្រួតពិនិត្យបន្ថែម ដើម្បីការពារបញ្ហាផ្កាយរណបដំណើរការ​ខុសប្រ​ក្រតី។ ពួកគេក៏បានចូលរួមអភិវឌ្ឍការរចនា ដើម្បីការពារផ្កាយរណបក្លាយទៅជាកម្ទេចកម្ទី បន្ទាប់ពីបានបញ្ចប់​វដ្ត​ប្រតិបត្តិ​ការ​របស់វា។

សកលលោកគឺជាកន្លែងដែលផ្ទុកក្តីស្រមៃរបស់យើងទាំងអស់គ្នា។ ព្រោះអ្វីដែល Astroscale កំពុងធ្វើគឺដើម្បីឆ្ពោះទៅ​រក​អនាគត​សន្តិភាព​សម្រាប់មនុស្សជាតិ ដូច្នេះពួកគេទទួលបានការសរសើរពីមនុស្សជាច្រើន។

នោះទើបជាសេវាកម្មនៃនិរន្តរភាព ហើយខ្ញុំមានមោទនភាពដែលក្រុមហ៊ុនជប៉ុនកំពុងនាំផ្លូវ​ ដើម្បី​នាំ​​មក​​នូវ​​អត្ថប្រយោជន៍​​ដល់​​មនុស្ស​​គ្រប់​​គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: