Kominka – ភាពទាក់ទាញនៃផ្ទះឈើបុរាណប្រពៃណីជប៉ុន

ក្រោយសង្គ្រាម សេដ្ឋកិច្ច​ជប៉ុន​បាន​អភិវឌ្ឍ​យ៉ាងខ្លាំង។ ប្រជាជន​ក្នុង​ប្រទេស​នេះ​មាន​ទស្សនៈ​មួយ​ថា “របស់​ថ្មី​​តែង​តែ​​​ល្អ​​​ជាង​​​របស់​​ចាស់” ។

ដូច្នេះហើយ បានជាផ្ទះបែបប្រពៃណីជប៉ុនផ្លាស់ប្តូរទៅជាគំរូលំនៅដ្ឋានបែបបស្ចិមប្រទេសដូចសព្វថ្ងៃនេះ។

យ៉ាងណាមិញ ចំណុចនេះកំពុងប្រែប្រួលបន្តិចម្តងៗ ផ្ទះបុរាណដែលបានសាងសង់ជាង ៥០ ឆ្នាំមុនគេហៅថា “kominka” ហើយ​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ទិញផ្ទះចាស់ទាំងនេះសម្រាប់ធ្វើជាផ្ទះរស់នៅ ហាងកាហ្វេ ឬការិយាល័យ។ ហេតុអ្វីបានជាផ្ទះបែប “kominka” ទាំងនេះមានភាពទាក់ទាញគ្រប់គ្នាដូច្នេះ?

ផ្លាស់ប្តូរប្លង់បន្ទប់បានយ៉ាងងាយ

ផ្តល់ភាពងាយស្រួលនៅពេលដែលអ្នកចង់កែបន្ទប់ធំ ឬតូចជាងមុន អាស្រ័យលើតម្រូវការ ដូចជាពេលដែលមានកូនតូច ឬពេលភ្ញៀវមកលេង។ ដើមឡើយ ផ្ទះបែបជប៉ុនមិនមានជញ្ជាំងច្រើនសម្រាប់ខណ្ឌបន្ទប់នោះទេ ប៉ុន្តែគេខណ្ឌបន្ទប់ដោយប្រើទ្វាររុញឈើ។ ដូច្នេះហើយ គ្រាន់តែយកចេញ អ្នកនឹងទទួលបានបន្ទប់ និងបរិយាកាសធំទូលាយ។

ខ្យល់ត្រជាក់នៅរដូវក្តៅ

ផ្ទះបែប “kominka” ច្រើនតែមានពិដានខ្ពស់ ដូច្នេះមានខ្យល់ចេញចូល ហើយត្រជាក់។ ខណៈដែលជប៉ុនជាប្រទេសដែលទទួលរងឥទ្ធិពលផ្ទះកញ្ចក់ ផ្ទះបុរាណឈើទាំងនេះពិតជាមានប្រយោជន៍ខ្លាំងណាស់នៅរដូវក្តៅ។ យ៉ាងណាមិញ មុខ​ងារ​ជួយ​ឲ្យ​ខ្យល់ចេញចូលក៏ជាគុណវិបត្តិនៃផ្ទះបុរាណទាំងនេះដែរ ព្រោះវាធ្វើឲ្យត្រជាក់ក្នុងរដូវរងា។

វត្ថុធ្វើពីឈើជួយឲ្យមនុស្សមានភាពស្ងប់ស្ងាត់

ប្រសិនបើអ្នកធ្លាប់រស់នៅក្នុងផ្ទះដែលធ្វើពីកន្ទេល tatami និងប្រភេទឈើល្អ អ្នកនឹងមានអារម្មណ៍សុខសាន្តក្នុងចិត្ត។ យើងប្រើផ្ទះបុរាណសម្រាប់ធ្វើជាការិយាល័យ បើប្រៀបទៅនឹងការិយាល័យធម្មតាពីមុន គ្រប់គ្នាមាន​អារម្មណ៍​ស្រស់​ស្រាយ ហើយ​​អាច​​ផ្តោត​អារម្មណ៍​បានល្អនៅកន្លែងធ្វើការ។

ប្រើប្រាស់បានយូរ

ថ្វីត្បិតតែ ផ្ទះដែលមានអាយុកាលជាង ៥០ ឆ្នាំគេហៅថា “kominka” ប៉ុន្តែតើអ្នកដឹងទេថាផ្ទះ “kominka” នៅជប៉ុន​​មាន​​អាយុ​កាល​ប៉ុន្មាន​ដែរ​ទេ?

ផ្ទះឈើដែលត្រូវគេកំណត់ជា​សម្បត្តិ​វប្បធម៌​ជាតិ​មាន​អាយុកាលជា​មធ្យម​ពី ២០០​ ទៅ ៣០០ ឆ្នាំ។ ដូច្នេះបើសិនជាថែទាំបានល្អ ផ្ទះ “kominka” ទាំងនេះអាចមានអាយុកាលជាង ១០០ ឆ្នាំ។

ផ្ទុយទៅវិញ ផ្ទះបែបបស្ចិមប្រទេសត្រូវបានសាងសង់ឡើងដោយមិនសូវមានខ្យល់ចេញចូល ដើម្បីបង្កើនប្រសិទ្ធ​ភាព​នៃ​ការ​ធ្វើ​ឲ្យ​ត្រជាក់ និង​កម្តៅ។ ប៉ុន្តែផ្ទះភាគច្រើនចាប់ផ្តើម​ទ្រុឌទ្រោម ហើយ​ខូច​ក្រោយរយៈពេល ៣០ ឆ្នាំប៉ុណ្ណោះ។

តម្លៃថោក

ព្រោះតែចាស់ ដូច្នេះផ្ទះ “kominka” ត្រូវបានលក់ក្នុងតម្លៃថោក។ ថ្វីត្បិតតែ រចនាសម្ព័ន្ធអគារនៅល្អ ប៉ុន្តែមានកន្លែងជាច្រើនត្រូវជួសជុលឡើងវិញមុនពេលអ្នកចូលនៅ។ ដូចជាការ៉ូឈើ ជញ្ជាំង កន្ទេល tatami បន្ទប់ទឹក ឬ​អាង​ងូត​ទឹក។

ក្រៅពីបញ្ហាដែលបានរៀបរាប់ខាងលើ អ្នកថែមទាំងត្រូវចំណាយច្រើនសម្រាប់កម្តៅនៅរដូវរងារផងដែរ។ ដូច្នេះអ្នក​គួរ​តែ​សម្រេច​ចិត្ត​ដោយ​ពិចារណា​លើ​តម្លៃ​សរុប មិនមែនមើលទៅលើតម្លៃផ្ទះប៉ុណ្ណោះទេ។

យើងមានផ្ទះ “kominka” មួយនៅទីក្រុង Chiba ខេត្ត Chiba នៃប្រទេសជប៉ុន។ ប្រសិនបើអ្នកទៅលេងជប៉ុន សូមកុំ​ភ្លេច​ទៅ​មើល​ផ្ទាល់។

https://wakana-z.com

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: