ជប៉ុនជាប្រទេសដំបូងគេនៅលើពិភពលោកដែលប្រឆាំងនឹងការរើសអើងជាតិសាសន៍
ថ្វីត្បិតតែ ការអំពាវនាវឲ្យលុបបំបាត់ការរើសអើងជាតិសាសន៍មានជាយូរណាស់មកហើយ ប៉ុន្តែបញ្ហានេះនៅតែកើតឡើងនៅកន្លែងជាច្រើនលើពិភពលោក។
តើអ្នកយល់ថាការរើសអើងផ្អែកលើពណ៌សម្បុរ ភ្នែក ស្រុកកំណើត ឬសាសនាជារឿងដែលចម្លែកណាស់មែនទេ?
ខណៈដែលមនុស្សជាច្រើនចាត់ទុកវាជារឿងធម្មតា ជប៉ុនជាប្រទេសដំបូងគេនៅលើពិភពលោកបានលើកឡើងពីបញ្ហានេះ ហើយប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍។
ក្នុងសន្និសីទសន្តិភាពទីក្រុងប៉ារីសនៃសម្ព័ន្ធប្រជាជាតិក្រោយសង្គ្រាមលោកលើកទី ១ ជប៉ុនបានអំពាវនាវឲ្យលុបបំបាត់ការរើសអើងជាតិសាសន៍ ដោយកត់ត្រាឲ្យបានច្បាស់លាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ព្រឹត្តិការណ៍នេះកើតឡើងក្នុងឆ្នាំ ១៩១៩-១៩២០ នៅពេលដែលបណ្តាប្រទេសលោកខាងលិចដើរតួនាទីសំខាន់ ខណៈដែលប្រជាជនអាស៊ីត្រូវគេមើលងាយ។
ក្នុងនាមជាប្រទេសមួយនៅអាស៊ី ជប៉ុនបានបង្កើនអំណាច និងជំហរយោធារបស់ខ្លួន រហូតដល់ទទួលបានសិទ្ធិនិយាយលើឆាកអន្តរជាតិ។ ដោយធ្លាប់ជាប្រទេសដែលទទួលការរើសអើង ជប៉ុនបានស្នើយ៉ាងមុតមាំដើម្បីដោះស្រាយបញ្ហានេះ។
លទ្ធផលសំណើរបស់ជប៉ុនត្រូវបដិសេធតាមការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Woodrow Wilson ។ យ៉ាងណាមិញ ក្រោយមកក៏មានមនុស្សមួយចំនួនមករស់នៅ និងទទួលយកបទពិសោធន៍នៅប្រទេសជប៉ុន។ ដូចជារស់នៅក្នុងពិភពលោកដែលគ្មានការរើសអើងជាតិសាសន៍ មនុស្សទាំងនេះបានស្រលាញ់ចូលចិត្តប្រទេសជប៉ុន។
អ្នកកាសែត W.E.E.Du Bois
លោកជាអ្នកកាសែតជនជាតិអាមេរិក និងជាអ្នកដឹកនាំចលនាទាមទារសិទ្ធិស្មើគ្នាសម្រាប់ជនជាតិស្បែកខ្មៅ។ លោកបានទៅកាន់ប្រទេសចិន និងជប៉ុនក្នុងឆ្នាំ ១៩៣៦ ។
គោលបំណងសំខាន់របស់លោកក្នុងការធ្វើដំណើរនេះ ដើម្បីស្រាវជ្រាវឥទ្ធិពលនៃសង្គមជនជាតិស្បែកសមកលើជនជាតិស្បែកលឿង និងខ្មៅ។ ជាដំបូង ចូរយើងលើកយកព្រឹត្តិការណ៍ដែលបានកើតឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន៖
កុមារជនជាតិស្បែកសអាយុប្រហែល ៤ ឆ្នាំម្នាក់ បានចេញបញ្ជាយ៉ាងក្រអឺតក្រតមដាក់ជនជាតិចិនពេញវ័យចំនួន ៣ នាក់ថា៖ “ជៀសផ្លូវ” ។ ដោយឃើញរូបរាងក្មេងប្រុសនោះ ជនជាតិចិនទាំងនេះបានរត់គេចខ្លួនភ្លាមៗ។
រឿងនេះមិនត្រឹមតែកើតឡើងនៅក្នុងទីក្រុងសៀងហៃប៉ុណ្ណោះទេ ថែមទាំងកើតឡើងច្រើននៅទូទាំងអាស៊ីនាពេលនោះផងដែរ។ បទពិសោធន៍នេះបានធ្វើឲ្យលោកដឹងថា ការរើសអើងជាតិសាសន៍មិនត្រឹមតែកើតឡើងនៅអាមេរិក ប៉ុន្តែនៅជុំវិញពិភពលោក។
យ៉ាងណាមិញ នៅពេលមកដល់ជប៉ុន អ្វីដែលលោក Du Bois បានឃើញគឺខុសគ្នាទាំងស្រុង។ នៅពេលនោះ គាត់កំពុងទូទាត់ប្រាក់នៅសណ្ឋាគារក្នុងទីក្រុង Tokyo ។ ស្រ្តីជនជាតិស្បែកសម្នាក់ជ្រៀតចូលជួរនៅពីមុខគាត់ ប៉ុន្តែធ្វើដូចជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ តាមត្រូវបម្រើស្រ្តីជនជាតិស្បែកស បុគ្គលិកសណ្ឋាគារបានបន្តបម្រើលោកមុន។ បន្ទាប់ពីទូទាត់ប្រាក់រួច ពួកគេគោរពលាលោក Du Bois មុននឹងបន្តបម្រើស្រ្តីជនជាតិស្បែកស។
ដោយសារទង្វើដូចនេះ បុគ្គលិករូបនោះពិតជាបានធ្វើឲ្យលោកចាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មក លោកបានសរសេរការបញ្ចេញមតិដូចតទៅ៖
“នៅអាមេរិក – ស្រុកកំណើតរបស់ខ្ញុំ បុគ្គលជនជាតិស្បែកខ្មៅមិនដែលទទួលបានភាពរាក់ទាក់នោះទេ ប៉ុន្តែឥឡូវនេះនៅក្នុងប្រទេសជប៉ុន ខ្ញុំទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នោះគឺភាពរាក់ទាក់ចំពោះភ្ញៀវដែលចេញពីបេះដូង។ ប្រជាជនជប៉ុនមានទុក្ខ និងវាសនាដូចគ្នាដោយសារពណ៌សម្បុរ ពួកគេយោគយល់ និងអាណិតអាសូរយើង ដែលជាជនជាតិស្បែកខ្មៅចំនួន ១២ លាននាក់នៅអាមេរិក” ។
ជាមួយនឹងបទពិសោធន៍ទាំងនេះ នៅក្នុងក្រសែភ្នែករបស់លោក ជប៉ុនបានក្លាយជាសង្គមគំរូដែលគ្មានការរើសអើងជាតិសាសន៍នៃពិភពលោកនាពេលអនាគត។
Art Blakey
នេះគឺជាអ្នកវាយស្គរចង្វាក់ jazz ដែលខ្ញុំគាំទ្រយ៉ាងខ្លាំង។ លោកបាននិយាយថា៖ “អាហ្វ្រិក និងជប៉ុនជាកន្លែងតែមួយគត់ដែលស្វាគមន៍យើងដូចជាមនុស្ស” ។
ក្នុងឆ្នាំ ១៩៦១ ក្រុមតន្ត្រី Jazz Messengers របស់លោកបានទៅដល់ប្រទេសជប៉ុន។ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោករបស់ខ្លួន លោកបាននាំជប៉ុនទៅកាន់ភាពរីកចម្រើននៃចង្វាក់ jazz ។ ក្រុមតន្ត្រីទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ហើយការសម្តែងថែមទាំងត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិផងដែរ។
ចំណុចនេះបានធ្វើឲ្យក្រុមតន្រ្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពួកគេមិនដែលទទួលបានការស្វាគមន៍បែបនេះទោះនៅអាមេរិកក៏ដោយ ដែលជាស្រុកកំណើតរបស់ពួកគេផ្ទាល់។ បន្ទាប់ពីបានទៅដល់ប្រទេសជប៉ុន ពួកគេបានឆ្លងកាត់បទពិសោធន៍គួរឲ្យចាប់អារម្មណ៍ជាច្រើន។
អ្នកគាំទ្របានឈរតម្រង់ជួរនៅអាកាសយានដ្ឋានដើម្បីទទួលស្វាគមន៍ក្រុមតន្ត្រី។ ដំបូងឡើយ ក្រុមតន្ត្រីនេះមិនបានគិតថា ខ្លួនជាអ្វីដែលទស្សនិកជនជប៉ុនទន្ទឹងរង់ចាំនោះទេ ដូច្នេះនៅពេលដែលបានដឹង ពួកគេមានការភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក។
អ្នកគាំទ្រម្នាក់បានទៅជិតលោក ហើយប្រាប់គាត់ថា៖
“លោក Blakey តើលោកអាចថតរូបជាមួយខ្ញុំបានទេ?”
គាត់ភ្ញាក់ផ្អើល ហើយបានសួរថា៖ “ខ្ញុំជាជនជាតិស្បែកពណ៌។ តើខ្ញុំអាចថតរូបជាមួយនឹងអ្នកបានទេ?”
អ្នកគាំទ្របានឆ្លើយថា៖ “ពិតណាស់ខ្ញុំដឹង។ សូមថតរូបជាមួយខ្ញុំ។ ខ្ញុំចង់រក្សាទុកអនុស្សាវរីយ៍នេះ” ។
ព្រោះតែព្រឹត្តិការណ៍នេះ ទើបធ្វើឲ្យលោកមានចិត្តស្រលាញ់ប្រទេសជប៉ុន ហើយរៀបការជាមួយស្រ្តីជនជាតិជប៉ុន។
ជាការពិតណាស់ ជនជាតិជប៉ុនមួយចំនួនមានផ្នត់គំនិតរើសអើងចំពោះអ្នកដទៃ ហើយខ្ញុំមានអារម្មណ៍សោកស្តាយចំពោះរឿងនេះ។ ការរើសអើងដោយផ្អែកលើពណ៌សម្បុរ ជាតិសាសន៍ ភេទ សាសនា ឬកន្លែងដែលពួកគេធំដឹងក្តីជារឿងដែលគ្មានន័យ ព្រោះចំណុចទាំងនោះមិនបានបង្ហាញពីអត្តចរិក និងលក្ខណៈពិសេសរបស់មនុស្សឡើយ។
យើងគួរតែវិនិច្ឆ័យមនុស្សម្នាក់ល្អ ឬអាក្រក់ បន្ទាប់ពីសង្កេតមើលអ្វីដែលគេធ្វើ។ ដូច្នេះទើបគ្រប់គ្នាអាចរួមចំណែកបង្កើតសង្គមដែល “និយាយថាទេចំពោះការរើសអើងជាតិសាសន៍” ។
Abe Kengo