សូមប្រយ័ត្ន អ្នកអាចនឹងត្រូវចាប់ខ្លួនព្រោះតែស្លៀកសម្លៀកបំពាក់ជប៉ុននៅចិន
នៅលើពិភពលោកមានប្រទេសមួយចំនួនមិនចូលចិត្តជប៉ុន ឧទាហរណ៍ដូចជាប្រទេសចិន។
ជាមួយនឹងជម្លោះរវាងអាមេរិក និងចិន ទាក់ទងនឹងបញ្ហាបង្ហូរទឹកសំណល់ដែលកែច្នៃរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលសមុទ្រ។ ទន្ទឹមនឹងនោះ ការមិនពេញចិត្តដោយសារផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យទំនាក់ទំនងរវាងចិន និងជប៉ុនកាន់តែអាក្រក់ទៅៗ។
វីដេអូដែលថតបាននៅឧទ្យានមួយក្នុងប្រទេសចិន នារីម្នាក់ស្លៀកសម្លៀកបំពាក់ស្រដៀងនឹង Kimono ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ហើយផ្ទុះកំហឹងយ៉ាងខ្លាំងក្នុងប្រទេសនេះ។
បុគ្គលិកក្នុងឧទ្យានបានរំលឹកស្រ្តីក្នុងវីដេអូថា៖ “អ្នកមិនអាចស្លៀកសម្លៀកបំពាក់របស់ជប៉ុនបានទេ” ។
ស្រ្តីរូបនោះបានតបវិញថា៖ “នេះមិនមែនជាសម្លៀកបំពាក់ជប៉ុននោះទេ នេះជាសម្លៀកបំពាក់ប្រពៃណីចិន” ។
ចុងក្រោយ ស្ត្រីម្នាក់នេះត្រូវបណ្តេញចេញពីឧទ្យាន។ ថ្វីត្បិតតែ នាងស្លៀកសម្លៀកបំពាក់ប្រពៃណីចិនស្រដៀងនឹង Kimono ជប៉ុនក៏ដោយ ប៉ុន្តែការដែលបុគ្គលិកឧទ្យានមានអាកប្បកិរិយារើសអើងចំពោះសម្លៀកបំពាក់ ពិតជាហួសហេតុណាស់។
ហេតុការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងស្ត្រីម្នាក់ត្រូវប៉ូលីសចិនឃាត់ខ្លួន ព្រោះតែស្លៀក Yukata ពណ៌ផ្កាឈូកស្អាតនៅតាមផ្លូវ។
នាងគ្រាន់តែចង់ថតរូបពេលស្លៀកឈុត Yukata ដែលខ្លួនចូលចិត្ត។ ប៉ុន្តែប៉ូលីសបែរជានិយាយថា៖
“បើសិនជានាងស្លៀកសម្លៀកបំពាក់ចិន ខ្ញុំមិននិយាយអ្វីឡើយ។ ប៉ុន្តែអ្វីដែលនាងកំពុងស្លៀកគឺ Yukata របស់ជប៉ុន។
ក្នុងនាមជាជនជាតិចិន តើនាងគួរតែធ្វើយ៉ាងណា? ចូរចងចាំថា នាងជាជនជាតិចិន” ។ បន្ទាប់ពីស្តីឲ្យនារីនោះ ប៉ូលីសបាននាំនាងទៅកាន់ប៉ុស្តិ៍ប៉ូលីស។
បច្ចុប្បន្នរដ្ឋាភិបាលចិនក៏កំពុងពិចារណាដាក់ចេញច្បាប់ដែលមានខ្លឹមសារដូចខាងក្រោម៖
“ប្រសិនបើអ្នកណាស្លៀកសម្លៀកបំពាក់ដែលប៉ះពាល់ដល់ស្មារតីជាតិចិន ត្រូវចាត់ទុកថាខុសច្បាប់។ ទង្វើនេះអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ថ្ងៃ និងពិន័យរដ្ឋបាលរហូតដល់ ៨០០ ដុល្លារ” ។
Abe Kengo