រស​ជាតិ​មុខ​ម្ហូប​ប្រពៃណី​ជប៉ុន និង​អាហារ​លំដាប់​ខ្ពស់​នៃ​ប្រអប់ Ekiben របស់​ជប៉ុន

នៅជប៉ុនអ្វីដែលសប្បាយបំផុតពេលជិះរថភ្លើងធ្វើដំណើរផ្លូវឆ្ងាយគឺបរិភោគប្រអប់ bento តាមតំបន់។ ទាំងនេះជា​អាហារ​ដែល​អ្នក​អាច​ទិញ​បាន​នៅ​ស្ថានីយ៍ ហើយបរិភោគនៅលើរថភ្លើង។ តោះចូរយើងក្រឡេកមើលប្រអប់ bento ដែល​មិន​ត្រឹម​​តែ​ឆ្ងាញ់ ថែម​ទាំង​មើល​ទៅ​ស្អាត​ទៀត​ផង។

Bento ត្រីសាម៉ុងអាំង និងពងត្រី

ភាគច្រើននៅកណ្តាលប្រអប់គឺត្រីសាម៉ុងអាំង ជាសាច់ត្រង់ពោះរបស់ត្រី ដូច្នេះមានជាតិខ្លាញ់ច្រើន។ មើលទៅពេញទៅដោយពងត្រីសាម៉ុងដូចជាពណ៌ទឹកក្រូចស្រស់ឆ្ងាញ់។ ប្រអប់ bento នេះទាក់ទាញភ្នែករបស់អ្នក អ្នកអាច​ឈប់នៅ​ស្ថានីយ៍​តូក្យូ​ដើម្បី​ភ្លក់​រស់​ជាតិ bento នេះ។

Bento សាច់ជ្រូក “Iberico”

សម្រាប់អ្នកចូលចិត្តសាច់ នេះជាជម្រើសដែលមិនអាចរំលងបាន។ ប្រអប់ bento ពេញទៅដោយសាច់ជ្រូក Iberico Bellota លំដាប់ខ្ពស់។ សាច់ច្រើនរហូតដល់ថ្នាក់អ្នក​មើល​មិន​ឃើញ​បាយ​នៅ​ខាង​ក្រោម អ្នកអាចរកទិញប្រភេទបាយ bento នេះ​នៅ​ស្ថានីយ៍​តូក្យូ។

Bento នៅលើរថភ្លើងចុងក្រោយទៅ Nagoya

នេះជាមុខម្ហូបដែលល្បីនៅស្ថានីយ៍ Nagoya ។ នៅទីក្រុង Nagoya ខេត្ត Aichi មានវប្បធម៌ធ្វើម្ហូបយ៉ាងពិសេស ទីក្រុង​ថែម​ទាំង​ត្រូវបានគេស្គាល់ថាជា “ម្ហូបអាហារ Nagoya” (Nagoya meshi)។ ប្រអប់ bento នេះមានមុខម្ហូបពិសេសៗ​ទាំងអស់នៃតំបន់ Nagoya ដូច្នេះ​សូម​កុំ​ភ្លេច​រក​ទិញ ហើយ​បរិភោគ​ម្ហូប​ពិសេស​នៅ​ពេល​ដែលអ្នកទៅ​លេង​ទី​នេះ។

Bento Onigiri Sapporo

Bento នេះមានលក់នៅស្ថានីយ៍ Sapporo នៅ Hokkaido ។ នៅពេលដែលរំលឹកដល់ bento ជប៉ុន onigiri ត្រូវគេចាត់​ទុក​ជា​មុខ​ម្ហូប​ដែលពេញនិយម។ ទោះជាយ៉ាងណា ដើម្បីកុំឲ្យដដែលៗ ប្រអប់ bento នេះត្រូវបានបន្ថែមដោយគ្រឿង​ផ្សំខុសៗគ្នាជាច្រើន។ ជាមួយនឹងទំហំតូច និង​មើល​ទៅ​គួរ​ឲ្យស្រលាញ់ មិត្តនារីៗចូលចិត្តខ្លាំងណាស់។

Bento ពីរជាន់របស់ Futarushita

នេះជាប្រភេទ bento ពិសេស ដែល​អាច​រក​ទិញ​បាននៅលើរថភ្លើងល្បឿនលឿន JR Kyushu លេខ Furatsuboshi 4047 ប៉ុណ្ណោះ។ អ្នកអាចបរិភោគប្រអប់ bento ស្អាតនេះជាមួយសាច់គោ Wagyu ល្បី ហើយថែមទាំងអាចគយគន់ទេស​ភាព​ផង​ដែរ។ នេះជាបទពិសោធដ៏ពិសេស និងមិនអាចបំភ្លេចបានសម្រាប់​អ្នក​ដែល​ទៅ​លេង Kyushu ។

Bento Shinkansen E7 Kei

ប្រអប់ bento ដែលមានការរចនាប្លែកពីគេ ធ្វើឲ្យក្មេងៗមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ រថភ្លើង shinkansen ដែលអ្នកកំពុងធ្វើដំណើរក្លាយទៅជា “ប្រអប់ bento”។ ប្រអប់ប្លាស្ទិកនេះអាចប្រើឡើងវិញបាន ហើយអ្នកអាចប្រើវាជាប្រអប់​សម្រាប់​ទុក​វត្ថុ​អនុស្សាវរីយ៍​នៅ​ជប៉ុន។

Bento Nikko Maizoukin

ចុងក្រោយ ខ្ញុំនឹងណែនាំអ្នកប្រអប់ bento លំដាប់ខ្ពស់បំផុត។ Maizoukin ជាពាក្យសំដៅលើបរិមាណមាសដែល Edo Tokugawa បានលាក់ទុកនៅកន្លែងណាក្នុងសម័យសាមូរ៉ៃ។ ទីតាំងមួយក្នុងចំណោមទីតាំងដែលគេជឿថាមាន​កំណប់​នេះ​គឺ Nikko ។ ប្រអប់ bento ឈ្មោះ Nikko នេះមាន​តម្លៃ​រហូត​ដល់ ២៣៧,០០០ យ៉េន ដែលស្មើនឹងតម្លៃ​ប្រភេទ​ម៉ូតូ​ធម្មតាមួយ។ អ្វី​ដែល​ពិសេស​នោះ​គឺ​ប្រអប់ bento នីមួយៗ​ត្រូវ​បាន​ឆ្លាក់​ដោយ​ដៃ​យ៉ាង​ល្អិតល្អន់។

ផ្នែកខាងក្នុងប្រអប់ក៏ត្រូវបានតុបតែងយ៉ាងប្រណិត ជាមួយនឹងគ្រប់មុខម្ហូបពិសេសពី Nikko ។ អាហារនីមួយៗនៅក្នុងប្រអប់ bento នេះអាចនឹងមានតម្លៃប្រហែល ៥០០០ យ៉េន ជាតម្លៃដែលគេចាត់ទុកថា “ខ្ពស់កប់ពពក” ។ គ្រាន់​តែ​ឮ​ដូច្នេះ គ្រប់​គ្នាប្រហែលជាចង់ភ្លក់ប្រអប់ bento នេះ​ម្តង​ក្នុង​ជីវិត​មែន​ទេ?

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ចំពោះប្រភេទ bento ខុសៗគ្នានៅលើរថភ្លើង។ ខ្ញុំសង្ឃឹមថា អ្នកនឹងមានអារម្មណ៍ឆ្ងាញ់ ហើយ​រីក​រាយ​ពេល​ភ្លក់​មុខ​ម្ហូប​ប្រពៃណី​ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: