Palau – ក្តីស្រឡាញ់ និងការដឹងគុណដោយ​មិន​ប្រកាន់​ពី​ការ​ប្រមាថ

តើអ្នកធ្លាប់បានលឺអំពី Palau ដែលជាប្រទេសតូចមួយនៅប៉ាស៊ីហ្វិកខាងលិចដែរទេ? នេះគឺជាទង់ជាតិប្រទេស Palau ។

មើលទៅការរចនាស្រដៀងនឹងទង់ជាតិជប៉ុន ថ្វីត្បិតតែ Palau មិនទទួលស្គាល់រឿងនេះ ប៉ុន្តែបើសិនជាខ្ញុំនិយាយ​ថា “ប្រទេស​ជប៉ុន​ថ្មី” នេះ ត្រូវបានបង្កើតឡើងដោយសម្តីប្រមាថ​របស់​ទាហាន​ជប៉ុន តើអ្នកជឿដែរទេ?

ប្រវត្តិសាស្ត្ររបស់ Palau 

នៅសតវត្សទី ១៩ ប្រទេសនេះបានក្លាយជាអាណានិគមរបស់អេស្ប៉ាញ ហើយក្រោយមកស្ថិតក្រោមអាណានិគមរបស់​អាល្លឺម៉ង់។ ដូច​ជា​ប្រទេស​​អាណានិគម​​ផ្សេង​​ទៀត ប្រទេស​នេះ​ត្រូវស៊ូទ្រាំ​នឹង​ការ​ជិះជាន់​យ៉ាង​យូរ​​អង្វែង។

ចំនួនប្រជាជននៃប្រជុំកោះ Palau បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារជំងឺដែលនាំចូលដោយជនជាតិអឺរ៉ុប។ ចំនួនប្រជាជននៅលើកោះធ្លាក់ចុះពីចំនួនរាប់ម៉ឺននាក់មកត្រឹមតែពីរបីពាន់នាក់ប៉ុណ្ណោះ។

នៅពេលដែលសង្គ្រាមលោកលើកទីមួយបានផ្ទុះឡើង ហើយអាល្លឺម៉ង់ចាញ់ សិទ្ធិគ្រប់គ្រង Palau ត្រូវបានប្រគល់ទៅឲ្យជប៉ុន។ ជនជាតិជប៉ុនបាននិយាយថា ពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអភិវឌ្ឍ និងសន្តិភាពរបស់ Palau តាម​រយៈ​រឿងដូចជាជីកអណ្តូង ព្យាបាលអ្នកស្រុកដែលរបួស ឬឈឺនៅលើកោះ កសាងផ្លូវ មន្ទីរពេទ្យ និងសាលារៀន ជំនួយ​គ្រប់​យ៉ាង​គឺ​ដោយ​ឥត​គិត​ថ្លៃ។

ប្រជាជនជប៉ុនចំនួន ២ ម៉ឺននាក់បានធ្វើចំណាកស្រុកទៅដល់ទីនោះ។ ទំនាក់ទំនងរវាងពួកគេនឹងអ្នកស្រុកល្អណាស់ ហើយ​ពួក​គេ​ថែមទាំងជួយប្រជាជនរៀបចំដីឡើងវិញផងដែរ។ ដូច្នេះហើយ បានជាប្រទេស Palau មានយ៉ាងឆាប់​រហ័ស ហើយ​ខុស​ពី​ប្រទេស​ដែល​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អឺរ៉ុប។

Palau ធ្លាក់ចូលដៃរបស់ជនជាតិអាមេរិកអំឡុងសង្គ្រាមលោកលើកទីពីរ

នៅពេលដែលជប៉ុន និងអាមេរិកប្រកាសសង្រ្គាមនឹងគ្នា ប្រជាជន Palau បានព្យាករណ៍ថា កន្លែងនេះនឹងក្លាយទៅជាសមរភូមិឆាប់ៗ ដោយសារទីតាំងរបស់ Palau ជាកន្លែងល្អ​សម្រាប់​អាមេរិក​ប្រើ​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​​ឈ្លាន​ពាន​​តំបន់​​អាស៊ី​​អាគ្នេយ៍។

Palau – ជាកន្លែងដែលជីវភាពប្រសើរឡើងពឹងលើជប៉ុន បានស្បថតស៊ូប្រយុទ្ធជាមួយជប៉ុន។ ឆ្លើយ​តប​នឹងទឹកចិត្តរបស់ប្រជាជន មេបញ្ជានាវា Nakagawa បុគ្គលដែលកំពុងឈរជើងនៅទីនេះបាននិយាយថា៖ “យើងស្បថថានឹង​ការ​ពារអ្នករាល់គ្នាទោះត្រូវលះបង់ជីវិតរបស់ខ្លួន​ក៏ដោយ” ប៉ុន្តែ​លោក​បែរ​ជា​មិន​អនុញ្ញាតឲ្យប្រជាជនលើកោះចូលរួម​កង​ទ័ព​របស់​ខ្លួន​ឡើយ។

សុំលាដោយភាពសោកសៅ និងក្រៀមក្រំ

ទោះជាយ៉ាងណា ប្រជាជននៅលើកោះសម្រេចចិត្តជួយប្រយុទ្ធជាមួយមេបញ្ជានាវា Nakagawa ដែល​ធ្វើ​ឲ្យ​លោកត្រូវបដិសេធអ្នកស្រុកលើកោះដោយសម្តីគួរឲ្យភ្ញាក់ផ្អើលថា៖

“កុំល្ងង់បែបនេះ អ្នកទាំងអស់គ្នាគ្រាន់តែជាអ្នកស្រុកក្រោមអាណានិគ ដូច្នេះមិនអាចធ្វើអ្វីបានទេ។

យើង​ជា​ទាហាន​រាជវង្ស​ដ៏​ខ្ពង់ខ្ពស់ មិនអាចប្រយុទ្ធជាមួយអ្នកទាំងអស់គ្នានោះទេ”។

ទាហាន​ជប៉ុន​ផ្សេង​ទៀត​ក៏​ចាប់​ផ្ដើម​​ប្រមាថ​អ្នក​ស្រុក​ដោយសម្តីសោះកក្រោះ។

ប្រជាជននៅលើកោះត្រូវបានជម្លៀសដោយនាវាដែលផ្តល់ដោយជប៉ុន។ ពួកគេខកចិត្ត និងខឹងយ៉ាងខ្លាំងដោយនិយាយថា៖ “យើង​ល្ងង់ណាស់​ដែល​ជឿ​លើ​ជនជាតិ​ជប៉ុន” ។

រឿងចុងក្រោយដែលអ្នកស្រុកលើកោះបានឮពេលកំពុងនៅលើកប៉ាល់ជម្លៀស គឺទាហានជប៉ុនស្រែកលាពួកគេថា៖ “សូម​រស់​​នៅ​ឲ្យ​មាន​ប្រយោជន៍” ។

នេះជាមធ្យោបាយដែលទាហានជប៉ុនប្រើសម្រាប់ជម្លៀសអ្នកស្រុកនៅលើកោះ។ ក្រោយ​មក កងទ័ព​អាមេរិក​បាន​វាយ​​ប្រហារ​​កន្លែង​​នេះ ហើយ​បាន​សម្លាប់​ទាហាន​ជប៉ុន​ជាង ១ ម៉ឺននាក់។

អាមេរិក​ចង់ធ្វើឲ្យជប៉ុនក្លាយទៅជា​មនុស្ស​អាក្រក់

អាមេរិកគ្រប់គ្រង Palau ជំនួសជប៉ុន។ សម្រាប់ប្រជាជននៅលើកោះ ជនជាតិ​អាមេរិកចិត្តល្អដូចជាប្រជាជនជប៉ុន​ដែរ។ ប៉ុន្តែ​រឿង​មួយ​ដែល​ពួក​គេ​មិន​អាច​ទទួល​យក​បាន គឺថាជនជាតិអាមេរិកបង្រៀនថា ជនជាតិជប៉ុនអាក្រក់​ណាស់។

ថ្វីត្បិតតែ សៀវភៅពុម្ពប្រវត្តិសាស្ត្រដែលជនជាតិអាមេរិកបានសរសេរនៅទីនេះបង្រៀនថា ជនជាតិជប៉ុនប្រព្រឹត្តអំ​ពើ​ឃោរ​​ឃៅ ប៉ុន្តែ​ប្រជាជន Palau នៅ​តែ​ស្រលាញ់​ចូល​ចិត្ត​ជប៉ុន។

ក្តីស្រឡាញ់ចំពោះជប៉ុននៅតែមាន

ភាសា Palau គឺជាភាសាផ្លូវការនៃប្រទេស Palau ប៉ុន្តែក្នុងនោះមានពាក្យជប៉ុនច្រើន។ ក្រៅពីភាសា Palau និង​អង់​គ្លេស ភាសា​ជប៉ុនត្រូវ​បាន​ទទួល​ស្គាល់​ថា​ជាភាសា​ផ្លូវ​ការ​ក្នុងរដ្ឋ Angaur នៃប្រទេស Palau ។ ក្រៅ​ពី​ប្រទេស​ជប៉ុន រឿងនេះ​​មាន​​តែ​​​​ប្រទេស Palau ប៉ុណ្ណោះ។

ប្រជាជនជាច្រើនក្នុងប្រទេសនេះក៏កំពុងជ្រើសរើសភាសាជប៉ុនជាភាសាបរទេសសំខាន់សម្រាប់កូនៗរបស់ខ្លួន​ផង​​ដែរ។ ទឹក​ចិត្ត​ដែល​កើត​ឡើង​ក្នុង​ប្រវត្តិ​សាស្ត្រ​ដែល​បញ្ចប់​ដោយ​សោក​សៅ ប៉ុន្តែវានៅតែបន្តរហូតមកដល់សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​សង្ឃឹម​​ថា ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត ហើយកាន់តែស៊ីជម្រៅ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: