បញ្ហារង​ការ​ធ្វើ​បាប​នៅ​កន្លែង​​ធ្វើ​​ការ​គឺ​ជា​ភាព​​ភ័យ​​ខ្លាច​​​បំផុត​​​សម្រាប់​​​​​មនុស្ស​​​ពេញ​​វ័យ

នៅពេលដែលនិយាយពីបញ្ហាធ្វើបាប ប្រហែល​ជា​យើង​ច្រើន​តែ​គិត​ដល់ប្អូនៗសិស្សានុសិស្សប៉ុណ្ណោះ។ យ៉ាងណាមិញ នៅជប៉ុនរឿងនេះនៅតែអាចកើតឡើង មិនថាអ្នកជាមនុស្សពេញវ័យក៏​ដោយ។ ជាមួយនឹងស្ថាន​ភាព​វិបត្តិ​សេដ្ឋកិច្ច​​អូស​​បន្លាយ និងជំងឺរាតត្បាតកូវីដ ១៩ អារម្មណ៍រកផ្លូវចេញមិនឃើញ បានគ្របដណ្ដប់ប្រទេស​ទាំង​មូល និង​​បណ្តាល​​​ឲ្យ​មាន​បញ្ហាធ្វើបាបកាន់តែច្រើនឡើង។

ប្រសិនបើអ្នកមានបំណងចង់ធ្វើការនៅក្រុមហ៊ុនជប៉ុន វានឹងមានប្រយោជន៍ខ្លាំងណាស់ បើសិនជាអ្នកយល់ និងអាច​ដោះ​ស្រាយបញ្ហានេះ ដោយចាត់ទុកដូចជាជំនាញសម្រាប់ការពារខ្លួន។

មូលហេតុ​នៃការសម្លុតធ្វើបាបអាច​កើត​ចេញ​ពីចំណុចដែលអ្នកធ្វើខុសម្តងហើយម្តងទៀតនៅ​កន្លែង​ធ្វើការ ឬ​បង្ក​បញ្ហា​ដល់​អ្នក​ដទៃ​ដោយ​ការ​មក​យឺត ឬ​អវត្តមាន។ យ៉ាងណាមិញ មនុស្សមួយចំនួនត្រូវគេធ្វើបាបព្រោះតែមានរូបរាងស្រស់ស្អាត និង​ទេពកោសល្យ​ពូកែ​ក្នុង​ការងារ។ បន្ទាប់​មក​នេះ ខ្ញុំ​នឹង​លើក​យក​ទម្រង់​ធ្វើ​បាប​មួយចំនួន​នៅ​កន្លែង​ធ្វើ​ការ។

• ត្រូវគ្រប់គ្នាព្រងើយកន្តើយ។
• រងការវាយប្រហារដោយអំពើហិង្សា សម្តីអសុរោះ និយាយអាក្រក់នៅពីក្រោយខ្នង ឬការគំរាមកំហែង។
• ត្រូវបង្ខំឲ្យធ្វើការងារច្រើន ឬការងារដែលមិនពាក់ព័ន្ធ។
• មិនអាចចូលរួមគម្រោង ឬការងារដែលសំខាន់ៗ។
• ទទួលការរារាំង ឬត្រូវទម្លាក់កំហុសចំពោះការខ្វះខាតនៅកន្លែងធ្វើការ។

ទង្វើទាំងនេះពិតជាអាក្រក់ណាស់ មិនត្រឹមតែធ្វើឲ្យខូតខាតដល់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានការ​ខាត​បង់​យ៉ាង​ច្រើន​ដល់​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ។

បើ​ប្រៀបនឹងកាលនៅជាសិស្ស អ្វីដែលធ្វើឲ្យមនុស្សកាន់តែមាន​អារម្មណ៍​ភ័យ​ខ្លាច​ នោះគឺពេលដែលពេញវ័យ។ នៅសាលាបើសិនជាអត់ធ្មត់រយៈពេល ១ ឆ្នាំនឹងអាចប្តូរថ្នាក់រៀន ឬយ៉ាងហោចណាស់ ៣ ឆ្នាំសម្រាប់សិស្សម្នាក់បញ្ចប់​វិទ្យាល័យ នៅ​ពេល​នោះ​បញ្ហា​រង​ការ​ធ្វើ​បាប​អាច​នឹង​បញ្ចប់។

យ៉ាងណាមិញ នៅពេលដែលពេញវ័យ បញ្ហាទទួលរងការធ្វើបាបអូសបន្លាយ​គ្មាន​ទី​បញ្ចប់។ ជាងនេះទៅទៀត ប្រសិន​បើ​ការ​ងារ​មិន​ដំណើរ​ការដូចការរំពឹងទុក នោះវានឹងក្លាយទៅជារយៈពេលដ៏អាក្រក់ និងហត់នឿយ ដែលប៉ះពាល់​ផ្ទាល់​ដល់​ជីវិត និង​ស្មារតី​របស់​អ្នក។

ថ្វីត្បិតតែ ដាក់ពាក្យ​ស្លោក​ “ហាមការធ្វើបាប” ជារឿងដែលងាយស្រួលណាស់ ប៉ុន្តែជាក់ស្តែងបញ្ហានេះមិនដែលបាត់ឡើយ។ ដូច្នេះហើយ យើងត្រូវប្រុងប្រយ័ត្នស្វែងរកវិធី​ដោះស្រាយ​បញ្ហា​នេះ ដើម្បីកុំឲ្យខ្លួនធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់។

បង្ហាញទស្សនៈផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់

មិនថាអ្នកជាសិស្ស ឬបុគ្គលដែលពេញវ័យ អ្នកដែលមិនអាចបង្ហាញច្បាស់ទស្សនៈផ្ទាល់ខ្លួន តែងតែក្លាយទៅជា​គោល​ដៅ​នៃ​ការ​ធ្វើ​បាប។ ការ​ដែល​បង្ហាញ​ថា អ្នកមិនចូលចិត្តអ្វីមួយគឺសំខាន់ខ្លាំងណាស់។

តើ​អ្វី​ដែល​សំខាន់​បំផុត?

ក្រុមហ៊ុនមិនមែនជាកន្លែងបង្កើតទំនាក់ទំនងមិត្តភាពនោះទេ។ “គ្រប់គ្នាធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើត​ផល​ប្រយោជន៍​​ដ៏​​ធំ​បំផុត” នោះទើបជា​បេសកកម្មនៃក្រុមមួយដូចជា​ក្រុមហ៊ុន។

អ្នក​ដែល​ខ្ជះខ្ជាយ​ពេល​វេលាទៅធ្វើបាបអ្នកដទៃប្រហែលជាភ្លេចចំណុចនេះហើយ ពួកគេប្រាកដជាមិនអាចបំពេញ​ការ​ងារ​បាន​ល្អ​នោះ​ទេ។ និយាយឲ្យកាន់តែច្បាស់ ពួកគេគ្រាន់តែកំពុងនាំបញ្ហាដល់ក្រុមហ៊ុនប៉ុណ្ណោះ។

ប្រសិនបើគ្រប់គ្នាមិនទទួលស្គាល់ ឬសូម្បីតែថ្នាក់លើក៏មិនទទួលស្គាល់អ្នក ចូរពិចារណាមូលហេតុ​ ២ ខាងក្រោមនេះ៖

១. ថ្នាក់លើរបស់អ្នកជាមនុស្សមិនឆ្លាតវៃ ហើយមិនចេះវាយតម្លៃបុគ្គលិក។

២. អ្នកមិនមែនជាមនុស្សមានសមត្ថភាពដូចដែលអ្នកគិតនោះទេ។

បើនោះជាមូលហេតុ​ទី ១ អ្នកគួរតែពិចារណារឿងប្តូរការងារ។ នៅក្រុមហ៊ុនផ្សេង អ្នក​អាច​នឹង​ទទួល​បាន​ការ​យកចិត្ត​ទុក​​ដាក់។ ប្រសិន​បើ​អ្នក​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន ហេតុអ្វីមិនព្យាយាមស្វែងរកបរិយាកាសថ្មីដែលស័ក្តិ​សម​ជាង?

ចរិយាសម្បត្តិរបស់បុគ្គលដែលធ្វើបាបអ្នកដទៃទើបអាក្រក់បំផុត។ នេះជាទង្វើដែលមិនអាចទទួលយកបាន មិន​ថា​ពួក​គេ​ជា​នរណា​ក៏​ដោយ។

ទោះជាយ៉ាងនេះក្តី បុគ្គលដែលត្រូវគេធ្វើបាបក៏មានសិទ្ធិសម្រេចរបស់ខ្លួនដែរ។ ប្រសិនបើអ្នកជាមនុស្សមានសមត្ថភាព ហើយ​រួម​ចំណែក​ដល់​ក្រុម​​ហ៊ុន​ច្រើន​ជាង​អ្នក​ដ៏ទៃ នោះអ្នកនឹងមានជម្រើសល្អជាង។

ចូរយើងបន្តឆ្ពោះទៅមុខលើផ្លូវដែលខ្លួនត្រូវដើរ ជាជាងការដែលត្រូវនរណាម្នាក់ឆក់យកស្មារតីដោយសារបញ្ហាធ្វើ​បាប​ឥត​​ប្រយោជន៍។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: